Close

ជប៉ុន និងហ្វីលីពីន ជំរុញផែនការផ្ទេរនាវាចម្បាំង

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ជប៉ុន និងហ្វីលីពីន ជំរុញផែនការផ្ទេរនាវាចម្បាំង ជប៉ុន និងហ្វីលីពីន ជំរុញផែនការផ្ទេរនាវាចម្បាំង

ជប៉ុន និងហ្វីលីពីន កំពុងពង្រឹងសម្ព័ន្ធភាពការពារជាតិ និងជំរុញផែនការផ្ទេរនាវាចម្បាំងរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF) ទៅកាន់ទីក្រុងម៉ានីល។

ការជំរុញផែនការត្រូវបានប្រកាសកាលពីខែឧសភា ឆ្នាំ២០២៦ ដោយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro Jr. បានធ្វើឡើងបន្ទាប់ពីទីក្រុងតូក្យូបានលុបចោលការហាមឃាត់រយៈពេល ៨០ ឆ្នាំ លើការនាំចេញសម្ភារការពារជាតិ ដែលជាវិធានការមួយត្រូវបានគេរំពឹងថា នឹងពង្រឹងសមត្ថភាពទប់ស្កាត់ក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ជប៉ុន និងហ្វីលីពីន ដែលសុទ្ធតែជាសម្ព័ន្ធមិត្តសន្ធិសញ្ញាយូរអង្វែងរបស់សហរដ្ឋអាមេរិក បានយល់ព្រមបង្កើតក្រុមការងារទ្វេភាគីមួយ ដែលមានមន្ត្រីការពារជាតិជាន់ខ្ពស់ចូលរួម ដើម្បីគ្របដណ្តប់លើគោលនយោបាយ ប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការផ្នែកសម្ភារ និងបច្ចេកវិទ្យាការពារជាតិ។ លោក Koizumi និងលោក Teodoro បានថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងម៉ានីលថា គោលបំណងគឺ “ពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសន្ទនាគោលនយោបាយ និងភាពជាដៃគូការពារជាតិរវាងប្រទេសទាំងពីរ ក្នុងលក្ខណៈទូលំទូលាយ និងរួមបញ្ចូលគ្នា”។

រដ្ឋមន្ត្រីការពារជាតិទាំងពីរ ក៏បានពិភាក្សាអំពីការផ្ទេរនាវាពិឃាតប្រភេទ Abukuma-class រហូតដល់៦គ្រឿង ដែលបច្ចុប្បន្នកំពុងបម្រើការក្នុងកង JMSDF ទៅឱ្យប្រទេសហ្វីលីពីន។ លោកវរសេនីយ៍ឯកទាហានជើងទឹកហ្វីលីពីន Dennis Hernandez បានប្រាប់សារព័ត៌មាន The Associated Press ថា នាវាទាំងនេះអាចប្រើសម្រាប់ការល្បាត និងសម្រាប់រកឃើញការគំរាមកំហែងតាមផ្លូវអាកាស លើផ្ទៃទឹក និងក្រោមទឹក។

ជប៉ុន និងហ្វីលីពីន ជំរុញផែនការផ្ទេរនាវាចម្បាំង

លោក Koizumi បានមានប្រសាសន៍ថា៖
“យើងក៏បានយល់ព្រមបន្តការពិភាក្សា ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការផ្នែកសម្ភារដ៏ទូលំទូលាយ រួមមានការអប់រំ និងបណ្តុះបណ្តាល ការថែទាំ និងការគាំទ្រប្រតិបត្តិការ ការសម្របសម្រួលប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងការគ្រប់គ្រងសម្ភារដែលបានផ្ទេរឱ្យបានត្រឹមត្រូវ ដោយមានគោលដៅផ្ទេរនាវា Abukuma-class និងយន្តហោះ TC-90 ឱ្យបានឆាប់ ក៏ដូចជាសម្ភារការពារជាតិផ្សេងៗទៀត”។

ភាពជាដៃគូការពារជាតិដែលកាន់តែជិតស្និទ្ធនេះ បានកើតឡើងស្របពេលមានការបង្ខិតបង្ខំជាបន្តបន្ទាប់ពីកងកម្លាំងយោធារបស់បក្សកុម្មុយនិស្តចិន នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។

នាវាឆ្មាំសមុទ្រចិន បានប្រើកាណុងបាញ់ទឹក និងបុកនាវារដ្ឋាភិបាល និងនាវាស៊ីវិលរបស់ហ្វីលីពីន ដែលកំពុងធ្វើប្រតិបត្តិការដោយស្របច្បាប់នៅសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំងអះអាងថា ផ្លូវទឹកភាគច្រើនជាដែនទឹករបស់ខ្លួន ហើយបានបង្កើនវត្តមានឆ្មាំសមុទ្រ កងទ័ពជើងទឹក និងកងជីវពលសមុទ្រ ព្រមទាំងធ្វើយោធូបនីយកម្មលើកោះសិប្បនិម្មិត ដើម្បីពង្រឹងការទាមទាររបស់ខ្លួន។

ជប៉ុន និងហ្វីលីពីន ជំរុញផែនការផ្ទេរនាវាចម្បាំង

សាលាក្តីអន្តរជាតិមួយ បានច្រានចោលការទាមទារដ៏ទូលំទូលាយរបស់ចិន កាលពីឆ្នាំ២០១៦ ក្នុងសំណុំរឿងដែលដាក់ដោយហ្វីលីពីន។ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និងប្រទេសផ្សេងទៀត ក៏មានការទាមទារលើផ្លូវទឹកដ៏សម្បូរធនធាននេះផងដែរ ដែលជាផ្លូវពាណិជ្ជកម្មសំខាន់មួយរបស់ពិភពលោក។

នៅសមុទ្រចិនខាងកើត ទីក្រុងប៉េកាំងតែងតែដាក់ពង្រាយនាវាឆ្មាំសមុទ្រ និងយន្តហោះ ដើម្បីរំខាននាវានានានៅជុំវិញកោះដែលគ្រប់គ្រងដោយជប៉ុន។

លោក Koizumi បានប្រាប់អ្នកសារព័ត៌មានថា៖“លោករដ្ឋលេខាធិការ Teodoro និងខ្ញុំ បានបញ្ជាក់ជាថ្មីនូវការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់យើង ចំពោះការប៉ុនប៉ងឯកតោភាគីណាមួយ ក្នុងការផ្លាស់ប្តូរស្ថានភាពដើមដោយកម្លាំង ឬការបង្ខិតបង្ខំ នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង”។

នៅក្នុងសេចក្តីថ្លែងការណ៍រួម លោក Koizumi និងលោក Teodoro បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងទាំងទំហំ និងភាពញឹកញាប់ នៃសកម្មភាពបង្ខិតបង្ខំរបស់ចិន នៅក្នុងដែនសមុទ្រ និងដែនអាកាសជុំវិញប្រទេសជប៉ុន រួមទាំងការឈ្លានពានចូលដែនទឹក និងដែនអាកាសជប៉ុនជុំវិញកោះ Senkaku”។

រដ្ឋមន្ត្រីការពារជាតិទាំងពីរ ក៏បានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងអំពីសមុទ្រចិនខាងត្បូងផងដែរ “រួមទាំងការបង្កើនសកម្មភាពគ្រោះថ្នាក់ និងការបង្ខិតបង្ខំរបស់ចិនប្រឆាំងនឹងហ្វីលីពីន”។

ពួកគេបាននិយាយថា ជប៉ុនតែងតែរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ហើយក្របខ័ណ្ឌថ្មីសម្រាប់ការផ្ទេរសម្ភារការពារជាតិ គឺជាការបន្តកិច្ចខិតខំប្រឹងប្រែងនោះ។ វាមានគោលបំណងពង្រឹងសមត្ថភាពទប់ស្កាត់ និងការឆ្លើយតបរបស់ប្រទេសដៃគូ៕
Japan, Philippines advance planned warships transfer – Indo-Pacific Defense FORUM

អត្ថបទទាក់ទង