ប្រធានមន្ទីរកសិកម្មកំពង់ធំ៖ យើងមានសក្កានុពលដាំដុះរួចហើយ ជំរុញតែរោងចក្រកែច្នៃបន្ថែម កម្ពុជានឹងអាចក្លាយជាអធិរាជនាំចេញស្វាយចន្ទី
(កំពង់ធំ)៖ ផ្អែកទៅតាមប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីកាលពីពេលកន្លងទៅ សម្ដេចចង់ឲ្យ ប្រទេសកម្ពុជាក្លាយជាអធិរាជនាំចេញស្វាយចន្ទី។ ការជំរុញរបស់សម្ដេចតេជោកាលពីពេលនោះគឺ ដោយឃើញថាកម្ពុជាមានផ្ទៃដីដាំដុះច្រើនហើយ អ្វីដែលត្រូវការបន្ថែមគឺការកែច្នៃ។
ខេត្តកំពង់ធំឯណោះវិញ គឺជាខេត្តដែលមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ បើធៀបជាមួយ ខេត្តផ្សេងៗនៅទូទាំងប្រទេស។ បច្ចុប្បន្ន បើគិតតែផ្ទៃដីដាំដុះក្នុងខេត្តកំពង់ធំតែឯកឯង គឺមានប្រមាណជា ១៥ម៉ឺនហិកតា ដោយរាប់បញ្ចូលទាំងផ្ទៃដីខ្លះដែលកំពុងដាំដុះ និងខ្លះទៀតដែលកំពុងប្រមូលផល។
ក្នុងចំណោមផ្ទៃដីដាដុះសរុប ខេត្តកំពង់ធំមានផ្ទៃដីប្រមូលផលប្រមាណជា ១០ម៉ឺនហិកតា ហើយដែលអាចមានលទ្ធភាពទទួលបានទិន្នផលជាមធ្យម ១៣ម៉ឺន ទៅ១៥ម៉ឺនតោនក្នុងមួយឆ្នាំ។ នេះបើតាមការរៀបរាប់របស់ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ។
តាមរយៈផ្ទៃដីដាំដុះស្វាយចន្ទីដ៏ច្រើននេះ លោក ប៉ែន វណ្ណរិទ្ធ បង្ហាញជំនឿជឿជាក់ថា កម្ពុជាអាច ក្លាយជាអធិរាជនាំចេញស្វាយចន្ទី ស្របទៅនឹងអ្វីដែលសម្ដេចបានលើកឡើង។
លោក ប៉ែន វណ្ណរិទ្ធ៖ «ខ្ញុំជឿថាអាចធ្វើបាន ដោយសារតែយើងមានផ្ទៃដី ហើយយើងមានសក្កានុពលបានដាំដុះរួចហើយ នៅតែយើងជំរុញរោងចក្រមកដល់ថែមទៀត ហើយរកទីផ្សារនៅខាងក្រៅបានគឺនាំចេញបានហើយ»។
លោកបានបន្តឲ្យដឹងថា បច្ចុប្បន្ននេះកសិករដែលដាំដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំបានប្រមូលផលតាមរយៈរូបភាព២ ដែលទី១គឺប្រមូលផលភ្លាម លក់ស្វាយចន្ទីស្រស់ទៅឲ្យឈ្មួញកណ្ដាលភ្លាម និងទី២គឺសម្រាប់ កសិករដែលមានដើមទុនច្រើន ពួកគេនឹងរក្សាទុក សម្ងួតគ្រាប់ស្វាយចន្ទីឲ្យស្ងួត សម្រាប់លក់ចេញនៅ ក្រោយរដូវកាលប្រមូលផល។ ការធ្វើបែបនេះ ថ្វីត្បិតថាយូរប៉ុន្តែពួកគេអាចលក់ចេញបានក្នុងតម្លៃខ្ពស់ ជាងរដូវកាលប្រមូលផល។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ផលិតផលកែច្នៃ នៅតែអាចលក់បានក្នុងតម្លៃខ្ពស់ជាង។
លោកបន្តថា ស្វាយចន្ទីដែលប្រមូលផលមកបានស្ទើរតែទាំងស្រុងទៅហើយដែលនឹងត្រូវនាំចេញ ទៅទីផ្សារក្រៅប្រទេស ក៏ប៉ុន្តែការនាំចេញនោះគឺប្រព្រឹត្តិទៅជាលក្ខណៈវត្ថុធាតុដើមពោលគឺមិនសូវមានការកែច្នៃសម្រាប់នាំចេញនោះទេ។
ផ្អែកលើមូលហេតុនេះ ក្រសួងជំនាញផ្ទាល់បាន និងកំពុងខិតខំស្វះស្វែងរកអ្នកវិនិយោគពីក្រៅប្រទេស ឲ្យមកដាក់ទីតាំងរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជា។ ហើយប្រសិនបើការខិតខំនេះទទួលបានជោគ ជ័យ ប្រជាកសិករខ្មែរនឹងមានទីផ្សារច្រើនជាងមុន ព្រមទាំងអាចលក់បានក្នុងតម្លៃខ្ពស់ផងដែរ។
ប៉ុន្តែយ៉ាងណា សម្រាប់ពេលនេះ ក្នុងនាមជាមន្ទីរជំនាញ លោក ប៉ែន វណ្ណរិទ្ធ បានដឹកនាំក្រុមការងារ ចុះណែនាំ ពន្យល់ដល់កសិករនូវបច្ចេកទេសក្នុងការប្រើប្រាស់ពូជ ការស្វែងរកទីផ្សារ បច្ចេកទេសថ្មីៗ ជាពិសេសគឺការរើសពូជដែលធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ។ លោកជឿថា សកម្មភាពទាំងនេះនឹងអាចទាក់ទាញវិនិយោគិនឲ្យចូលមក ហើយប្រជាកសិករខ្លួនឯងក៏បានត្រៀមលក្ខណៈរួចរាល់សម្រាប់ការដាំដុះបែបថ្មី៕