ប៉ង់តាហ្គោន កំពុងរង់ចាំការអនុញ្ញាតដើម្បីបញ្ជូននាវាមុជទឹកទៅឲ្យអូស្ត្រាលី
បរទេស ៖ ក្រសួងការពារជាតិអាមេរិកបានដាក់សំណើសុំទៅកាន់សភាជាតិរួចរាល់ហើយដើម្បីសុំការអនុញ្ញាតក្នុងការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាច្រើនគ្រឿងទៅកាន់ប្រទេសអូស្ត្រាលីដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងត្រីភាគី AUKUS នាពេលកន្លងមក។
សំណើច្បាប់ចំនួន៣ត្រូវបានបញ្ជូនរួចរាល់តាំងតែពីថ្ងៃទី២ ខែឧសភា ដើម្បីអាចផ្តល់ភ្លើងខៀវក្នុងការបញ្ជូននាវាមុជទឹកប្រភេទ Virginia-class ចំនួន២គ្រឿងទៅឲ្យរដ្ឋាភិបាលអូស្ត្រាលីព្រមទាំងការអនុញ្ញាតហ្វឹកហាត់ជូនកងយោធាអូស្ត្រាលីចំពោះការប្រើប្រាស់នាវា និងអនុញ្ញាតឲ្យរដ្ឋាភិបាលអូស្ត្រាលីក្នុងការវិនិយោគលើឧស្សាហកម្មផលិតនាវាមុជទឹកអាមេរិកផងដែរ។
មន្ត្រីជាន់ខ្ពស់មួយរូបរបស់អាមេរិកបានថ្លែងថា៖ សំណើនីតិបញ្ញត្តិរបស់ក្រសួងការពារជាតិ គឺជាឧទាហរណ៍ចុងក្រោយបង្អស់ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី លោក Joe Biden ក្នុងការបំពេញកិច្ចការងារស្របតាមកិច្ចព្រមព្រៀងត្រីភាគី AUKUS ។
គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងត្រីភាគី AUKUS បានកំណត់ថា អូស្ត្រាលីនឹងត្រូវបញ្ជាទិញនាវាមុជទឹកថ្នាក់ Virginia-class យ៉ាងតិច៣គ្រឿង និងច្រើនរហូតដល់ ៥គ្រឿងនៅត្រឹមឆ្នាំ២០៣០ ជាផ្នែកនៃកិច្ចព្រមព្រៀងដំណាក់កាលទី២ និងផ្តល់ពេលវេលាសម្រាប់សភាយ៉ាងហោចណាស់មួយទសវត្សរ៍ក្នុងការអនុញ្ញាតកិច្ចព្រមព្រៀងទិញលក់នេះ។
ក្រៅតែពីកុងត្រាទិញលក់នាវាមុជទឹក និងការផ្តល់សិទ្ធិហ្វឹកហាត់ជូនយោធាអូស្ត្រាលីហើយនោះ មន្ទីរប៉ង់តាហ្គោនក៏នឹងត្រូវផ្តល់សិទ្ធិឲ្យអូស្ត្រាលីក្នុងការវិនិយោគជាមួយនឹងឧស្សាហកម្មផលិតនាវាមុជទឹករបស់អាមេរិកផងដែរ ប៉ុន្តែមកដល់ពេលនេះកញ្ចប់វិនិយោគដែលរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ឲ្យនោះគឺមិនត្រូវបានបង្ហាញនៅឡើយទេ៕