លោក វ៉ី សំណាង ៖ បច្ចុប្បន្នខេត្តតាកែវកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្រសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ
តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា បច្ចុប្បន្នខេត្តតាកែវកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្រ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។
លោក វ៉ី សំណាង បានលើកឡើងបែបនេះ នាឱកាសទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដែលបានបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះបំណងនៃការពង្រីកការវិនិយោគ និងការបង្កើតរោងចក្រថ្មីៗនៅក្នុងទឹកដីនៃខេត្តតាកែវ នាពេលឆាប់ៗខាងមុខ។
លោកអភិបាលខេត្តរូបនេះ បន្ថែមថា គម្រោងវិនិយោគដែលមានស្រាប់ បាននិងកំពុងបង្កើតការងាររាប់ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងដាក់សំណើស្នើសុំបណ្ដាក់ទុនបន្ថែមជាបន្តបន្ទាប់។

លោក អភិបាលខេត្ត បានគូសបញ្ជាក់ពីមូលហេតុគន្លឹះដែលធ្វើឱ្យខេត្តតាកែវមានភាពទាក់ទាញ មានផ្លូវជាតិលេខ២ និងលេខ៣ ដែលមានស្ថានភាពល្អប្រសើរ និងស្ថិតនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិថ្មី មហាកម្លាំងចលករ “ព្រែកជីកតេជោហ្វូណន” ជាផ្លូវទឹកប្រវត្តិសាស្ត្រដែលឆ្លងកាត់ខេត្តតាកែវ និងផ្ដល់លទ្ធភាពយ៉ាងមហិមាដល់ការដឹកជញ្ជូន ភាពសម្បូរបែបលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រជាពលរដ្ឋមានភាពឧស្សាហ៍ព្យាយាម និងមានជំនាញច្បាស់លាស់ រដ្ឋបាលខេត្តតែងតែផ្ដល់ភាពងាយស្រួល និងជួយសម្របសម្រួលរាល់នីតិវិធីនានាជូនដល់អ្នកវិនិយោគទុនគ្រប់រូប។
ជាការឆ្លើយតប តំណាងក្រុមអ្នកវិនិយោគចិន បានសម្តែងនូវការកោតសរសើរ និងមានចំណាប់អារម្មណ៍ខ្ពស់បំផុត ក្រោយពីបានសិក្សាពីសក្ដានុពលដ៏អំណោយផលរបស់ខេត្តតាកែវ។ លោកបានបញ្ជាក់ថា៖”យើងពិតជាមានបំណងចង់បង្កើតក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ។
លើសពីនេះ យើងនឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀតពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីនាំយកទុនមកវិនិយោគនៅទីនេះឱ្យកាន់តែច្រើនបន្ថែមទៀត” ៕
