ខេត្តព្រះសីហនុ ដុតកម្ទេចផលិតផល ទំនិញម្ហូបអាហារខូចគុណភាព ជាងមួយតោន
ខេត្តព្រះសីហនុ៖ សាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប. )ខេត្តព្រះសីហនុ រៀបចំដុតកម្ទេចផលិតផល ទំនិញម្ហូបអាហារខូចគុណភាព ជាងមួយតោនដែលដកហូតបានតាមទីផ្សារនានាក្នុងខេត្ត និងព្រមានពីការដកហូតអាជ្ញាបណ្ណឬបិតអាជីវកម្មទាំងស្រុងតែម្តង ចំពោះអាជីវករលក់ដូរម្ហូបអាហារណាមួយដែលបន្តប្រព្រឹត្តល្មើសផ្ទុយនឹងច្បាប់ស្តីពីគុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវា ។
សកម្មភាពដុតកម្ទេចនេះធ្វើឡើងនៅទីលានចាក់សំរាម ក្នុងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម នាព្រឹកថ្ងៃ២០មករា២០២៦ ក្រោមវត្តមានលោក ហែម ដារិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ។

លោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ មានប្រសាសន៍ថា ការដុតកម្ទេចទំនិញផលិតផលម្ហូបអាហារខូចគុណភាពដែលដកហូតបានតាមទីផ្សារកន្លងមកនេះ គឺជាផលិតផលដែលមិនអនុលោមតាមលក្ខខ័ណ្ឌតម្រូវផ្នែកបច្ចេកទេស ឬមានកត្តាជាគ្រោះណាមួយ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ ។លោកប្រធានសាខា ក.ប.ប. ខេត្តមានប្រសាសន៍បន្ថែមថា ការដុតកម្ទេចទំនិញម្ហូបអាហារខូចគុណភាពថ្ងៃនេះ ក៍ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអនវត្តន៌តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។ លោកប្រធានសាខា ក៍បានផ្តាំផ្ញើដល់បងប្អូនអាជីវករ ត្រូវប្រកាន់ជំហរប្រគួតប្រជែងដោយសមធម៌ មិនត្រូវលក់ដូរបង្ខូចតម្លៃទំនិញ និងកុំយកទំនិញហួសកាលបរិច្ឆេទ ទំនិញគ្មានប្រភពច្បាស់លាស់ ឬទំនិញក្លែក្លាយ មកលក់ដូរជាដាច់ខាត ។

ក្នុងករណីបន្តប្រព្រឹត្តល្មើស សាខាក ប ប នឹងអនុវត្តតាមផ្លូវច្បាប់គុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវា និងច្បាប់ផ្សេងទៀត ដោយវិធានការ ដកហូតអាជ្ញាបណ្ណ ហើយក្នុងករណីមិនរាងចាល ឈានដល់ការបិតអាជីវកម្មទាំងស្រុងតែម្តង។
លោក ហែម ដារិទ្ធ អភិបាលរងខេត្ត ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានកោតសរសើរដល់មន្ត្រីសាខា ក ប ប ខេត្តព្រះសីហនុ ដែលបានដកហូតទំនិញម្ហូបអាហារខូចគុណភាព យកមកកម្ទេចចោលមិនឲ្យចរាចរណ៍លើទីផ្សារ ក៍ព្រោះថាម្ហូបអាហារខូចគុណភាពបែបនេះ នឹងបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
សូបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ពីមន្ត្រី ក.ប.ប.ខេត្តព្រះសីហនុ បានបង្ហាញពីសកម្មភាពចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមទីផ្សារ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុជាបន្តបន្ទាប់មកនេះ ទទួលបានលទ្ធផលល្អ ឈានទៅលុបបំបាត់ ការដាក់លាយនូវសារធាតុគីមីបន្ថែមលើទំនិញម្ហូបអាហារ ដ៍គ្រោះថ្នាក់មួយចំនួនដូចជា : បូរ៉ាក់ ហ្វ័ម៉ាលីន និងសារធាតុគីមី អូរ៉ាមីន-អូ ជាដើម។
របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤-២០២៥កន្លងទៅ សាខា ក ប ប ខេត្តព្រះសីហនុបានរកឃើញ និងដកហូតទំនិញម្ហូបអាហារខូចគុណភាព នៅតាមទីផ្សារនានាក្នុងខេត្តព្រះសីហនុ សរុបចំនួន ជាងមួយពាន់គីឡូក្រាម ដូចជា នំកញ្ចប់ មីចំរុះ គ្រឿងកំប៉ុង គ្រឿងសមុទ្រ និងបន្លែ ផ្លែឈើ ដែលមានផ្ទុកនូវសំណល់ថ្នាំកសិកម្ម ហើយយកមកដុតកម្ទេចចោលនាពេលនេះ៕
