Close

លោក Trump ថានឹងពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់អំពីការលក់អាវុធ តែចិនប្រឆំាងដាច់ខាត

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump ថានឹងពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់អំពីការលក់អាវុធ តែចិនប្រឆំាងដាច់ខាត លោក Trump ថានឹងពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់អំពីការលក់អាវុធ តែចិនប្រឆំាងដាច់ខាត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងពិភាក្សាជាមួយមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te អំពីការលក់អាវុធដែលអាចកើតមានទៅកាន់កោះតៃវ៉ាន់ ដែលត្រូវបានគេចាត់ទុកថា ជាការបំបែកយ៉ាងខ្លាំងពីប្រពៃណីការទូតរបស់សហរដ្ឋអាមេរិក។

មេដឹកនាំសហរដ្ឋអាមេរិក និងតៃវ៉ាន់ មិនបានទាក់ទងគ្នាដោយផ្ទាល់ ចាប់តាំងពីឆ្នាំ១៩៧៩ នៅពេលទីក្រុងវ៉ាស៊ីនតោន បានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ដើម្បីទទួលស្គាល់រដ្ឋាភិបាលចិននៅទីក្រុងប៉េកាំង។

ប្រទេសចិនអះអាងថា កោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនបានបដិសេធលទ្ធភាពប្រើកម្លាំងដើម្បីគ្រប់គ្រងកោះនេះឡើយ។ សហរដ្ឋអាមេរិក បានគាំទ្រតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងជាយូរមកហើយ ហើយត្រូវបានចងក្រងដោយច្បាប់ឱ្យផ្តល់មធ្យោបាយការពារខ្លួនដល់តៃវ៉ាន់ ប៉ុន្តែក៏រក្សាតុល្យភាពជាមួយទំនាក់ទំនងការទូតរវាងខ្លួន និងចិនផងដែរ។

កាលពីឆ្នាំ២០១៦ ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត លោក Trump បានទទួលទូរស័ព្ទពីមេដឹកនាំតៃវ៉ាន់នៅពេលនោះ គឺលោកស្រី Tsai Ing-wen ដែលបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ។

លោក Trump ថានឹងពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់អំពីការលក់អាវុធ តែចិនប្រឆំាងដាចខាត

លោក Lai ដែលចូលកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០២៤ គឺជាអ្នកជំរុញដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពការពាររបស់តៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅពេលត្រូវបានសួរកាលពីថ្ងៃពុធថា តើលោកមានគម្រោងពិភាក្សាជាមួយលោក Lai មុនធ្វើសេចក្តីសម្រេចអំពីការលក់អាវុធឱ្យតៃវ៉ាន់ដែរឬទេ លោក Trump បានឆ្លើយថា៖ «ខ្ញុំនឹងនិយាយជាមួយគាត់។ ខ្ញុំនិយាយជាមួយមនុស្សគ្រប់គ្នា… យើងនឹងដោះស្រាយបញ្ហាតៃវ៉ាន់នេះ»។

លោក Trump ក៏បានសរសើរទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីចិន លោក Xi Jinping ថា «អស្ចារ្យ» បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃនៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន។

នៅពេលត្រូវបានសួរអំពីការពិភាក្សាដែលអាចកើតមានរវាងលោក Trump និងលោក Lai អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចិន «ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការទាក់ទងផ្លូវការរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់» ក៏ដូចជាការលក់អាវុធរបស់អាមេរិកទៅឱ្យតៃវ៉ាន់។

អ្នកនាំពាក្យរូបនោះបានបន្ថែមថា ចិនជំរុញឱ្យសហរដ្ឋអាមេរិក «បញ្ឈប់ការផ្ញើសញ្ញាខុសទៅកាន់កម្លាំងបំបែកខ្លួននៅតៃវ៉ាន់»។

នៅឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានអនុម័តច្បាប់ទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) ដែលចែងថា សហរដ្ឋអាមេរិកអាច «ផ្តល់អាវុធដែលមានលក្ខណៈការពារ» ដល់តៃវ៉ាន់ ដែលជាមូលហេតុធ្វើឱ្យអាមេរិកបន្តលក់អាវុធទៅឱ្យកោះនេះ។

លោក Trump បាននិយាយថា លោកមិនទាន់សម្រេចចិត្តថា តើកញ្ចប់លក់អាវុធតម្លៃ ១៤ពាន់លានដុល្លារ ដែលមានរួមទាំងឧបករណ៍ប្រឆាំងយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធមីស៊ីលការពារដែនអាកាស នឹងបន្តឬអត់នោះទេ។

យោងតាមកាសែត Financial Times ទីក្រុងប៉េកាំងកំពុងពន្យារពេលអនុម័តដំណើរទស្សនកិច្ចរបស់មន្ត្រីគោលនយោបាយជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក លោក Elbridge Colby ដោយអះអាងថា ខ្លួនមិនអាចអនុញ្ញាតបានទេ រហូតដល់លោក Trump សម្រេចចិត្តអំពីកិច្ចព្រមព្រៀងអាវុធនេះជាមុនសិន។

កាលពីសប្តាហ៍មុន ខណៈកំពុងធ្វើដំណើរត្រឡប់ពីទីក្រុងប៉េកាំងតាមយន្តហោះ Air Force One បន្ទាប់ពីជួបលោក Xi លោក Trump ក៏ត្រូវបានសួរអំពីការលក់អាវុធទៅតៃវ៉ាន់ផងដែរ ហើយលោកបាននិយាយថា លោកនឹង «ធ្វើការសម្រេចចិត្តក្នុងរយៈពេលដ៏ខ្លីខាងមុខ»។

លោកបាននិយាយថា៖ «ខ្ញុំត្រូវនិយាយជាមួយមនុស្សដែលកំពុងដឹកនាំតៃវ៉ាន់នៅពេលនេះ អ្នកដឹងហើយថាគាត់ជានរណា»។

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ទីក្រុងប៉េកាំង ចិនបានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាតៃវ៉ាន់ គឺជាបញ្ហាធំបំផុតមួយក្នុងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ដោយលោក Xi ព្រមានអំពី «ជម្លោះ» រវាងមហាអំណាចទាំងពីរ ប្រសិនបើគ្រប់គ្រងបញ្ហានេះមិនបានល្អ។

ទោះបីលោក Trump បានបដិសេធលទ្ធភាពកើតមានជម្លោះរវាងអាមេរិក និងចិនជុំវិញតៃវ៉ាន់ក៏ដោយ លោកបាននិយាយថា លោក Xi មានអារម្មណ៍ «ខ្លាំងណាស់» ចំពោះបញ្ហាតៃវ៉ាន់។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «ខ្ញុំមិនបានផ្តល់ការប្តេជ្ញាចិត្តណាមួយឡើយ»។

ចាប់តាំងពីកិច្ចប្រជុំ Trump-Xi មក លោក Lai បានចេញសេចក្តីថ្លែងការណ៍ថា តៃវ៉ាន់គឺជា «ប្រទេសប្រជាធិបតេយ្យឯករាជ្យ និងមានអធិបតេយ្យភាព» ហើយសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ នឹងមិនត្រូវបាន «លះបង់ ឬយកទៅដោះដូរ» នោះឡើយ។

លោក Lai ក៏បានសង្កត់ធ្ងន់ថា ការលក់អាវុធរបស់អាមេរិក គឺជា «កត្តាសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។

លោក Trump ថានឹងពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់អំពីការលក់អាវុធ តែចិនប្រឆំាងដាចខាត

ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Lai នឹង «រីករាយ» ក្នុងការពិភាក្សាជាមួយលោក Trump អំពីការរក្សា «ស្ថានភាពស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។

ការបំបែកពីទំនៀមទម្លាប់របស់លោក Trump ក្នុងឆ្នាំ២០១៦ បាននាំឱ្យចិនដាក់ពាក្យតវ៉ាទៅសហរដ្ឋអាមេរិកជុំវិញការហៅទូរស័ព្ទនោះ។

លោក Trump ក៏បាននិយាយផងដែរថា លោកបានពិភាក្សាអំពីការលក់អាវុធ «យ៉ាងលម្អិត» ជាមួយលោក Xi ដែលប្រសិនបើជាការពិត នោះនឹងក្លាយជាការបំបែកគោលនយោបាយអាមេរិកដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀត។

នៅឆ្នាំ១៩៨២ សហរដ្ឋអាមេរិកបានធានាចំពោះតៃវ៉ាន់ថា ខ្លួននឹងមិនពិគ្រោះជាមួយទីក្រុងប៉េកាំងអំពីការលក់អាវុធទៅឱ្យតៃវ៉ាន់ឡើយ។ ប៉ុន្តែ នៅពេលត្រូវបានសួរអំពីការប្តេជ្ញាចិត្តនេះ លោក Trump បាននិយាយថា ទសវត្សរ៍ឆ្នាំ១៩៨០ គឺជា «រឿងកន្លងមកយូរហើយ»។

កាលពីខែធ្នូ ឆ្នាំមុន សហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធតម្លៃ ១១ពាន់លានដុល្លារ ទៅឱ្យតៃវ៉ាន់ ដែលជាកញ្ចប់ធំបំផុតមួយមិនធ្លាប់មាន និងបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង។

ក្រោមការដឹកនាំរបស់លោក Lai តៃវ៉ាន់បានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំង ដើម្បីទប់ទល់នឹងសម្ពាធយោធាដែលកំពុងកើនឡើងពីប្រទេសចិន៕