ប្រធានក្លិបបឹងកេត ៖ Cambodia Airway ជាស្តាតដែលធ្វើចេញពីបេះដូង មិនអាចវាយកម្ទេចចោលនោះទេ
លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បាននិយាយទាំងក្ដុកក្ដួលថា កីឡាដ្ឋាន Cambodia Airway ជាស្តាតដែលលោកស្រី និងស្វាមីធ្វើចេញពីបេះដូង ដូច្នេះបើវាយកម្ទេចចោល លោកស្រីធ្វើមិនកើតទេ ខណៈកីឡដ្ឋាននេះសាងសង់អស់តម្លៃប្រមាណ ២លានដុល្លារ។
ជាការពិតណាស់ ក្លិបបាល់ទាត់បឹងកេត បានប្រកាសជាផ្លូវការណ៍ថា កីឡដ្ឋាន Cambodia Airway Stadium ត្រៀមរុះរើចេញហើយ ហើយជំនួបទល់នឹងខេត្តកោះកុង ក្នុងពានរង្វាន់លីគខាប់នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ជាការប្រកួតចុងក្រោយរបស់បឹងកេត ដែលធ្វើឡើងនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ បឹងស្នោមួយនេះ។ បើតាមការបញ្ជាក់របស់ប្រធានក្លិប ការរុះរើនេះ ដោយសារតែម្ចាស់ដីទាមទារតម្លៃជួលគុណនឹង២ ដែលក្លិបគ្មានលទ្ធភាពដើម្បីផ្តល់ជូន ដូច្នេះទើបសម្រេចចិត្តចាកចេញទាំងសោកស្ដាយ។
លោកស្រី ពុធ ធីតា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ស្តាត Cambodia Airway នឹងត្រូវរុះរើចេញវិញបន្ទាប់ពីប្រើប្រាស់បានរយៈពេល២ឆ្នាំ។ មូលហេតុដោយសារម្ចាស់ដីទាមទារឡើងថ្លៃមួយគុណនឹង២ ធៀបនឹងតម្លៃចាស់ ដែលក្លិបមិនអាចទ្រាំទ្របាន ដូច្នេះត្រូវបង្ខំចិត្តស្វែងរកទីតាំងថ្មី។
លោកស្រីបានបន្តថា ៖«ក្នុងលក្ខខណ្ឌបើយើងចាកចេញ ម្ចាស់ដីឲ្យវាយកម្ទេចចោល មិនចឹងទេគឺទុកកីឡដ្ឋាន ខ្ញុំពីរនាក់ប្តីប្រពន្ធមិនអាចវាយកម្ទេចចោលបានទេ វាជាស្តាតដែលយើងធ្វើចេញពីបេះដូង យើងធ្វើមិនកើតទេ គឺប្រគល់ឲ្យគេទាំងអស់ ចេញតែខ្លួនទៅបានហើយ»។
ប្រធានក្លិបរូបនេះ បានបញ្ជាក់បន្ថែមថា ក្លិបកំពុងពិភាក្សាជួលពហុកីឡដ្ឋានជាតិអូឡាំពិកប្រើប្រាស់មួយរដូវកាលសិន ទម្រាំដោះស្រាយ និងរកទីតាំងជាក់លាក់ សម្រាប់សាងសង់កីឡដ្ឋានថ្មី ណាមួយលោកស្រីមិនទាន់បង្ខំសាងសង់លឿនពេកទេ ព្រោះខ្លាចជួបបញ្ហាដូចមុន៕