ក្រោយដកសិទ្ធិធ្វើជាម្ចាស់ផ្ទះ U-20 World Cup ពេលនេះ ឥណ្ឌូណេស៊ី ដាក់គោលដៅយកមេដាយមាសឲ្យបាននៅស៊ីហ្គេម ២០២៣
បន្ទាប់ពីដកសិទ្ធិធ្វើជាម្ចាស់ផ្ទះ U-20 World Cup ពេលនេះ ឥណ្ឌូណេស៊ី បានបោះទុនជាច្រើនសម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ដើម្បីធ្វើយ៉ាងណាយកឲ្យបាននូវមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមកាសែត vietnam post។
ជាការពិត គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី លោក Indra Sjafti និងកីឡាកររបស់លោកកាលពីពេលថ្មីៗនេះទទួលបានការចាប់អារម្មណ៍គ្រប់មជ្ឈដ្ឋានក្នុងសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) និងរដ្ឋ ដោយបានវិនិយោគយ៉ាងច្រើនលើក្រុម U-22 នេះ ដើម្បីធ្វើយ៉ាងណាគ្រងតំណែងជើងឯកនៅកម្ពុជា។
មែនទែនទៅ U-22 ឥណ្ឌូណេស៊ី មានការប្រកួតមិត្តភាពចំនួន ៤ប្រកួត ក្នុងនោះប្រកួតបាន៣ប្រកួតរួចរាល់ហើយ និងនៅសល់មួយប្រកួតចុងក្រោយ ដែលនឹងលេងនៅថ្ងៃទី១៩ ខែមេសានេះ មុននឹងចូលរួមប្រកួតប្រជែងនៅស៊ីហ្គេមនៅកម្ពុជា។
គួររំលឹកថា នៅស៊ីហ្គេមឆ្នាំ ២០២២ នៅប្រទេសវៀតណាម លោក Shin Tae-yong បាននាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងទទួលបានចំណាត់ថ្នាក់លេខ ៣៕