ប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីចូលរួមសង្កេតការណ៍បោះឆ្នោត
ភ្នំពេញ៖ ឯកឧត្តម ដេស៊ីរ៉េ នីយ៉ារូហ៊ីរីរ៉ា (Désiré NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកកិច្ចការនយោបាយ និងការទូតរបស់អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (Organisation internationale de la Francophonie “OIF”) បានដឹកនាំគណៈប្រតិភូមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារបោះឆ្នោត។
នៅក្នុងជំនួបពិភាក្សាការងារបោះឆ្នោតជាមួយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ដេស៊ីរ៉េ នីយ៉ារូហ៊ីរីរ៉ា បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន គ.ជ.ប ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ OIF ក្នុងខណៈពេលដែល គ.ជ.ប មានការមមាញឹករៀបចំការបោះឆ្នោត។
ឯកឧត្តម បន្តទៀតថា ប្រទេសកម្ពុជា ជាសមាជិកអង្គការ OIF ដ៏សំខាន់មួយដែរ ហើយថាវត្តមានរបស់គណៈប្រតិភូ OIF នៅពេលនេះ ដើម្បីបញ្ជាក់ពីការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា ជាមួយ OIF ឱ្យកាន់តែរឹងមាំ។ បេសកកម្មរបស់ប្រតិភូ OIF នាពេលនេះ គឺមានបំណងជួបជាមួយស្ថាប័នរៀបចំការបោះឆ្នោត គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។
ឯកឧត្តមប្រធានគណៈប្រតិភូបន្ថែមថា នៅពេលបញ្ចប់បេសកកម្ម គណៈប្រតិភូ OIF នឹងចេញជារបាយការណ៍មួយពាក់ព័ន្ធនឹងការបោះឆ្នោត មានទាំងការផ្តល់អនុសាសន៍ និងបង្ហាញពីចំណុចខ្វះខាតដើម្បីឱ្យភាគីកម្ពុជាបំពេញបន្ថែម។ នាពេលនេះ គណៈប្រតិភូ OIF ចង់ដឹងពីដំណើរការនៃការរៀបចំការបោះឆ្នោត។
ជាការឆ្លើយតប ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើង អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាថា នៅឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលរៀបចំ ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “UNTAC”។ បន្ទាប់មកបានអនុម័តរដ្ឋធម្មនុញ្ញមួយសម្រាប់អនុវត្តនៅប្រទេសកម្ពុជា ហើយសភាធម្មនុញ្ញបានក្លាយទៅជាសភាជាតិ រួចក៏បានបង្កើតរដ្ឋាភិបាលស្របច្បាប់ និងបង្កើតច្បាប់ជាច្រើនជាបន្តបន្ទាប់ ដើម្បីដំណើរការនិងគ្រប់គ្រងប្រទេសកម្ពុជា។
ស្ថាប័ន គ.ជ.ប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដើម្បីរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ១៩៩៨ ដែលកម្ពុជារៀបចំការបោះឆ្នោត ដោយខ្លួនឯង និងរៀបចំការបោះឆ្នោតជាបន្តបន្ទាប់មកទៀតរហូតមកដល់បច្ចុប្បន្ន។ គ.ជ.ប បានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ទាំងសកល ទាំងអសកល ចំនួន ១៦លើក ដែលការបោះឆ្នោតសកលមាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយការបោះឆ្នោតអសកលមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
ឯកឧត្តម ប្រាជ្ញ ចន្ទ បន្ថែមទៀតថា នៅឆ្នាំ២០១៥ ការរៀបចំ ការបោះឆ្នោតត្រូវបានរៀបចំកែទម្រង់យ៉ាងស៊ីជម្រៅ ស្ថាប័នរៀបចំការបោះឆ្នោតត្រូវបានចែងនៅ ក្នុងរដ្ឋធម្មនុញ្ញ មានច្បាប់ស្តីពីរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត វិសោធកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ល។ គ.ជ.ប បានរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ផែនការមេ និងប្រតិទិននៃការបោះឆ្នោត ដើម្បីឱ្យគ្រប់ភាគីទាំងអស់អនុវត្ត។
ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ឯកឧត្តម បញ្ជាក់ទៀតថា ពីមុនការចុះឈ្មោះបោះឆ្នោតគឺធ្វើឡើងដោយដៃ បច្ចុប្បន្ន គ.ជ.ប ធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដោយប្រើប្រព័ន្ធកុំព្យូទ័រ ហើយកម្មវិធីជាច្រើនទៀតត្រូវបានធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ដូចជាការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន និងការគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។ល។
ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឯកឧត្តម ប្រាជ្ញ ចន្ទ ថា ការបោះឆ្នោតត្រូវធ្វើតាមប្រព័ន្ធសមាមាត្រ ដោយយករាជធានី ខេត្ត ជាមណ្ឌលបោះឆ្នោត។ អាសនៈក្នុងរដ្ឋសភា មានចំនួន ១២៥ រីឯមណ្ឌលបោះឆ្នោត មានចំនួន ២៥ នៅតាមរាជធានី ខេត្ត។ ឯកឧត្តមបានពន្យល់អំពីដំណាក់កាលនីមួយៗនៃដំណើរការរៀបចំការបោះឆ្នោតរួមមាន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការឃោសនាបោះឆ្នោត និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
ជាមួយគ្នានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនដល់គណៈប្រតិភូ OIF អំពីនីតិវិធីនៃការដាក់ពាក្យបណ្តឹង និងការដោះស្រាយពាក្យបណ្តឹង ការបណ្ដុះបណ្តាលដល់គ្រប់ភាគីពាក់ព័ន្ធ គ្រប់ដំណាក់កាលទាំងអស់ និងការផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោតយ៉ាងទូលំទូលាយ។ ឯកឧត្តមបន្តថា ចំនួនមន្រ្តីបោះឆ្នោត គ.ជ.ប បានធ្វើការជ្រើសរើសបំពេញបន្ថែមទៅតាមដំណាក់កាលនីមួយៗ ដើម្បីបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យា។ ម្យ៉ាងទៀតការងារសន្តិសុខបោះឆ្នោត គ.ជ.ប បានសហការជាមួយស្ថាប័នរាជរដ្ឋាភិបាល រួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ចេញសេចក្តីណែនាំរួម ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការនៃការរៀបចំការបោះឆ្នោត។
ឯកឧត្តមបន្តទៀតថា មកទល់ពេលនេះ គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់អស់ហើយសម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងសម្ភារ ទាំងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យការបោះឆ្នោតសម្រេចបានជោគជ័យ៕