អឺរ៉ុបផ្តល់ថវិកា ២លានអឺរ៉ូ បង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងដាក់ឱ្យដំណើរការគម្រោងគាំទ្រកសិពាណិជ្ជកម្មកម្ពុជាសម្រាប់នាំចេញ
ភ្នំពេញ៖ សហភាពអឺរ៉ុប ប្រកាសផ្តល់ទឹក ប្រាក់ ២លានអឺរ៉ូ សម្រាប់ការបង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងដាក់ឱ្យដំណើរការគម្រោងគាំទ្រកសិពាណិជ្ជកម្មចំនួនបី ដើម្បីគាំទ្រដល់វិស័យកសិពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ដោយជួយផលិតករក្នុងស្រុកក្នុងការផ្លាស់ប្តូរពីផលិតផលឆៅទៅជាការនាំចេញដែលមានគុណភាពខ្ពស់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា បញ្ជាក់ថា មន្ទីរពិសោធន៍ថ្មីនេះ ត្រូវបានផ្តល់មូលនិធិដោយកម្មវិធីភាពជាដៃគូ EU–German Cambodia សម្រាប់កសិកម្មប្រកបដោយនិរន្តរភាព និងប្រព័ន្ធស្បៀងអាហារ (CAPSAFE) ដែលមានកញ្ចប់ថវិកាចំនួន ២៤.៣ លានអឺរ៉ូ ស្មើនឹង ប្រមាណ ២៨.១ លានដុល្លារអាមេរិក។
ប្រភពដដែលបន្តថា មន្ទីរធ្វើតេស្តទំនើបនេះ ដែលទទួលស្គាល់តាមស្តង់ដារ ISO នឹងជួយឱ្យការនាំចេញស្បៀងអាហាររបស់កម្ពុជា អនុលោមតាមស្តង់ដារអន្តរជាតិ និងលើកកម្ពស់សមត្ថភាពក្នុងពាណិជ្ជកម្មពិភពលោក។ លើសពីនេះ សហគ្រាសធុនតូច និងមធ្យមកម្ពុជាចំនួន ២៩ មកពីវិស័យស្វាយចន្ទី ម្រេច និងស្វាយ ត្រូវបានជ្រើសរើស ដើម្បីទទួលបានជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

អាជីវកម្មទាំងនេះបង្ហាញពីសក្តានុពលខ្ពស់ ក្នុងការពង្រឹងផលិតកម្ម បង្កើនប្រាក់ចំណូល បង្កើតការងារ និងឆ្លើយតបតម្រូវការទីផ្សារ ជាមួយនឹងការគាំទ្របន្ថែម។ គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃកម្មវិធី EU–German GATE ដែលគាំទ្រដល់ក្រុមហ៊ុនក្នុងការអនុលោមតាមស្តង់ដារអន្តរជាតិ និងពង្រីកការចូលទៅកាន់ទីផ្សារកម្រិតខ្ពស់ ដូចជា សហភាពអឺរ៉ុប។
ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ យើងកំពុងបម្លែងយុទ្ធសាស្ត្រកម្រិតខ្ពស់ទៅជាឱកាសជាក់ស្តែងសម្រាប់កសិករ និងសហគ្រិននៅមូលដ្ឋាន។ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាមន្ទីរពិសោធន៍កសិកម្មជាតិ និងការគាំទ្រតាមគោលដៅដល់សហគ្រាសធុនតូច និងមធ្យម យើងកំពុងជួយកម្ពុជាឱ្យឡើងខ្ពស់ក្នុងខ្សែច្រវាក់តម្លៃ»។

ឯកឧត្តមទូតបន្ថែមថា « ទីផ្សារពិភពលោកកាន់តែទាមទារផលិតផលដែលមានគុណភាព និងនិរន្តរភាព ហើយកម្ពុជាមានសក្តានុពលក្នុងការឆ្លើយតបតម្រូវការនេះ។ សហភាពអឺរ៉ុបនឹងបន្តគាំទ្រ ដើម្បីធានាថាកំណើននេះ មានលក្ខណៈបៃតង បរិយាបន្ន និងភាពធន់»។
ចំណែក ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថា៖ «អាល្លឺម៉ង់ប្តេជ្ញាគាំទ្រវិស័យកសិពាណិជ្ជកម្មរបស់កម្ពុជា តាមរយៈផលិតកម្មប្រកបដោយនិរន្តរភាព។ តាមរយៈ កម្មវិធី CAPSAFE និង EU–German GATE ជាមួយនឹងជំនាញបច្ចេកទេសរបស់ GIZ យើងកំពុងកាត់បន្ថយគម្លាតរវាងអ្នកផលិតកម្ពុជា និងអ្នកទិញនៅអឺរ៉ុប»។
ឯកឧត្តមបន្ថែមថា «វិធីសាស្ត្រ Team Europe មិនត្រឹមតែបើកទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានសារៈសំខាន់ ដើម្បីធានាថា ការផ្លាស់ប្តូររបស់កម្ពុជាទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យម គឺមានយុត្តិធម៌ ជោគជ័យ និងនិរន្តរភាព»។
ទាក់ទិននឹងបញ្ហានេះដែរ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ឱ្យដឹងថា ប្រទេសអាល្លឺម៉ង់កំពុងបង្កើនការគាំទ្រដល់វិស័យកសិពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ដោយជួយផលិតករក្នុងស្រុកក្នុងការផ្លាស់ប្តូរពីផលិតផលឆៅទៅជាការនាំចេញដែលមានគុណភាពខ្ពស់។

ប្រភពដដែលបន្តថា រួមគ្នាជាមួយសហភាពអឺរ៉ុប និងដៃគូ ប្រទេសអាល្លឺម៉ង់កំពុងគាំទ្រគំនិតផ្តួចផ្តើមជាក់ស្តែងតាមរយៈ មន្ទីរពិសោធន៍កសិកម្ម ក្នុងទឹកប្រាក់ ២លានអឺរ៉ូ ដើម្បីជួយឱ្យកសិកម្មសមស្របតាមស្តង់ដារអន្តរជាតិ ដែលគាំទ្រដោយផ្ទាល់ដល់សហគ្រាសធុនតូច និងមធ្យមចំនួន២៩ ក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារថ្មីៗ និងភាពជាដៃគូថ្មីៗ ជាមួយក្រុមហ៊ុនអាល្លឺម៉ង់ក្រោមគម្រោង “មជ្ឈមណ្ឌលផ្គត់ផ្គង់ប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា”។
បើតាមប្រភពដដែល កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងពង្រឹងខ្សែច្រវាក់តម្លៃក្នុងវិស័យគ្រាប់ស្វាយចន្ទី ម្រេច និងស្វាយ ដើម្បីបង្កើនគុណភាព កាត់បន្ថយការខាតបង់ និងផ្សាភ្ជាប់ផលិតករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។យើងកំពុងរួមគ្នាកសាងវិស័យកសិពាណិជ្ជកម្មដែលមានការប្រកួតប្រជែង និងប្រកបដោយចីរភាពជាងមុន ដែលបង្កើតការងារ និងផ្តល់ឱកាសពិតប្រាកដសម្រាប់ប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ គម្រោងបន្ថែមពីរត្រូវបានចុះហត្ថលេខា ដោយអាល្លឺម៉ង់ និងហូឡង់។ គម្រោងទី១ មានឈ្មោះថា Responsible Sourcing Hub Cambodia មានគោលបំណងអភិវឌ្ឍកម្ពុជាឲ្យក្លាយជាមជ្ឈមណ្ឌលប្រភពផលិតផលកសិកម្មប្រកបដោយនិរន្តរភាពសម្រាប់ទីផ្សារអឺរ៉ុប។ និង គម្រោងទី២ មានឈ្មោះ Scaling Mango Processing ដែលធន់នឹងអាកាសធាតុ ដឹកនាំដោយក្រុមហ៊ុន Kirirom Food Production នឹងពង្រីកសមត្ថភាពកែច្នៃស្វាយដល់ ៨០,០០០ តោនក្នុងមួយឆ្នាំ បង្កើតផលិតផលថ្មីៗ ដូចជា ទឹកផ្លែឈើ និងទឹកសុទ្ធ ព្រមទាំងគាំទ្រកសិករ តាមរយៈការបណ្តុះបណ្តាល និងកែលម្អធាតុចូល ដើម្បីកាត់បន្ថយការបាត់បង់ក្រោយការប្រមូលផល។

សហភាពអឺរ៉ុបអនុវត្តវិធីសាស្ត្រ ៣៦០ ដឺក្រេ ក្នុងការគាំទ្រការអភិវឌ្ឍនៅកម្ពុជា ដោយចូលរួមវិស័យឯកជននៅគ្រប់ដំណាក់កាល ចាប់ពីការកសាងភាពជាដៃគូ កែលម្អការចូលដំណើរការហិរញ្ញវត្ថុ រហូតដល់ការពង្រឹងជំនាញ និងសមត្ថភាព។ វិធីសាស្ត្រនេះធានាថា ការវិនិយោគមាននិរន្តរភាព អាចពង្រីកបាន និងគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។ នៅពេលកម្ពុជាខិតជិតចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៩ អន្តរាគមន៍ទាំងនេះជួយដោះស្រាយឧបសគ្គសំខាន់ៗ ដូចជា សមត្ថភាពផលិតកម្ម ការអនុលោមតាមស្តង់ដារ និងភាពធន់នឹងអាកាសធាតុ៕