អ៊ីរ៉ង់បន្តបញ្ជូនប្រេងរាប់លានបារ៉ែលទៅចិនតាមច្រកសមុទ្រ Hormuz ទោះបីសង្គ្រាមបង្កហានិភ័យលើផ្លូវទឹក
វ៉ាស៊ីនតោន៖ អ៊ីរ៉ង់បានបន្តបញ្ជូនប្រេងឆៅក្នុងបរិមាណដ៏ច្រើនតាមច្រកសមុទ្រ Hormuz ទៅកាន់ប្រទេសចិន ទោះបីជាសង្គ្រាមរវាងអាមេរិក–អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កការរំខានដល់ការផ្គត់ផ្គង់ថាមពលតាមផ្លូវទឹកដ៏សំខាន់នេះក៏ដោយ។
លោក Samir Madani សហស្ថាបនិកក្រុមហ៊ុន TankerTrackers បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានបញ្ជូនប្រេងឆៅយ៉ាងហោចណាស់ ១១,៧ លានបារ៉ែល តាមរយៈច្រកសមុទ្រ Hormuz ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ហើយប្រេងទាំងនេះត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន។
ក្រុមហ៊ុន TankerTrackers តាមដានចលនានាវាដោយប្រើរូបភាពផ្កាយរណប ដែលអាចរកឃើញនាវា ទោះបីជាប្រព័ន្ធតាមដានរបស់នាវាត្រូវបានបិទក៏ដោយ។ នាវាជាច្រើនបាន “បិទសញ្ញាតាមដាន” បន្ទាប់ពីទីក្រុងតេអេរ៉ង់បានគំរាមវាយប្រហារនាវាណាមួយដែលព្យាយាមឆ្លងកាត់ផ្លូវទឹកនេះ។
ក្រុមហ៊ុនផ្តល់ទិន្នន័យស៊ើបការណ៍សម្ងាត់ផ្នែកដឹកជញ្ជូន Kpler បានប៉ាន់ប្រមាណថា ប្រេងឆៅប្រហែល ១២ លានបារ៉ែល បានឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

លោក Nhway Khin Soe អ្នកវិភាគទីផ្សារប្រេងឆៅនៅក្រុមហ៊ុន Kpler បាននិយាយថា ប្រទេសចិនគឺជាអ្នកទិញប្រេងឆៅពីអ៊ីរ៉ង់ដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះប្រេងភាគច្រើនទំនងជាត្រូវបានបញ្ជូនទៅទីនោះ។ ទោះយ៉ាងណា លោកបានបន្ថែមថា ការបញ្ជាក់ពីគោលដៅចុងក្រោយរបស់នាវាដឹកប្រេងទាំងនេះកាន់តែពិបាកកំណត់។
រដ្ឋបាលថាមពលជាតិចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទូរទស្សន៍ CNBC ទេ។
ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកតូចចង្អៀត ប៉ុន្តែមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នប្រមាណ មួយភាគប្រាំនៃការផ្គត់ផ្គង់ពិភពលោក បានធ្វើឱ្យចរាចរណ៍ដឹកជញ្ជូនមានភាពយឺតយ៉ាវ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែមុន។ នាវាដឹកប្រេងជាច្រើនបានព្យាយាមគេចចេញពីផ្លូវទឹកដែលកំពុងមានហានិភ័យខ្ពស់នេះ។
យោងតាម អង្គការសមុទ្រអន្តរជាតិ (IMO) បានឱ្យដឹងថា នាវាចំនួន ១០ គ្រឿង នៅក្នុង ឬនៅជិតច្រកសមុទ្រ Hormuz បានរងការវាយប្រហារពីអ៊ីរ៉ង់ ក្នុងរយៈពេលតិចជាងពីរសប្តាហ៍នៃសង្គ្រាម ដែលបណ្តាលឱ្យមានអ្នកធ្វើការលើនាវាយ៉ាងហោចណាស់ ៧ នាក់ស្លាប់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយក្នុងបទសម្ភាសន៍ជាមួយលោក Dan Murphy របស់ទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទថា នាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រនេះ «ប្រហែលជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់»។
លោក Madani បានបន្ថែមថា ក្នុងចំណោមនាវាដឹកប្រេង ៦ គ្រឿង ដែលត្រូវបានរកឃើញតាមរូបភាពផ្កាយរណបថាបានចាកចេញពីអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ មាន ៣ គ្រឿង ដែលដាក់បង្ហាញទង់ជាតិអ៊ីរ៉ង់។
ក្នុងពេលដែលតម្លៃប្រេងបានកើនឡើងដោយសារការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់លោក Brian Kilmeade របស់ទូរទស្សន៍ Fox News ថា នាវាដែលជាប់គាំងនៅជិតច្រកសមុទ្រនេះត្រូវតែបង្ហាញភាពអត់ធ្មត់ និងបន្តធ្វើដំណើរឆ្លងកាត់ផ្លូវទឹក។
លោក ត្រាំ បានបញ្ជាក់ថា «គ្មានអ្វីត្រូវខ្លាចនោះទេ។ ពួកគេគ្មានកងទ័ពជើងទឹកទេ ហើយយើងបានពន្លិចនាវារបស់ពួកគេស្ទើរតែទាំងអស់»៕
