Close

មេដឹកនាំអាស៊ីអាគ្នេយ៍គ្រោងបញ្ជាក់ឡើងវិញនូវតម្លៃស្នូល ចំពេលមានការព្រួយបារម្ភអំពីសង្គ្រាមមជ្ឈិមបូព៌ា

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
មេដឹកនាំអាស៊ីអាគ្នេយ៍គ្រោងបញ្ជាក់ឡើងវិញនូវតម្លៃស្នូល ចំពេលមានការព្រួយបារម្ភអំពីសង្គ្រាមមជ្ឈិមបូព៌ា មេដឹកនាំអាស៊ីអាគ្នេយ៍គ្រោងបញ្ជាក់ឡើងវិញនូវតម្លៃស្នូល ចំពេលមានការព្រួយបារម្ភអំពីសង្គ្រាមមជ្ឈិមបូព៌ា

មេដឹកនាំអាស៊ីអាគ្នេយ៍ គ្រោងនឹងចេញសេចក្តីថ្លែងការណ៍មួយដែលផ្តោតលើការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាការបង្ហាញជំហរចំពោះផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ នេះបើយោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ដែលទីភ្នាក់ងារព័ត៌មាន The Associated Press បានឃើញ។

សេចក្តីថ្លែងការណ៍នេះ គ្រោងនឹងត្រូវចេញដោយមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងអំឡុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ នៅខេត្តសេប៊ូ ប្រទេសហ្វីលីពីន។
ឯកសារនេះក៏បានបង្ហាញពីផែនការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាកង្វះថាមពល និងបញ្ហាសកលផ្សេងៗ ដែលកើតឡើងពីសង្គ្រាមផងដែរ។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលឆ្នាំនេះ បាននិយាយថា កិច្ចប្រជុំនឹងផ្តោតលើសន្តិសុខថាមពល សន្តិសុខស្បៀង និងការការពារប្រជាពលរដ្ឋអាស៊ាន រួមទាំងកម្មករ និងនាវិកជាងមួយលាននាក់ ដែលកំពុងធ្វើការ និងរស់នៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោក Marcos ក៏បានណែនាំឱ្យកាត់បន្ថយភាពអធិកអធមប្រពៃណីនៃកិច្ចប្រជុំ ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន។

តំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនប្រមាណ ៦៨០ លាននាក់ កំពុងប្រឈមបញ្ហាជាច្រើន រួមមានជម្លោះដែនដីជាមួយចិន សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា និងភាពតានតឹងព្រំដែនរវាងថៃ និងកម្ពុជា។

ទោះជាយ៉ាងណា មេដឹកនាំអាស៊ានបានបង្ហាញការព្រួយបារម្ភចំពោះសង្គ្រាមមជ្ឈិមបូព៌ា ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងបង្កហានិភ័យដល់ពលរដ្ឋរបស់ពួកគេ។

កម្មករអាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងពលរដ្ឋហ្វីលីពីនពីរនាក់ ត្រូវបានសម្លាប់ ខណៈដែលមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ឬវិលត្រឡប់ទៅប្រទេសកំណើតវិញ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្រមានថា ការអូសបន្លាយសង្គ្រាមអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងបង្កើនអតិផរណានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ា។

យោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងការធានាថាកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្អែកលើការសន្ទនា ការជឿទុកចិត្ត និងការគោរពអធិបតេយ្យភាព។

មេដឹកនាំអាស៊ីអាគ្នេយ៍គ្រោងបញ្ជាក់ឡើងវិញនូវតម្លៃស្នូល ចំពេលមានការព្រួយបារម្ភអំពីសង្គ្រាមមជ្ឈិមបូព៌ា

បណ្តាប្រទេសអាស៊ានក៏ប្តេជ្ញារក្សាទីផ្សារឱ្យមានភាពបើកចំហ តម្លាភាព និងអាចព្យាករណ៍បាន ព្រមទាំងធានាសុវត្ថិភាពផ្លូវសមុទ្រ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការឆ្លងកាត់យន្តហោះប្រកបដោយសុវត្ថិភាព។

សេចក្តីព្រាងនេះក៏បានបញ្ជាក់ពីការធានាលំហូរទំនិញសំខាន់ៗ ដូចជា អាហារ ថាមពល និងវត្ថុធាតុដើមចាំបាច់ ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។ មេដឹកនាំអាស៊ាននឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមគ្នា ក្នុងការពង្រឹងភាពធន់ក្នុងតំបន់។

ផែនការបន្ទាន់នេះរួមមាន ការជំរុញកិច្ចព្រមព្រៀងសម្រាប់ការចែករំលែកឥន្ធនៈបន្ទាន់ ការរៀបចំបណ្តាញថាមពលក្នុងតំបន់ ការធ្វើពិពិធកម្មប្រភពប្រេងឆៅ ការលើកកម្ពស់យានយន្តអគ្គិសនី និងការសិក្សាបច្ចេកវិទ្យាថ្មីៗ រួមទាំងថាមពលនុយក្លេអ៊ែរស៊ីវិល។

ពួកគេក៏កំពុងពិចារណាបង្កើតពិធីសារទំនាក់ទំនង និងសម្របសម្រួលវិបត្តិអាស៊ាន ដើម្បីធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួលក្នុងតំបន់។

អាស៊ានមានសមាជិកចំនួន ១០ ប្រទេស រួមមាន ហ្វីលីពីន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម ខណៈទីម័រខាងកើតត្រូវបានទទួលយកជាសមាជិកពេញសិទ្ធិកាលពីឆ្នាំមុន៕

មេដឹកនាំអាស៊ីអាគ្នេយ៍គ្រោងបញ្ជាក់ឡើងវិញនូវតម្លៃស្នូល ចំពេលមានការព្រួយបារម្ភអំពីសង្គ្រាមមជ្ឈិមបូព៌ា

អត្ថបទទាក់ទង