Close

តម្លៃប្រេងហក់ឡើង ក្រោយលោក Trump ព្រមានមេដឹកនាំកំពូលអ៊ីរ៉ង់

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានអន្តរជាតិ
តម្លៃប្រេងហក់ឡើង ក្រោយលោក Trump ព្រមានមេដឹកនាំកំពូលអ៊ីរ៉ង់ តម្លៃប្រេងហក់ឡើង ក្រោយលោក Trump ព្រមានមេដឹកនាំកំពូលអ៊ីរ៉ង់

អាមេរិក៖ តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ប្រហែលជាកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍បច្ចុប្បន្ន។

តម្លៃប្រេងឆៅអាមេរិក (WTI) បានកើនឡើង ១,៩៣ ដុល្លារ ឬ ៣,០៥% ឬស្មើនឹងតម្លៃ ៦៥,១៤ ដុល្លារក្នុងមួយបារ៉ែល។ ខណៈដែលតម្លៃប្រេងគោលសកល Brent ក៏បានកើនឡើង ២,១៣ ដុល្លារ ឬ ៣,១៦% ដល់ ៦៩,៤៦ ដុល្លារក្នុងមួយបារ៉ែល។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News លោក Trump បាននិយាយទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ថា៖ «ខ្ញុំនឹងនិយាយថា គាត់គួរតែព្រួយបារម្ភខ្លាំង។ គាត់គួរតែព្រួយបារម្ភ»។ លោកក៏បានបន្ថែមថា ដូចដែលមនុស្សទាំងអស់បានដឹង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតនៅក្នុងដំណើរការចរចាជាមួយគ្នា។

តម្លៃប្រេងហក់ឡើង ក្រោយលោក Trump ព្រមានមេដឹកនាំកំពូលអ៊ីរ៉ង់

ប្រធានាធិបតីអាមេរិករូបនេះ បានគំរាមធ្វើប្រតិបត្តិការយោធាលើអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់មិនព្រមយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ កាលពីមុន លោក Trump ក៏ធ្លាប់គំរាមធ្វើអន្តរាគមន៍យោធា ដើម្បីគាំទ្រក្រុមបាតុករ ដែលបានបះបោរប្រឆាំងនឹងរបបសាធារណរដ្ឋអ៊ីស្លាម នៅខែមករា ប៉ុន្តែបន្ទាប់មក លោកបានដកខ្លួនចេញពីសកម្មភាពយោធានោះវិញ។

អ្នកវិភាគបានព្រមានថា ជម្លោះជាមួយអ៊ីរ៉ង់ ឬការដួលរលំនៃរបបនេះ អាចនាំឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរ ដល់ការផ្គត់ផ្គង់ប្រេងឆៅនៅតំបន់មជ្ឈិមបូព៌ា។ អ៊ីរ៉ង់ គឺជាសមាជិកអង្គការ OPEC និងជាប្រទេសផលិតប្រេងដ៏សំខាន់មួយនៅលើពិភពលោក។

ទោះជាយ៉ាងណា កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែត្រូវបានមើលឃើញថា អាចជួយបន្ថយភាពតានតឹងបាន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសថា កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងធ្វើឡើងនៅម៉ោង ១០ ព្រឹក ថ្ងៃសុក្រ នៅទីក្រុង Muscat ប្រទេសអូម៉ង់។

យោងតាមសារព័ត៌មាន Axios មេដឹកនាំមជ្ឈិមបូព៌ា បានបង្ហាញថា កិច្ចពិភាក្សាដែលបានគ្រោងទុកនេះ ស្ទើរតែដួលរលំ នៅដើមថ្ងៃពុធ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ មិនអាចឈានដល់ការយល់ព្រមលើទីតាំង និងទម្រង់នៃការចរចាបាន។ ទោះជាយ៉ាងណា មន្ត្រីអាមេរិកពីររូប បានប្រាប់ Axios ថា ការអន្តរាគមន៍របស់មេដឹកនាំមជ្ឈិមបូព៌ា បានជួយឱ្យភាគីទាំងពីរ មិនដកខ្លួនចេញពីកិច្ចពិភាក្សានោះឡើយ។

ការព្រមានរបស់លោក Trump កើតមានឡើង បន្ទាប់ពីយោធាសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារ ថា ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់មួយគ្រឿង ដែលបានហោះចូលមកជិតនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln។ លើសពីនេះ ទូកកាំភ្លើងរបស់អ៊ីរ៉ង់ ក៏ត្រូវបានចោទថា បានព្យាយាមឡើងជិះលើនាវាពាណិជ្ជកម្មអាមេរិកមួយគ្រឿង នៅច្រកសមុទ្រ Hormuz នេះបើតាមទីបញ្ជាការកណ្ដាលអាមេរិក។

ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានអះអាងថា ដ្រូននោះ កំពុងអនុវត្តភារកិច្ចត្រួតពិនិត្យ និងស៊ើបការណ៍ជាប្រចាំ ដែលត្រូវបានអនុញ្ញាត ក្រោមច្បាប់អន្តរជាតិ៕

តម្លៃប្រេងហក់ឡើង ក្រោយលោក Trump ព្រមានមេដឹកនាំកំពូលអ៊ីរ៉ង់