ADB បន្តជួយប្រទេសជាសមាជិកក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក
ទីក្រុងម៉ានីល ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈធនធានរបស់ខ្លួន បានជួយប្រទេសសមាជិកកំពុងអភិវឌ្ឍ (DMCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីចៀសចេញពីផលប៉ះពាល់ភ្លាមៗនៃវិបត្តិសេដ្ឋកិច្ចនានា ហើយពង្រឹងភាពធន់យូរអង្វែងរបស់ប្រទេសដោយផ្តោតលើវិស័យសំខាន់ៗ ដូចជា ការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង។
ជាក់ស្តែង ADB បានសម្រេចផ្តល់ប្រាក់ចំនួន ២០,៥ ពាន់លានដុល្លារពីធនធានរបស់ខ្លួនក្នុងឆ្នាំ ២០២២ ដើម្បីជួយតំបន់អាស៊ី និងប៉ាស៊ីហ្វិក បន្តងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ ទោះបីជាមានលេចឡើងវិបត្តិសេដ្ឋកិច្ច និងវិបត្តិថ្មីៗយ៉ាងណាក្តី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
លទ្ធផលហិរញ្ញវត្ថុ និង ប្រតិបត្តិការត្រូវបានចេញផ្សាយនៅថ្ងៃនេះនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ ADB។ របាយការណ៍នេះសង្ខេបរបៀបដែល ADB ផ្សារភ្ជាប់ហិរញ្ញវត្ថុ និងចំណេះដឹង និងបង្កើនភាពជាដៃគូ ដើម្បីជួយតំបន់នេះទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលកាន់តែពិបាកដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន វិបត្តិស្បៀងអាហារកាន់តែធំធេង និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនានា។
ប្រធាន ADB លោក Masatsugu Asakawa មានប្រសាសន៍ថា «ការគាំទ្ររបស់យើងក្នុងឆ្នាំ ២០២២ បានជួយប្រទេសសមាជិកកំពុងអភិវឌ្ឍ (DMCs) របស់យើងដើម្បីចៀសចេញពីផលប៉ះពាល់ភ្លាមៗនៃវិបត្តិទាំងនេះ ហើយពង្រឹងភាពធន់យូរអង្វែងរបស់ប្រទេសដោយផ្តោតលើវិស័យសំខាន់ៗ ដូចជា ការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង។»
ទឹកប្រាក់ចំនួន ២០,៥ ពាន់លានដុល្លារ រួមមានប្រាក់កម្ចី និងការធានា ប្រាក់ជំនួយ ការវិនិយោគទុន និងជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និង វិស័យឯកជន។ ADB បាន ប្រមូល ថវិកា បន្ថែម ១១,៤ ពាន់ លាន ដុល្លារជា សហហិរញ្ញប្បទាន។
ADB បានសម្រេចផ្តល់ហិរញ្ញប្បទានចំនួន ៦,៧ ពាន់លានដុល្លារសម្រាប់ការកាត់បន្ថយផលប៉ះពាល់ និងការបន្សាំនឹងអាកាសធាតុក្នុងឆ្នាំ ២០២២ ដែលជាវឌ្ឍនភាពឆ្ពោះទៅរកមហិច្ឆតារបស់ខ្លួន ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន ១០០ ពាន់លានដុល្លារ ក្នុងកំឡុងឆ្នាំ ២០១៩-២០៣០។
ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារដែលកាន់តែធ្ងន់ធ្ងរក្នុងតំបន់ ADB បានផ្តល់ប្រាក់ចំនួន ៣,៧ ពាន់លានដុល្លារ ក្រោមកម្មវិធីសន្តិសុខស្បៀងចំនួន ១៤ ពាន់លានដុល្លាររបស់ខ្លួន ដោយផ្តល់ជំនួយស្បៀងអាហារសំខាន់ៗសម្រាប់ប្រជាជនដែលត្រូវការជំនួយបំផុត និងពង្រឹងប្រព័ន្ធផលិតកម្មស្បៀង។
ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ADB បានផ្តល់ហិរញ្ញប្បទានសម្រាប់កំណែទម្រង់ ស្ថាប័ន ពង្រឹងការផ្តល់សេវាសាធារណៈ និង កំណើនក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ។ ការសម្រេចផ្តល់ហិរញ្ញប្បទានចំនួន ៣,៩ ពាន់លានដុល្លាររបស់ ADB ដល់វិស័យឯកជន រួមមានការគាំទ្រសន្ធនីយភាពមូលដ្ឋាន ដល់សហគ្រាសដែលកំពុងប្រឈមនឹងបរិយាកាសធុរកិច្ចដ៏លំបាក។
ទន្ទឹមនឹងនេះ ADB បានធ្វើការវិនិយោគយ៉ាងទូលំទូលាយលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ គុណភាព ក៏ដូចជាវិស័យអប់រំ សុខាភិបាល និងវិស័យសង្គមផ្សេងទៀត ដែលរួមចំណែកដល់ការកសាង ភាពធន់ទូទៅនៃសេដ្ឋកិច្ច។
ការលើកកម្ពស់សមភាពយេនឌ័រនៅតែជាអាទិភាពក្នុងការងាររបស់ ADB ដោយ ៩៧% នៃប្រតិ បត្តិការរបស់ADBក្នុងឆ្នាំ ២០២២ បានចូលរួមចំណែកក្នុងផ្នែកនេះ។ ប្រតិបត្តិការទាំងនោះរួមមានការផ្តួច ផ្តើមគំនិតដើម្បីកែលម្អលទ្ធភាពទទួលបានការងារប្រកបដោយគុណភាពរបស់ស្ត្រី ជំរុញភាពជាសហគ្រិន របស់ស្ត្រី និង កសាងភាពធន់របស់ស្ត្រីទៅនឹងការប្រែប្រួលអាកាសធាតុ។
របាយការណ៍ប្រចាំឆ្នាំ ២០២២ ផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែល ADB កំពុងវិវឌ្ឍ ដើម្បីឆ្លើយ តបនឹងតម្រូវការដែលប្រែប្រួល និង ស្មុគស្មាញ នៃប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់ខ្លួន។ ទាំងនោះរួម បញ្ចូលវិធានការដើម្បីទទួលបានធនធានកាន់តែច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍក្នុងតំបន់ តាមរយៈការ ត្រួត ពិនិត្យជាបន្ត នៃក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃដើមទុន ក៏ដូចជាកំណែទម្រង់ស្ថាប័ន ជា រចនា សម្ព័ន្ធនិង មិនមែនរចនាសម្ព័ន្ធ របស់ADB ដោយប្រើគំរូប្រតិបត្តិការថ្មី។
លោក Asakawa មានប្រសាសន៍ថា «ខ្ញុំមានទំនុកចិត្តថា កំណែទម្រង់ទាំងនេះនឹងធានាថា ADB ផ្តល់នូវផលជះកាន់តែខ្លាំងនៅក្នុងតំបន់ រួមទាំងតាមរយៈការពង្រីកការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ការកៀរគរការវិនិយោគពីវិស័យឯកជនកាន់តែច្រើន និងការផ្តល់នូវដំណោះស្រាយអភិវឌ្ឍន៍ទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។»
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕