កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញម្រេចទៅកាន់ប្រទេសចិន
ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន នេះមានន័យថាម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។
ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែងត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។
ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។
ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕