ភាពរីកចម្រើននៃប្រព័ន្ធភស្ដុភារកម្ម នឹងជួយគាំទ្រផែនការអភិវឌ្ឍន៍វិស័យកសិកម្ម កម្ពុជា-ចិន ឱ្យមានភាពគ្រប់ជ្រុងជ្រោយ
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ភាពរីកចម្រើននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធភស្ដុភារកម្ម នៅប្រទេសកម្ពុជា នឹងអាចជួយគាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍន៍វិស័យកសិកម្ម កម្ពុជា-ចិន ឱ្យមានភាពគ្រប់ជ្រុងជ្រោយ។
ការបញ្ជាក់ដូច្នេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អំឡុងពេល ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ស្ដីពីគម្រោងការងារផែនការអភិវឌ្ឍន៍វិស័យកសិកម្ម កម្ពុជា-ចិន។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងថា ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍលើគ្របវិស័យនៅព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងដោយឡែកវិស័យសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងរីកចំរើនគួរឱ្យកត់សម្គាល់។
ទន្ទឹមនេះ ក្រសួងបានបញ្ជាក់ថា គណៈប្រតិភូបានវាយតម្លៃខ្ពស់អំពីសមិទ្ធផល នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធភស្ដុភារកម្ម នៅប្រទេសកម្ពុជារួមមានផ្លូវគោក ផ្លូវទឹក ផ្លូវដែក កំពង់ផែ ភស្ដុភារកម្ម ដែលជាមូលដ្ឋានអាចជួយគាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍន៍វិស័យកសិកម្ម កម្ពុជា-ចិន ឱ្យមានភាពគ្រប់ជ្រុងជ្រោយ។
គណៈប្រតិភូក៏បានថ្លែងការកោតសរសើរអំពីការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើលទ្ធផលនៃការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម ២០២២-២០៣០ ដែលគ្រោងនឹងបញ្ចប់ និងអនុម័តនាពេលដ៏ខ្លីមុខនេះ។
ក្រុមការងារជំនាញ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្វាគមន៍ និងបន្តត្រៀមសហការ ជាមួយប្រតិភូចិន ដើម្បីផ្តល់ទិន្នន័យព័ត៏មានចាំបាច់ប្រសិនបើមានសំណូមពរ៕