អាមេរិក-ចិន ព្រមព្រៀងប្រគល់ការគ្រប់គ្រងលើប្រតិបត្តិការរបស់ TikTok ទៅឱ្យក្រុមហ៊ុនអាមេរិក
អាមេរិក៖ យោងតាមមន្ត្រីសេតវិមានបានឱ្យដឹងថា សហរដ្ឋអាមេរិក និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងប្រគល់ការគ្រប់គ្រងលើប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ទៅឱ្យក្រុមវិនិយោគិនដែលគាំទ្រដោយលោកប្រធានាធិបតី Donald Trump។
បើតាមការចុះផ្សាយរបស់ NBCNews កិច្ចព្រមព្រៀងនេះធ្វើឡើងមុនកាលកំណត់ដែលរដ្ឋបាលរបស់លោក Trump បានពន្យារពេលជាច្រើនលើក។
កាលពីខែមុន នាយកប្រតិបត្តិ TikTok លោក Shou Chew បានប្រាប់បុគ្គលិកថា ម្ចាស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ByteDance បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតការបណ្តាក់ទុនរួមគ្នាសម្រាប់កម្មវិធីនេះនៅក្នុងសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយរដ្ឋបាលលោក Trump មានន័យថា TikTok នៅសហរដ្ឋអាមេរិក នឹងក្លាយជាកម្មសិទ្ធិភាគច្រើនដោយក្រុមវិនិយោគិន ដែលរួមមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Oracle, មូលនិធិភាគហ៊ុនឯកជន Silver Lake ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា និងក្រុមហ៊ុនវិនិយោគ MGX របស់អេមីរ៉ាតអារ៉ាប់រួម។

លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីឆ្នាំថា អ្នកវិនិយោគដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះគឺ ពួកគេទាំងអស់សុទ្ធតែជាមនុស្សល្បីពិតប្រាកដខាងហិរញ្ញវត្ថុ។
លោកបាននិយាយកាលពីខែកញ្ញាថា TikTok នឹងដំណើរការដោយអាមេរិកគ្រប់មធ្យោបាយ។ ក្រុមហ៊ុន TikTok បានឱ្យដឹង នៅក្នុងអនុស្សរណៈមួយកាលពីខែធ្នូថា ByteDance នឹងរក្សាភាគហ៊ុន ១៩,៩% នៅក្នុងប្រតិបត្តិការរបស់សហរដ្ឋអាមេរិក។
យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ពីក្រុមហ៊ុន TikTok USDS Joint Venture LLC ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះនឹងគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលដែលមានសមាជិក៧នាក់។ សេចក្តីថ្លែងការណ៍បាននិយាយថា វានឹងត្រូវបានដឹកនាំដោយ Adam Presser ជាមួយ Chew ដែលបម្រើការជានាយក។
សមាជិកភាគច្រើនជាជនជាតិអាមេរិក។ ជនជាតិអាមេរិកបង្កើតមូលដ្ឋានអ្នកប្រើប្រាស់ និងអ្នកបង្កើតកម្មវិធី TikTok ធំជាងគេ ដោយមានអ្នកប្រើប្រាស់សកម្មជាង ១៥០ លាននាក់នៅក្នុងប្រទេស។
គួរបញ្ជាក់ថា ថ្នាលវីដេអូទម្រង់ខ្លីដ៏ពេញនិយមមួយនេះ បានរងការត្រួតពិនិត្យអស់រយៈពេលជាច្រើនឆ្នាំនៅទូទាំងច្រកផ្លូវនយោបាយក្នុងសហរដ្ឋអាមេរិក ជុំវិញភាពជាម្ចាស់កម្មសិទ្ធិរបស់ចិន។ ទាំងលោក ត្រាំ និងអតីតប្រធានាធិបតី ចូ បៃដិន សុទ្ធតែបានលើកឡើងពីកង្វល់សន្តិសុខជាតិ ក្នុងការប៉ុនប៉ងជំរុញឱ្យមានការហាមឃាត់កម្មវិធីនេះនៅទូទាំងប្រទេស។
ការហាមឃាត់បែបនេះស្ទើរតែកើតមានឡើងជាងមួយឆ្នាំមុន នៅពេលដែលច្បាប់ស្តីពីការការពារជនជាតិអាមេរិកពីកម្មវិធីបញ្ជាបរទេសត្រូវបានគេសន្មត់ថានឹងចូលជាធរមាន។ ច្បាប់ទ្វេភាគីដែលត្រូវបានតម្កល់ដោយតុលាការកំពូល តម្រូវឱ្យលោក ByteDance លក់វេទិកានេះទៅឱ្យក្រុមហ៊ុនអាមេរិក ឬប្រឈមមុខនឹងការហាមឃាត់៕
https://www.nbcnews.com/tech/social-media/white-house-china-finalize-deal-sell-control-us-tiktok-business-invest-rcna255498