Close

ផែនការអាមេរិកផ្គត់ផ្គង់គ្រាប់បែកចង្កោមឲ្យអ៊ុយក្រែន មាន ១២០ប្រទេសប្រឆាំង

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ផែនការអាមេរិកផ្គត់ផ្គង់គ្រាប់បែកចង្កោមឲ្យអ៊ុយក្រែន មាន ១២០ប្រទេសប្រឆាំង ផែនការអាមេរិកផ្គត់ផ្គង់គ្រាប់បែកចង្កោមឲ្យអ៊ុយក្រែន មាន ១២០ប្រទេសប្រឆាំង

បរទេស ៖ គ្រាប់បែកចង្កោមគឺជាអាវុធដ៏គ្រោះថ្នាក់បំផុត និងអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលដល់ទៅរាប់សិបឆ្នាំទោះបីជាសង្គ្រាមត្រូវបានបញ្ចប់ទៅហើយក្តី។

បច្ចុប្បន្នអាវុធដ៏កាចសាហាវនេះត្រូវបានហាមប្រាមដោយប្រទេសនៅទូទាំងពិភពលោកដល់ទៅ១២០ប្រទេស ប៉ុន្តែទោះបីជាយ៉ាងណាក្តីកាលពីថ្ងៃសុក្រសប្តាហ៍កន្លងមកនេះប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការអនុញ្ញាតឲ្យផ្គត់ផ្គង់អាវុធប្រភេទនេះទៅឲ្យអ៊ុយក្រែនទៅវិញ។

ភ្លាមៗមិនដល់មួយថ្ងៃផងបណ្តាប្រទេសជាច្រើនដែលភាគច្រើនសុទ្ធតែជាសម្ព័ន្ធមិត្តរបស់អាមេរិកផងបានចេញមកប្រឆាំង និងធ្វើការរិះគន់ចំពោះការសម្រេចចិត្តនេះដែលមានទាំងកាណាដាអង់គ្លេសអេស្បាញនិងប្រទេសមហាអំណាចផ្សេងទៀត។

នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានប្រាប់អ្នកកាសែតថា រដ្ឋាភិបាលទីក្រុងឡុងក៏មិនគាំទ្រក្នុងការប្រើប្រាស់គ្រាប់បែកចង្កោមដាច់ខាត ដោយសារតែអង់គ្លេសគឺជាប្រទេសហត្ថលេខីនៃអនុសញ្ញាដែលហាមឃាត់ការផលិត ឬការប្រើប្រាស់គ្រាប់បែកចង្កោម និងរារាំងការប្រើប្រាស់។

យោងតាមអ្នកជំនាញអាវុធបានបញ្ជាក់ថាគ្រាប់បែកចង្កោមដែលអាចបាញ់ចេញពីកាំភ្លើងធំ ១៥៥មីលីម៉ែត្ររបស់អ៊ុយក្រែនដែលផ្គត់ផ្គង់ដោយអង្គការណាតូ ។ វាអាចបាញ់បានឆ្ងាយ និងទីតាំងរាយប៉ាយនៅលើតំបន់យ៉ាងធំទូលាយ ប៉ុន្តែជាធម្មតាគ្រាប់បែកខ្លះមិនផ្ទុះភ្លាមៗឡើយ និងបង្កហានិភ័យធ្ងន់ធ្ងរដល់ជនស៊ីវិលអស់ជាច្រើនឆ្នាំបន្ទាប់ពីការប្រយុទ្ធត្រូវបានបញ្ចប់ក្តី។

គួរឲ្យដឹងដែរថា អនុសញ្ញានៃការហាមឃាត់ក្នុងការប្រើប្រាស់អាវុធប្រភេទនេះត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិតាំងតែពីឆ្នាំ២០០៨មកម្ល៉េះ ប៉ុន្តែក្នុងនោះសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន គឺមិនស្ថិតនៅក្នុងបញ្ជីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះឡើយ៕

អត្ថបទទាក់ទង