អាល្លឺម៉ង់ស្នើសភាអនុម័តកញ្ចប់ជំនួយយោធាជាង១០ពាន់លានដុល្លារទៀតឲ្យអ៊ុយក្រែន
បរទេស ៖ រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ទើបតែបានបញ្ចូនលិខិតស្នើសុំថ្មីមួយទៅកាន់សភាជាតិដើម្បីអាចរៀបចំជំនួយយោធាដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារបន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែននាឆ្នាំខាងមុខ។
យោងតាមសេចក្តីលំអិតដែលត្រូវបានរៀបរាប់នៅក្នុងលិខិតនោះក្រសួងការពារជាតិអាល្លឺម៉ង់បានអះអាងថា ដោយសារតែការបាត់បង់សំភារៈយោធាជាច្រើននៅក្នុងសង្គ្រាមប្រឆាំងប្រទេសរុស្ស៊ីទើបធ្វើឲ្យអ៊ុយក្រែនពេលនេះកំពុងខ្វះខាតខ្លាំងមែនទែន ជាពិសេសរថក្រោះកាំភ្លើងធំ ព្រមទាំងប្រព័ន្ធការពារដែនអាកាសជាដើម។
សារព័ត៌មានអាល្លឺម៉ង់Der Spiegelបានសរសេរថារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់ លោក Christian Linder ដែលបានបញ្ជូនលិខិតមួយទៅកាន់សភាជាតិ ព្រមទាំងគណកម្មការថវិកានៃសភាជាតិផងដើម្បីជំរុញឲ្យមានការសម្រេចចិត្តលើការស្នើសុំជាកញ្ចប់យោធាដែលមានទឹកប្រាក់ប្រមាណជាជាង១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនរយៈពេល២ឆ្នាំខាងមុខ។
ខណៈដែលអាល្លឺម៉ង់បានចំណាយថវិកាជាតិដើម្បីផ្តល់ជាជំនួយយោធាដល់អ៊ុយក្រែនប្រមាណជា ២,៣៩ពាន់លានដុល្លារមកហើយនោះ នៅក្នុងឆ្នាំនេះរដ្ឋាភិបាលអាល្លឺម៉ង់នឹងត្រូវរងចាំការសម្រេចចិត្តរបស់សភាដើម្បីបន្ថែមជំនួយឆ្នាំនេះប្រមាណជា ៣,៤៧ពាន់លានដុល្លារទៀតហើយប្រមាណជា ៩,៥៤ពាន់លានដុល្លារសម្រាប់ប្រើប្រាស់នៅឆ្នាំបន្ទាប់។
គួរឲ្យដឹងដែរថា របាយការណ៍ស្រាវជ្រាវមួយដោយក្រសួងការពារជាតិរុស្ស៊ីបានរកឃើញថាគិតត្រឹមដំណាច់ឆ្នាំ២០២២កន្លងមកនេះទាំងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដែលមានបញ្ចូលទាំងអាល្លឺម៉ង់ផងនោះបានផ្តល់កញ្ចប់ថវិកាជំនួយយោធាដល់ប្រទេសអ៊ុយក្រែនប្រមាណជា១០០ពាន់លានដុល្លាររួចមកហើយ៕