ព្រឹកនេះ សម្ដេចតេជោអញ្ជើញសំណេះសំណាលជាមួយកម្មកររោងចក្រ ជិត២ម៉ឺននាក់
នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិតសរុបចំនួន ១៩,០០០នាក់។
ក្នុងចំណោមកម្មករ និយោជិតទាំងអស់នេះ មានមកពីរោងចក្រខុសៗ គ្នាដូចជា រោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) មានកម្មករ និយោជិត ១៦,០០០នាក់ រោងចក្រ រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករ និយោជិតចំនួន ១,៥០០នាក់ និងរោងចក្រ ដាគ្វានថេកស្ថាយ ខេមបូឌា (DAQIAN TEXTILE CAMBODIA) មានកម្មករ និយោជិតចំនួន ១,៥០០នាក់។
កិច្ចសំណេះសំណាលនេះផងដែរធ្វើឡើងនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។
តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារអាម៉េរិក មានរោងចក្រ សហគ្រាសសរុប៩៨ កំពុងដំណើរការ។ ក្នុងនោះមកអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០រោងចក្រ ចិន ៣០រោងចក្រ ថៃ ៦រោងចក្រ ម៉ាឡេស៊ី ៤រោងចក្រ សឹង្ហបូរី ៤រោងចក្រ សហរដ្ឋអាមេរិក ៣រោងចក្រ កម្ពុជា ៣រោងចក្រ អូស្ត្រាលី ២រោងចក្រ ហូឡង់ ២រោងចក្រ កូរ៉េខាងត្បួង ១រោងចក្រ ហ្វ៊ីលីពីន ១រោងចក្រ ស៊ុយអែត ១រោងចក្រ និងវៀតណាម ១រោងចក្រ) ប្រើប្រាស់កម្មករនិយោជិតសរុប ៤១,៣៧០នាក់ ទំហំទឹកប្រាក់នាំចេញ បានកើនដល់ ៩៧៧លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២។ នេះបើតាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា រោងចក្រទាំងអស់ បានអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារ មានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ: និងបានផ្តល់ជូននូវអត្ថប្រយោជន៍ជូនកម្មករ និយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២៤៥ដុល្លាអាម៉េរិក ទៅ ៦៩០ដុល្លារអាម៉េរិក។ ក្នុងនោះប្រាក់រង្វាន់ធ្វើការទៀងទាត់ ១៥ដុល្លារអាម៉េរិក ប្រាក់សោហ៊ុយធ្វើដំណើរ ២២ដុល្លារអាម៉េរិក ផ្តល់អាហារថ្ងៃត្រង់មួយពេល និងប្រាក់ឧបត្ថម្ភ ១០ដុល្លារអាម៉េរិក។
ដោយឡែក ផលិតកម្ម និងសេវាកម្មសំខាន់ៗរបស់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះរួមមាន៖ បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ កាត់ដេរសម្លៀកបំពាក់ ផលិតផលអាហារ និងភេសជ្ជៈ សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស) គ្រឿងបង្គុំរថយន្ត សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ផលិតផលធ្វើពីផ្លាស្ទិក ផលិតផលធ្វើពីលោហៈធាតុ ចំណីសត្វ, គ្រឿងសំណង់, បោះពុម្ព, កែច្នៃសំណល់, គ្រឿងសម្អាង, ស្បែកជើង, ផលិតផលធ្វើពីស្បែក ២, ផលិតផលថ្នាំលាបពណ៌ គ្រឿងបន្លាស់រថយន្ត ច្នៃពេជ្រ សេវាកម្មនានា (ធនាគារ ភោជនីយដ្ឋាន) ៕