តាមរយៈការវិនិយោគ ប្រជាជនក្នុងខេត្តស្វាយរៀងជាង៥ម៉ឺននាក់ទទួលបានការងារធ្វើ
វិនិយោគគិនទាំងក្នុង និងក្រៅស្រុក ដែលចូលមកវិនិយោគក្នុងខេត្តស្វាយរៀងស្ថិតនៅជាប់ព្រំប្រទល់ប្រទេសវៀតណាមជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើតការងារដល់ ប្រជាជនប្រមាណជាជាង ៥ម៉ឺនកន្លែង។
បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀងដែលកំពុងដំណើរការមានចំនួន ៧ ក្នុងនោះមានរោងចក្រសហគ្រាសចំនួន ៩៩ក្រុមហ៊ុន។
លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសដែលមានបណ្តុំទៅដោយឧស្សាហកម្ម រោងចក្រ សហគ្រាសនេះ គឺជាចំណែកដ៏សំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចនៅក្នុងក្រុងបាវិត និងខេត្តស្វាយរៀង ជាពិសេសគឺបានផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុកជាដើម។
លោកបន្តឱ្យដឹងទៀតថា ប្រាក់ខែជាមធ្យមរបស់កម្មករ កម្មការិនីដែលបម្រើការងារក្នុងរោងចក្រគឺ មិនក្រោម ២០០ដុល្លារទេ ហើយប្រសិនបើបូកទាំងថ្លៃអត្ថប្រយោជន៍ផ្សេងៗទៀត ក្នុងម្នាក់អាចទទួលបានប្រាក់ខែចន្លោះពី ៣០០ ទៅ ៤០០ដុល្លារ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងជាខេត្តដែលមានតំបន់សេដ្ឋកិច្ចពិសេសមុនគេ ហើយរហូតមកដល់សព្វថ្ងៃ ខេត្តនេះមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១២កន្លែ។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសដែលដំណើរការមាន ៧កន្លែង ដែលតំបន់សេដ្ឋកិច្ចទាំងនោះរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស មេន ហាត ធេន ស្វាយរៀង, តំបន់សេដ្ឋកិច្ច ពិសេស តាយ សេង បាវិត, តំបន់សេដ្ឋកិច្ចពិសេស ដ្រេហ្គន ឃីង (នាគរាជ), តំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល, តំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត៕