Close

តម្លៃសំបុត្រ ចូលទស្សនាការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម កំពុងក្លាយជាប្រធានបទក្ដៅ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ កីឡា
តម្លៃសំបុត្រ ចូលទស្សនាការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម កំពុងក្លាយជាប្រធានបទក្ដៅ តម្លៃសំបុត្រ ចូលទស្សនាការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម កំពុងក្លាយជាប្រធានបទក្ដៅ

កាលពីថ្ងៃចន្ធ ទី២៧ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ ទំព័រផ្លូវការណ៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានប្រកាសជាផ្លូវការណ៍នូវតម្លៃសំបុត្រ សម្រាប់ចូលទស្សនាពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការមិនពេញចិត្តដោយលើកឡើងថា តម្លៃសំបុត្រនេះ ថ្លៃហួសហេតុពេក។

បើតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម តម្លៃសំបុត្រចូលទស្សនាពិធីបើកនេះមានតម្លៃចាប់ពី ១០ម៉ីនរៀល ទៅ ២០ម៉ីនរៀល។ ក្នុងនោះ សម្រាប់កៅអីប្រភេទទី១ មានតម្លៃ ២០ម៉ីនរៀល ឬស្មើនឹង ៥០ដុល្លារ និងកៅអីប្រភេទទី២ មានតម្លៃ ១០ម៉ីនរៀល ឬស្មើនឹង ២៥ដុល្លារ។
ជុំវិញការកំណត់តម្លៃសំបុត្រនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនយកមកធ្វើជាប្រធានបទ ដើម្បីធ្វើការវែកញែក ដោយមហាជនមួយចំនួនគាំទ្រ ចំពោះការកំណត់តម្លៃសំបុត្រនេះ ខណៈដែលអ្នកគាំទ្រមួយចំនួនទៀត មានការត្អួញត្អែរ ដោយលើកហេតុផលថា តម្លៃសំបុត្រនេះគឺវាថ្លៃហួសហេតុពេក។

ខាងក្រោមនេះជាមតិមួយចំនួនដែលបានលើកឡើងជុំវិញតម្លៃសំបុត្រនេះ ដែលដកស្រងពី Comment អ្នកគាំទ្រ និងមហាជន ក្នុងទំព័រហ្វេសប៊ុកផ្លូវការណ៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលមានឈ្មោះថា Cambodia 2023។

មតិគាំទ្រ៖
-ការប្រកួតត្រូវរងចាំរយៈពេល ៦៤ឆ្នាំ ទើបអាចមានឱកាសទស្សនាផ្ទាល់ម្ដង ដូច្នេះតម្លៃសំបុត្រនេះ មិនថ្លៃនោះទេ
-នេះ ១០ឆ្នាំ មានតែម្តងទេ សម្រាប់ធ្វើម្ចាស់ផ្ទះ ហើយបើគិតពីកម្ពុជាយើងវិញ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តបានធ្វើម្ចាស់ផ្ទះ តម្លៃនេះ សម្រាប់អ្នកស្រលាញ់កីឡាជាតិពិត ដែលចង់មើលចង់ចូលរួមផ្ទាល់
-ទទួលស្គាល់ថាថ្លៃបន្តិច តែសមរម្យនឹងចូលរួមឲ្យតម្លៃហើយ ព្រោះការរៀបចំ និងចំណាយទាំងកម្លាំងកាយចិត្ត ពេលវេលា ថវិកា ចំនួនមនុស្សចូលរួមធ្វើរៀបចំ មិនតិចទេ
-ពិធីបើកការប្រកួតចឹងហើយ! តម្លៃនេះគឺសមរម្យបំផុត
-គេរៀបចំកម្មវិធីអស់លុយរាប់រយពាន់លាន សំបុត្រ សម្រាប់ថ្ងៃបើក ប៉ុណ្ណឹង ថ្លៃទេ កាលឆ្នាំនៅវៀតណាម ម្ជាស់ផ្ទះក៏មិនក្រោមហ្នឹងដែរ។

មតិត្អួញត្អែរ៖
-តម្លៃសំបុត្រថ្លៃណាស់ ចង់ទៅគាំទ្រ ប៉ុន្តែខ្វះលទ្ធភាព
-គួរណាស់តែកុំលក់ថ្លៃពេក
– ចំពោះស្មារតីនៃការគាំទ្រនៅតែមាន ១០០% តែបើនិយាយពីរឿងសំបុត្រចូលទស្សនា តម្លៃអាចថាថ្លៃបន្តិច
-តម្លៃនេះថ្លៃណាស់ ! គួរតែមានតម្លៃសមរម្យសម្រាប់ សិស្ស និងនិស្សិត
-តម្លៃនេះសម្រាប់ប្រជាជនខ្មែរយើង គឺវាថ្លៃណាស់ តែបើតម្លៃនេះលក់សម្រាប់អ្នកគាំទ្រប្រទេសដែលមកចូលរួមប្រកួត គឺខ្ញុំគិតថាល្អជាង
-សហព័ន្ធគួរតែចេញតម្លៃមួយផ្សេងទៀតដែលសមរម្យ សម្រាប់យើងជាម្ចាស់ផ្ទះ
-25$ អង្ករមួយបេ រស់បានមួយខែ
-នេះជាព្រឹត្តិការណ៏មិនដែលមានមែននៅក្នុងប្រទេស តែលក់សំបុត្រមើលស្ថានភាពពលរដ្ឋស្រុកយើងផង កុំប្រៀបទៅប្រទេសគេអី។

គួរបញ្ជាក់ថា នេះគ្រាន់តែជាតម្លៃសំបុត្រ សម្រាប់ចូលទស្សនាពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលធ្វើឡើងនៅកីឡដ្ឋានមរតកតេជោប៉ុណ្ណោះ ចំពោះតម្លៃសំបុត្រចូលរួមការប្រកួតទូទៅក្នុងព្រឹត្តិការណ៍នេះ គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេម នៅមិនទាន់បញ្ជាក់នៅឡើយទេ ដូច្នេះសូមមហាជនកុំមានការភាន់ច្រឡំ៕

អត្ថបទទាក់ទង