ហត្ថលេខារបស់លោកត្រាំ នឹងបង្ហាញលើកក្រដាសប្រាក់ ១០០ ដុល្លារ ជាលើកដំបូងសម្រាប់ប្រធានាធិបតីកំពុងកាន់អំណាច
វ៉ាស៊ីនតោន៖ នាយកដ្ឋានរតនាគារសហរដ្ឋអាមេរិកបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងក្លាយជាប្រធានាធិបតីដំបូងគេដែលមានហត្ថលេខាលើក្រដាសប្រាក់ដុល្លារអាមេរិក ខណៈដែលលោកកំពុងកាន់តំណែង។
យោងតាមការប្រកាសនេះ ហត្ថលេខារបស់លោក ត្រាំ នឹងលេចឡើងរួមជាមួយហត្ថលេខារបស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent ដែលជាវិធានការមិនធ្លាប់មានពីមុនមក។ ក្រសួងរតនាគារបានបញ្ជាក់ថា វិធានការនេះធ្វើឡើងដើម្បីអបអរសាទរខួបលើកទី២៥០ នៃការបង្កើតសហរដ្ឋអាមេរិក។
លោក Scott Bessent បានថ្លែងថា «មិនមានវិធីណាដែលមានអត្ថន័យជាងនេះទៀតក្នុងការទទួលស្គាល់សមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់ប្រទេសដ៏អស្ចារ្យរបស់យើង និងប្រធានាធិបតី ដូណាល់ ត្រាំ ជាងការដាក់ឈ្មោះរបស់លោកលើក្រដាសប្រាក់ដុល្លារអាមេរិក»។ ជាប្រពៃណី ក្រដាសប្រាក់អាមេរិកតែងតែមានតែហត្ថលេខារបស់មន្ត្រីក្រសួងរតនាគារប៉ុណ្ណោះ។
ការសម្រេចនេះត្រូវបានចាត់ទុកថាជាវិធានការចុងក្រោយមួយរបស់រដ្ឋបាលលោក ត្រាំ ដែលបានភ្ជាប់ឈ្មោះរបស់លោកជាមួយកម្មវិធីរដ្ឋាភិបាល និងអគារសាធារណៈជាច្រើន។
ក្រដាសប្រាក់ ១០០ ដុល្លារ ដំបូងដែលមានហត្ថលេខារបស់លោក ត្រាំ និងលោក Bessent គ្រោងនឹងចាប់ផ្តើមបោះពុម្ពនៅខែមិថុនា ខណៈក្រដាសប្រាក់ប្រភេទផ្សេងៗនឹងត្រូវបោះពុម្ពបន្តនៅពេលក្រោយ។

បច្ចុប្បន្ន ក្រដាសប្រាក់ដុល្លារដែលកំពុងចរាចរមានហត្ថលេខារបស់អតីតរដ្ឋមន្ត្រីក្រសួងរតនាគារក្នុងរដ្ឋបាលអតីតប្រធានាធិបតី Joe Biden គឺលោកស្រី Janet Yellen និងមន្ត្រីរតនាគារ Lynn Malerba។
ជាប្រវត្តិសាស្ត្រ ចាប់តាំងពីឆ្នាំ១៨៦១ មក ក្រដាសប្រាក់អាមេរិកតែងតែបង្ហាញហត្ថលេខារបស់មន្ត្រីរតនាគារអាមេរិក ដែលជាប្រពៃណីមួយដែលអាចនឹងផ្លាស់ប្តូរតាមផែនការថ្មីរបស់រដ្ឋបាលលោក ត្រាំ។
ក្នុងឱកាសខួបលើកទី២៥០ នៃការបង្កើតសហរដ្ឋអាមេរិក លោក Bessent បាននិយាយថា ការបោះពុម្ពរូបិយប័ណ្ណដែលមានឈ្មោះរបស់លោក ត្រាំ នឹងក្លាយជាមធ្យោបាយដ៏មានអត្ថន័យមួយក្នុងការអបអរសាទរប្រវត្តិសាស្ត្ររបស់ប្រទេស និងការដឹកនាំរបស់ប្រធានាធិបតី។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបច្ចុប្បន្ន លោក Brandon Beach ក៏បានបញ្ជាក់ថា រូបិយប័ណ្ណអាមេរិកនឹងបន្តឈរជានិមិត្តរូបនៃភាពរុងរឿង កម្លាំង និងស្មារតីមិនចុះចាញ់របស់ប្រជាជនអាមេរិក។
ឆ្នាំនេះត្រូវនឹងខួបលើកទី២៥០ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៅពេលដែលអាណានិគមដើមចំនួន ១៣ របស់អាមេរិក បានប្រកាសឯករាជ្យពីចក្រភពអង់គ្លេស។
ទោះជាយ៉ាងណា ការប្រកាសនេះក៏បានបង្កឲ្យមានការរិះគន់ពីភាគីនយោបាយប្រឆាំង។ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ និងជាអ្នករិះគន់លោក ត្រាំ យូរមកហើយ បានវាយប្រហារលើគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតី។
លោកបានសរសេរនៅលើបណ្ដាញសង្គមថា ប្រជាជនអាមេរិកឥឡូវនេះនឹងដឹងច្បាស់ថាត្រូវស្តីបន្ទោសអ្នកណា ខណៈពេលដែលតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដូចជាគ្រឿងទេស ប្រេងឥន្ធនៈ ការជួលផ្ទះ និងការថែទាំសុខភាព កំពុងកើនឡើង។
ជាមួយគ្នានេះ គណៈកម្មការសិល្បៈសហព័ន្ធក៏បានអនុម័តការបោះពុម្ពកាក់មាស ២៤ ការ៉ាត ដែលមានរូបលោក ត្រាំ ដើម្បីអបអរសាទរខួបលើកទី២៥០ នៃការបង្កើតសហរដ្ឋអាមេរិកផងដែរ។
គួររំលឹកថា ក្នុងអំឡុងពេលកាន់តំណែងដំបូងរបស់លោក ត្រាំ ឈ្មោះរបស់លោកក៏ធ្លាប់បានលេចឡើងលើមូលប្បទានប័ត្រជំនួយ ដែលរដ្ឋាភិបាលអាមេរិកបានផ្ញើទៅប្រជាជនរាប់លាននាក់ ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19៕
https://www.bbc.com/news/articles/cz0el909yp3o?at_link_type=web_link&at_medium=social&at_link_origin=BBC_News&at_campaign=Social_Flow&at_format=image&at_link_id=FB951B50-2978-11F1-9FE9-EA746F1A39D1&at_campaign_type=owned&at_ptr_name=facebook_page&at_bbc_team=editorial&fbclid=IwdGRjcAQyyQVleHRuA2FlbQIxMQBzcnRjBmFwcF9pZAo2NjI4NTY4Mzc5AAEeXS5cCThy2DXwJcguHkRlvKFTJj3QWccsnwwN3YzNbQ4eJq9f75XoQed6XXI_aem_5mHWA7xqjO2eIumVbVENaA