Close

កម្ពុជានឹងរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នៅពាក់កណ្តាលខែមីនា

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជានឹងរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នៅពាក់កណ្តាលខែមីនា កម្ពុជានឹងរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នៅពាក់កណ្តាលខែមីនា

ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងរៀបំ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ឆ្នាំ ២០២៦ ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមមូលបទ “នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ” ដើម្បីបង្ហាញកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ទិវាជាតិលើកទី៤ នឹងមានកម្មវិធីដូចជាពិព័រណ៍វិទ្យាសាស្ត្រ វេទិកាជជែកពីបច្ចេកវិទ្យា សកម្មភាពជំរុញនវានុវត្តន៍ និងពានរង្វាន់ “អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម” ជាដើម។

ក្នុងកិច្ចប្រជុំជាមួយតំណាងអន្តរក្រសួងនៅថ្ងៃទី២៨ ខែមករា លោកបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងលើកយកអាទិភាពជាតិ ក្រោមផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០៣០ រួមមានសុខាភិបាលឌីជីថល អព្យាក្រឹតភាពកាបូន និងការអប់រំប្រកបដោយគុណភាព ក្នុងគោលដៅកាត់បន្ថយគម្លាតរវាងការស្រាវជ្រាវ និងនវានុវត្តន៍ ជាមួយនឹងតម្រូវការជាក់ស្តែងក្នុងឧស្សាហកម្ម។

កម្ពុជានឹងរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នៅពាក់កណ្តាលខែមីនា

កម្មវិធីផ្តោតលើយុវជនដូចជា ពានរង្វាន់វិទ្យាសាស្ត្រ (Sci-Cup) ក៏នឹងជាព្រឹត្តិការណ៍សំខាន់មួយ ដើម្បីជំរុញចំណាប់អារម្មណ៍របស់យុវជនលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម) ព្រមទាំងគាំទ្រចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។

លោក ហ៊ុល សៀងហេង បានបន្ថែមថា៖ “ដើម្បីកសាងវប្បធម៌នវានុវត្តន៍ យើងត្រូវចាប់ផ្តើមជាមួយយុវជនរបស់យើង ព្រោះយើងដឹងថាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា”។

លោក បានសង្កត់ធ្ងន់លើតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការកាត់បន្ថយគម្លាតឌីជីថល ដោយលើកឡើងថា៖ “តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងចំណេះដឹងផ្នែកឌីជីថល យើងជំរុញការអភិវឌ្ឍឧស្សាហកម្មតាមរយៈនវានុវត្តន៍ ដោយមិនផាត់នរណាម្នាក់ចេញពីការទទួលបានអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឡើយ។”

កម្ពុជានឹងរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នៅពាក់កណ្តាលខែមីនា
កម្ពុជានឹងរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នៅពាក់កណ្តាលខែមីនា

លោក ក៏បានរំលេចផងដែរពីសារៈសំខាន់នៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការបណ្តុះប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលគាំទ្រដល់វិបុលភាព និងសន្តិសុខជាតិសម្រាប់រយៈពេលវែង។

បើតាម លោកបណ្ឌិត ហ៊ុល សៀងហេង “ពន្លារដ្ឋាភិបាល (Government Pavilion) ក៏នឹងបង្ហាញកំណែទម្រង់ដែលបាន និងកំពុងអនុវត្ត ព្រមទាំងដំណោះស្រាយឌីជីថលក្រោមគំនិតផ្តួចផ្តើម “Go-Digital” របស់រាជរដ្ឋាភិបាលផងដែរ”៕