Close

មេដឹកនាំអ៊ីរ៉ង់ព្រមានថា នឹងមានសង្គ្រាមក្នុងតំបន់ ប្រសិនបើអាមេរិកវាយប្រហារ

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានអន្តរជាតិ
មេដឹកនាំអ៊ីរ៉ង់ព្រមានថា នឹងមានសង្គ្រាមក្នុងតំបន់ ប្រសិនបើអាមេរិកវាយប្រហារ មេដឹកនាំអ៊ីរ៉ង់ព្រមានថា នឹងមានសង្គ្រាមក្នុងតំបន់ ប្រសិនបើអាមេរិកវាយប្រហារ

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមានថា ការវាយប្រហារណាមួយលើប្រទេសអ៊ីរ៉ង់ពីសំណាក់របស់សហរដ្ឋអាមេរិក នឹងនាំឱ្យផ្ទុះសង្រ្គាមនៅទូទាំងតំបន់ ។ នេះ បើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី ២ ខែកុម្ភៈ នេះ ។ ការព្រមាននេះ ស្របពេលសហរដ្ឋអាមេរិកកំពុងបន្តបង្កើនវត្តមានយោធារបស់ខ្លួននៅជុំវិញតំបន់ឆកសមុទ្រកោះប៉ាស៊ីក។

យោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលផ្លូវការ Tasnim លោក Khamenei បានថ្លែងថា៖ «ជនជាតិអាមេរិកគួរតែដឹងថា ប្រសិនបើពួកគេចាប់ផ្តើមសង្គ្រាម ពេលនេះវានឹងក្លាយជាសង្គ្រាមក្នុងតំបន់»។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ការពិភាក្សាជាមួយអ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាព “ច្របូកច្របល់” ប៉ុន្តែបង្ហាញក្តីសង្ឃឹមថា នឹងអាចឈានទៅរកលទ្ធផលមួយដែលអាចទទួលយកបាន។ ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់ទូរទស្សន៍ CNN ថា លោកមានទំនុកចិត្តថា ភាគីទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងមួយ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

មេដឹកនាំអ៊ីរ៉ង់ព្រមានថា នឹងមានសង្គ្រាមក្នុងតំបន់ ប្រសិនបើអាមេរិកវាយប្រហារ

លោក Trump ធ្លាប់បានគំរាមធ្វើអន្តរាគមន៍យោធាលើអ៊ីរ៉ង់ ពាក់ព័ន្ធនឹងមហិច្ឆតានុយក្លេអ៊ែរ និងការបង្ក្រាបយ៉ាងសាហាវលើការតវ៉ាប្រឆាំងរដ្ឋាភិបាល។ ជុំវិញរឿងនេះ លោក Araghchi បានថ្លែងថា អ៊ីរ៉ង់បានបាត់បង់ការជឿទុកចិត្តលើសហរដ្ឋអាមេរិក ក្នុងនាមជាដៃគូចរចា ប៉ុន្តែបានបន្ថែមថា ការបញ្ជូនសារតាមរយៈប្រទេសជាមិត្តនៅក្នុងតំបន់ កំពុងជួយសម្រួលដល់កិច្ចពិភាក្សា “ប្រកបដោយផ្លែផ្កា” ជាមួយទីក្រុងវ៉ាស៊ីនតោន។
មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់ លោក Ali Larijani បានអះអាងថា ក្របខណ្ឌសម្រាប់ការចរចាកំពុងមានវឌ្ឍនភាពជាបន្តបន្ទាប់។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ទៅកាន់តំបន់ឆកសមុទ្រអារ៉ាប់ ដើម្បីពង្រឹងកម្លាំងយោធា ដោយទីបញ្ជាការកណ្ដាលអាមេរិកបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅតំបន់នោះ។

លោក Khamenei បានឆ្លើយតបចំពោះការគំរាមនេះ ដោយថ្លែងថា ប្រជាជាតិអ៊ីរ៉ង់មិនមានការភ័យខ្លាចចំពោះការបង្ហាញកម្លាំងយោធារបស់សហរដ្ឋអាមេរិកឡើយ។
ក្នុងពេលដូចគ្នា អ៊ីរ៉ង់ត្រូវបានរំពឹងថា នឹងចាប់ផ្តើមសមយុទ្ធជើងទឹកបាញ់គ្រាប់ពិតរយៈពេលពីរថ្ងៃ នៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ម្នាក់ ដែលអះអាងថា កងទ័ពជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) មិនមានផែនការសម្រាប់សមយុទ្ធបែបនេះឡើយ។

ប្រហែលមួយភាគប្រាំនៃប្រេងដែលជួញដូរនៅលើពិភពលោក ត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលមានទទឹងប្រហែល ៣៣ គីឡូម៉ែត្រ នៅចំណុចតូចចង្អៀតបំផុតរវាងអ៊ីរ៉ង់ និងអូម៉ង់។ អ៊ីរ៉ង់ធ្លាប់បានគំរាមបិទច្រកនេះ ប្រសិនបើប្រទេសខ្លួនត្រូវបានវាយប្រហារ។
សហរដ្ឋអាមេរិកក៏បានព្រមានអ៊ីរ៉ង់ មិនឱ្យប្រព្រឹត្តអាកប្បកិរិយា “គ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” ណាមួយ ចំពោះកងកម្លាំងអាមេរិកនៅក្នុងតំបន់។ ជាការឆ្លើយតប លោក Araghchi បានរិះគន់ថា យោធាអាមេរិកកំពុងព្យាយាមកំណត់ពីរបៀបដែលកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់គួរតែអនុវត្តសកម្មភាព នៅក្នុងទឹកដីរបស់ខ្លួនផ្ទាល់។

នៅក្នុងប្រទេសអ៊ីរ៉ង់ ការផ្ទុះចំនួនពីរដែលកើតឡើងកាលពីថ្ងៃសៅរ៍ បានបង្កើនការថប់បារម្ភក្នុងសង្គម។ អាជ្ញាធរបានបញ្ជាក់ថា ការផ្ទុះមួយនៅទីក្រុងកំពង់ផែ Bandar Abbas បានសម្លាប់មនុស្សម្នាក់ និងបង្ករបួស ១៤ នាក់ ដោយសារការលេចធ្លាយឧស្ម័ន ខណៈការផ្ទុះមួយទៀតនៅទីក្រុង Ahvaz បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ ដោយមានមូលហេតុដូចគ្នា។ ទីភ្នាក់ងារ Tasnim បានបដិសេធព័ត៌មានថា មេបញ្ជាការកងទ័ពជើងទឹក IRGC ត្រូវបានកំណត់គោលដៅក្នុងហេតុការណ៍ទាំងនេះ។

កាលពីសប្តាហ៍មុន លោក Trump បានអះអាងថា លោកបានប្រាប់អ៊ីរ៉ង់ឱ្យបំពេញលក្ខខណ្ឌពីរ ដើម្បីជៀសវាងសកម្មភាពយោធារបស់សហរដ្ឋអាមេរិក គឺ “មិនអនុញ្ញាតឱ្យមាននុយក្លេអ៊ែរ” និង “បញ្ឈប់ការសម្លាប់បាតុករ”។

អង្គការសិទ្ធិមនុស្ស Human Rights Activists News Agency ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា មនុស្សជាង ៦,៣០០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីភាពចលាចលបានផ្ទុះឡើងនៅចុងខែធ្នូ ខណៈករណីស្លាប់ជាង ១៧,០០០ នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ដោយឡែក អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅន័រវែស បានព្រមានថា ចំនួនអ្នកស្លាប់អាចលើសពី ២៥,០០០ នាក់។

ក្នុងសុន្ទរកថាចុងក្រោយ លោក Khamenei បានចោទប្រកាន់ក្រុមអ្នកតវ៉ាថា បានវាយប្រហារប៉ូលីស និងស្ថាប័ននានា រួមទាំងធនាគារ និងវិហារអ៊ីស្លាម ហើយបានអះអាងថា «ការប៉ុនប៉ងបង្ករដ្ឋប្រហារត្រូវបានបង្ក្រាបរួចហើយ»៕https://www.bbc.com/news/articles/cx20z5nv9jxo