ក្រុមហ៊ុនចិនមួយគ្រោងបង្កើតតំបន់សេដ្ឋកិច្ចថ្មីលើផ្ទៃដី១០០ ហិកតានៅលើផ្លូវជាតិលេខ ៦ ក្នុងមូលដ្ឋានស្រុកជើងព្រៃ
កំពង់ចាម ៖ ក្រុមហ៊ុនចិនមួយគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ច ពិសេសថ្មីមួយទៀត ដែលមាន ឈ្មោះ «ជាំងស៊ូ» នៅលើផ្ទៃដី ១០០ ហិកតា នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលអាចនឹងស្រូបទាញកម្លាំងពលកម្មប្រមាណ ៥ ម៉ឺននាក់នាពេលខាងមុខ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បេក្ខភាពអានាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា ថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាពុទ្ធាភិសេក និងសម្ពោធដាក់ឱ្យប្រើប្រាស់ នូវសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ ហៅវត្តចាស់ ក្នុងស្រុកកងមាសថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថាការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅទីតាំងខាងលើនេះ ធ្វើឡើងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី។
ឯកឧត្តមបន្តថា បច្ចុប្បន្ន គម្រោងពង្រីកផ្លូវជាតិលេខ៧ បាន និងកំពុងដំណើរការ ប៉ុន្តែនៅពេលខាងមុខរាជរដ្ឋាភិបាល គ្រោងនឹងបង្កើតតំបន់ សេដ្ឋកិច្ចពិសេស «ជាំងស៊ូ» នៅផ្លូវជាតិលេខ៦ ក្នុងស្រុកជើងព្រៃ ក៏នឹងបង្កើតនូវឱកាសឧស្សាហកម្មរោងចក្រ សហគ្រាសផ្សេងៗ។
ឯកឧត្តមបន្ថែមថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងនាំឱ្យមានបង្កើតរោងចក្រកាត់ដេរ ដែលមានគុណភាពកម្រិតខ្ពស់ រោងចក្រដំឡើងរថយន្ត រោងចក្រផលិតអគ្គិសនី រោងចក្រផ្សេងៗ ជាច្រើនទៀត ដែលអាចស្រូបយកកម្លាំងពលកម្មប្រមាណ៥ ម៉ឺននាក់ ជាពិសេសស្រូបយកអ្នកខេត្តកំពង់ចាមនេះ ច្រើនជាងគេ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងកម្មវិធីគម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ កាលពីពេលកន្លងទៅបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាអនុម័តរួចរាល់ហើយ ដែលនឹងត្រូវចាប់ផ្តើមសាងសង់នៅពេលឆាប់ៗនេះ បន្ទាប់ពីការសិក្សាលម្អិតទៅលើផែនការអភិវឌ្ឍន៍។
ឯកឧត្តមថ្លែងថា៖ «ខ្ញុំបានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ ដែលតំបន់សេដ្ឋកិច្ចពិសេសនេះនឹងត្រូវសាងសង់លើផ្ទៃដី ១០០ ហិកតា នាពេលខាងមុខនេះ ដោយសារតែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងវិនិយោគនេះ រួចរាល់ហើយ»។
បើតាមឯកឧត្តម អ៊ុន ចាន់ដា តំបន់សេដ្ឋកិច្ចពិសេសនេះនឹងស្រូបទាញការវិនិយោគលើវិស័យរោងចក្រ វាយនភណ្ឌមកកាន់ខេត្តកំពង់ចាមកាន់តែច្រើនថែមទៀត។ មិនត្រឹមតែចូលរួមចំណែក ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសយើងទាំងមូលនោះទេ ប៉ុន្តែវាថែមទាំងបង្កើនសេដ្ឋកិច្ចខេត្ត ពិសេសសេដ្ឋកិច្ចបងប្អូនប្រជាពលរដ្ឋ៕