រដ្ឋមន្ត្រី ហេង សួរ៖ ក្រសួងទាំងពីរកំពុងជំរុញឱ្យមានការផ្លាស់ប្តូររថយន្តពីប្រភេទដឹកទំនិញ ទៅជារថយន្តដឹកអ្នកដំណើរ
កំពង់ឆ្នាំង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ក្រសួងទាំងពីរ បាននិងកំពុងខិតខំសហការគ្នា ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូររថយន្តពីប្រភេទដឹកទំនិញ ទៅជារថយន្តដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យ សម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែប្រសើរជាងមុន ដែលមានផាសុកភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក៏ដូចជាការរឹតបន្តឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស។
លោករដ្ឋមន្ត្រី ហេង សួរ បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ជាលើកទី២ ដែលបានរៀបចំឡើងដោយបេឡាជាតិសន្តិសុខសង្គម និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នៅរោងចក្រ ស៊ិនគី អឹភែរឹល (SHINKI APPAREL (CAMBODIA)) ក្នុងខេត្តកំពង់ឆ្នាំង។

បើតាមក្រសួងការងារ ការបន្តឱ្យដាក់អនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិតនៅពេលនេះ គឺ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យមានផាសុកភាព និងសុវត្ថិភាពជាងមុន ឱ្យបានមុនដំណាច់ឆ្នាំ២០២៧។
ថ្លែងនាឱកាសនេះ លោករដ្ឋមន្ត្រី ហេង សួរ បានសង្កត់ធ្ងន់ថា ការកែលម្អរថយន្តដឹកកម្មករដែលមានស្ដង់ដារ ដូចជាមានកៅអីអង្គុយ និងដំបូលការពារកម្ដៅ និងភ្លៀងត្រឹមត្រូវនេះ គឺមិនឱ្យមានការខាតបង់ប្រយោជន៍ដល់ភាគីណាមួយឡើយ ទាំងអ្នកបើកបរ បងប្អូនកម្មករ និងម្ចាស់រោងចក្រ ព្រោះថាការជិះឈរប្រជ្រៀតគ្នា គឺអាចប្រឈមនឹងហានិភ័យទាំងសុវត្ថិភាព និងសុខភាព ដែលនាំឱ្យផលិតភាពការងារធ្លាក់ចុះ។ លោក សង្ឃឹមថាម្ចាស់រោងចក្រ ម្ចាស់ម៉ាកដែលជាអ្នកបញ្ជាទិញ និងបងប្អូនកម្មករនិយោជិត ក៏នឹងចូលរួមចំណែកគាំទ្រ ដើម្បីធានាថាគ្រប់ភាគីទាំងអស់សុទ្ធតែទទួលបានផលពីការកែលម្អនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យបន្តចូលរួមផ្សព្វផ្សាយអប់រំសុវត្ថិភាពដល់កម្មករ និងអ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ និងត្រូវចងចាំថា អ្នកបើកបរមានការទទួលខុសត្រូវខ្ពស់លើអាយុជីវិត និងសុវត្ថិភាពអ្នកជិះ។ ប្រសិនបើបើកបរធ្វេសប្រហែស មិនត្រឹមតែបង្កហានិភ័យដល់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាសោកនាដកម្ម និងទុក្ខលំបាកដល់ក្រុមគ្រួសារបងប្អូនកម្មករ ដែលសុទ្ធតែមានបន្ទុកគ្រួសារដូចគ្នា។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការខិតខំលើកកម្ពស់សុវត្ថិភាពសម្រាប់កម្មករនិយោជិត។ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តពង្រីកកិច្ចសហការជាមួយក្រសួងការងារ និងអង្គភាពពាក់ព័ន្ធ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ និងកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករឱ្យមានផាសុកភាព សុវត្ថិភាព និងកាត់បន្ថយការចំណាយរបស់ពួកគាត់ផងដែរ។

លោកស្រី Xiaoyan Qian នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ក៏បានសម្តែងការអបអរសាទរចំពោះគម្រោងសាកល្បងនេះ និងបានបញ្ជាក់ថា អង្គការ ILO ត្រៀមខ្លួនជាស្រេចក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបទដ្ឋានកែលម្អ និងពង្រីកគម្រោងនេះទៅបណ្ដាខេត្តផ្សេងៗទៀត ព្រោះវាផ្តល់ប្រយោជន៍យ៉ាងខ្លាំងដល់គ្រប់ភាគី ជាពិសេសគឺសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិតដែលជាកត្តាដ៏ចម្បង។
យោងតាមរបាយការណ៍របស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ផាសុកភាព និងសុវត្ថិភាពកម្មករ។ បច្ចុប្បន្ន ខេត្តកំពង់ឆ្នាំងមានរោងចក្រ សហគ្រាសចំនួន ៤៩៤កន្លែង មានកម្មករនិយោជិតចំនួន ៦៩ ៦៦១នាក់។ ចំណែកស្ថិតិយានយន្ត និងអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករសរុបមានចំនួន ៣ ៣០៨គ្រឿង ក្នុងនោះរថយន្តដឹកកម្មករមានចំនួន ៣ ២៤៨គ្រឿង ដែលមានកម្មករជិះរថយន្តសរុបចំនួន ១៣៦ ៦៦០នាក់៕
