គម្រោងវិនិយោគថ្មីចំនួន ៣ បោះទុនជាង ២៣ លានដុល្លារនៅខេត្តស្វាយរៀង និងព្រះសីហនុ
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន ៣ កន្លែង ដែលបោះទុនវិនិយោគប្រមាណ ២៣.២ លានដុល្លារក្នុងខេត្តស្វាយរៀង និងព្រះសីហនុ ហើយនឹងបង្កើតការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “LE HOO (CAMBODIA) FURNITURE COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ១៣,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។
២- “XINKAIDA LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអំពូលលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៤១កន្លែង។
៣- “GUANGBO (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១៥០ កន្លែង៕