Close

ជោគជ័យនៃការរៀបចំស៉ីហ្គេមឆ្នាំ២០២៣ ជួយផ្សព្វផ្សាយពីកម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ កីឡា ព័ត៌មានជាតិ
ជោគជ័យនៃការរៀបចំស៉ីហ្គេមឆ្នាំ២០២៣ ជួយផ្សព្វផ្សាយពីកម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជោគជ័យនៃការរៀបចំស៉ីហ្គេមឆ្នាំ២០២៣ ជួយផ្សព្វផ្សាយពីកម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញពីសុទិដ្ឋិនិយមថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ នឹងជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលមធ្យម និងវែង។

ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំដ៏វិសេសមួយសម្រាប់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ក្នុងការរៀបចំជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យជាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់។

ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍នេះពិតជាបានចូលរួមយ៉ាងសំខាន់ដល់ការពង្រឹងកិត្យានុភាពរបស់កម្ពុជាក្នុងនាមជា «ប្រទេសតូច បេះដូងធំទូលាយ» ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងជំរុញរំហូរភ្ញៀវទេសចរនៅក្នុងស្រុក និងពីអន្តរជាតិបន្ថែមទៀត។

ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្នុងគោលបំណងលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា តាមរយៈការផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីបង្កើនឧត្ដមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ស្របតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាឱកាសពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ ឆ្នាំ២០២០-២០២១ និងឆមាសទី១ ឆ្នាំ២០២២ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងអង្គសន្និបាតនាថ្ងៃនេះ ក៏នឹងមានការបង្ហាញពីឥទ្ធិពលនៃព្រឹត្តិការណ៍នេះលើការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា «យើងសង្ឃឹមថាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលមធ្យម និងវែង ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា៖ លុយអាចចាយអស់ ប៉ុន្ដែកេរ្ដិ៍ឈ្មោះចាយមិនអស់នោះទេ កេរ្ដិ៍ឈ្មោះដែលកម្ពុជាធ្វើស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទុកបន្សល់ឱ្យកូនចៅយើង រាប់រយឆ្នាំតទៅទៀត»។

លើមូលដ្ឋានវិជ្ជមានទាំងនេះ កម្ពុជាមានសុទិដ្ឋិនិយមថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតដូចមុនវិបត្តិជំងឺកូវីដ-១៩ ពោលគឺប្រមាណ៧លាននាក់នៅក្នុងឆ្នាំ២០២៥ ឬ២០២៦។ ដូចមានចែងក្នុងផែនទីចង្អុលផ្លូវឆ្នាំ២០២៤ គឺជាឆ្នាំគោលនៃដំណាក់កាលទី៣-ការឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (Relaunch) ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរជាងមុន មានភាពប្រកួតប្រជែងខ្លាំងជាងមុន និងមានភាពធន់ខ្ពស់ជាងមុន ដែលទាមទារឱ្យយើងត្រូវរួមគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ, ពិភាក្សា ផ្លាស់ប្ដូរយោបល់គ្នាឱ្យបានផុលផុសពីគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធនៅគ្រប់កម្រិតគ្រប់ថ្នាក់, ផ្នែកឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានទស្សនៈ ក៏ដូចជាធាតុចូលថ្មីៗបន្ថែមទៀតក្នុងការអនុវត្តវិធានការគន្លឹះនានាដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង, និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍កម្ពុជា៕

អត្ថបទទាក់ទង