សម្តេចតេជោអំពាវនាវឱ្យជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុក ពីប្រជាជនយកទៅចែកជូនកងទ័ពជួរមុខ ឬជនភៀសសឹក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន អំពាវនាវដល់ប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពជួរមុខ ឬជនភៀសសឹក ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងតែប្រមូលផលស្រូវ។
ការអំពាវនាវរបស់សម្តេចនេះ ធ្វើឡើង តាមរយៈការបង្ហោះសារផ្តាំផ្ញើការសាកសួរសុខទុក្ខតាមបណ្តាញសង្គម ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើង ការពារទឹកដីដ៏អង់អាចក្លាហានដើម្បី ប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។

នៅក្នុងសាររបស់សម្តេចតេជោ ក៏បាចូលរួមការលំបាកជាមួយបងប្អូន ប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន និងអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈ រាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹក។
លើសពីនេះទៀត ការអំពាវនាវរបស់សម្តេចនេះ ធ្វើឡើងបន្ទាប់ពីសម្តេច បានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថាសុំជួយជាអំបុកល្អជាងជួយជាមី។ សម្តេចតេជោយល់ថាសំណូមពរនេះសមហេតុសមផលតែសម្តេចយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយនិងការផ្តល់អំបុកបន្ថែម។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក។សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ»។
បើតាមសម្តេចតេជោ ហ៊ុន សែន ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន៕