Close

ព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ កំពុងធ្វើឲ្យកិត្តិយសម្ចាស់ផ្ទះរងការរិះគន់យ៉ាងចាស់ដៃ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ កំពុងធ្វើឲ្យកិត្តិយសម្ចាស់ផ្ទះរងការរិះគន់យ៉ាងចាស់ដៃ ព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ កំពុងធ្វើឲ្យកិត្តិយសម្ចាស់ផ្ទះរងការរិះគន់យ៉ាងចាស់ដៃ

បាងកក ៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី ៣៣ ដែលនឹងបើកនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នៅប្រទេសថៃ កំពុងស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមួយ ដោយសារតែកំហុសឆ្គងផ្នែកគ្រប់គ្រងកើតឡើងជាបន្តបន្ទាប់។

បញ្ហាចម្រូងចម្រាសទាំងនៅលើទីលានប្រកួតបាត់ទាត់ និងក្នុងការិយាល័យទូទាត់ថវិកា កំពុងធ្វើឲ្យកិត្តិយសរបស់ម្ចាស់ផ្ទះថៃ ទទួលរងការរិះគន់យ៉ាងគំហុកពីសាធារណជន និងគណៈប្រតិភូបរទេស។

ភាពរអាក់រអួលនៃការគ្រប់គ្រងបច្ចេកទេសបានឈានដល់កម្រិតអាម៉ាស់ជាអន្តរជាតិក្នុងអំឡុងពេលប្រកួតបាល់ទាត់បើកឆាកនៅខេត្តឈុនបុរី រវាងប្រទេសវៀតណាម និង ដោយសារតែប្រព័ន្ធសំឡេងនៅកីឡដ្ឋានបានរអាក់រអួល ហើយមិនបានបន្លឺភ្លេងជាតិរបស់ប្រទេសទាំងពីរនៅមុនការប្រកួតឡើយ។

ក្រុមការងាររបស់អាជ្ញាធរកីឡាថៃ (SAT) ត្រូវបានរកឃើញថា បានបញ្ចប់វេនការងារមុនម៉ោងកំណត់ ហើយបុគ្គលិកជំនួសមិនស្គាល់ប្រព័ន្ធ បង្ខំឲ្យកីឡាករត្រូវច្រៀងដោយខ្លួនឯង។

មួយវិញទៀត ព្រឹត្តិការណ៍នេះក៏ទទួលរងការរិះគន់លើការប្រើប្រាស់ទង់ជាតិមិនត្រឹមត្រូវ និងការប្រើប្រាស់រូបភាពដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការផ្សព្វផ្សាយជាផ្លូវការផងដែរ។

ទាំងនេះជារឿងមួយហើយ ប៉ុន្តែរឿងបញ្ហាហិរញ្ញវត្ថុ មិនត្រូវបានបញ្ចេញឱ្យបានទៀងទាត់ និងត្រឹមត្រូវ (២ ពាន់លានបាត)។បញ្ហានេះបានផ្ទុះឡើងជាសាធារណៈនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ដោយក្នុងនោះក្រុមហ៊ុនម៉ៅការផ្គត់ផ្គង់ និងតម្លើងអេក្រង់ LED សម្រាប់តំបន់ប្រកួត បានប្រកាសលុបចោលការងាររបស់ខ្លួន បន្ទាប់ពីមិនទូទាត់ប្រាក់កក់តាមកិច្ចព្រមព្រៀងផ្ទាល់មាត់ ដែលត្រូវបានពន្យារពេលតាំងពីថ្ងៃទី ១ ខែធ្នូ មកម្ល៉េះ។

ព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃកំពុងធ្វើឲ្យកិត្តិយសម្ចាស់ផ្ទះរងការរិះគន់យ៉ាងចាស់ដៃ

ជាមួយគ្នានេះក្រុមហ៊ុនបានជូនដំណឹងថា ការងារនឹងទុកជាមោឃៈប្រសិនបើប្រាក់មិនបានទូទាត់ត្រឹមម៉ោង ១៦:០០ ល្ងាចថ្ងៃដដែល ដោយបង្ហាញពីវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងររវាងអ្នករៀបចំ និងអ្នកផ្គត់ផ្គង់ឯកជន។

លើសពីនេះ ព្រឹត្តិការណ៍នេះក៏រងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅខេត្ត សុងក្លា (Songkhla) ដែលបង្ខំឲ្យអ្នករៀបចំត្រូវផ្លាស់ប្តូរទីតាំងប្រកួតនៃប្រភេទកីឡាចំនួន ១១ វិញ្ញាសា ទៅកាន់ទីក្រុងបាងកក និងខេត្តឈុនបុរីវិញជាបន្ទាន់។

ជាការឆ្លើយតបទៅនឹងរលកការរិះគន់នេះ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានចេញមុខការពារនៅថ្ងៃទី ៤ ខែធ្នូ ដោយលោកបានទទួលស្គាល់ពីភាពយឺតយ៉ាវដែលបន្សល់ទុក ប៉ុន្តែបានបដិសេធការរិះគន់ដែលប៉ះពាល់ដល់កិត្តិយសជាតិ។

នៅពេលអ្នកសារព័ត៌មានសួរអំពីការរិះគន់ដែលថា ការរៀបចំរបស់ថៃ «អន់ជាងកម្ពុជា» លោក Anutin បានតបវិញយ៉ាងខ្លីថា ការសម្ពោធមិនទាន់បានចាប់ផ្តើមផង រងចាំមើលក្រោយថ្ងៃសម្ពោធដំណើការជាផ្លូវការ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា រដ្ឋាភិបាលបានដឹងពីបញ្ហា ហើយបានចាត់តាំងលោក Thammanat Prompao ឧបនាយករដ្ឋមន្ត្រី ឲ្យចុះដោះស្រាយបញ្ហាកង្វះខាតទាំងនេះជាបន្ទាន់។ លោកក៏បានបញ្ជាក់ថា វាហួសពេលហើយក្នុងការវាស់វែងសូចនាករនៃភាពជោគជ័យ (KPIs) របស់រដ្ឋមន្ត្រីពាក់ព័ន្ធ ដោយសារតែសភានឹងត្រូវរំលាយក្នុងពេលឆាប់ៗនេះ។

សរុបសេចក្តីមក ជាមួយនឹងបញ្ហាប្រឈមគ្រប់ជ្រុងជ្រោយទាំងផ្នែកថវិកា បច្ចេកទេស និងការផ្លាស់ប្តូរទីតាំង ព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសថៃឆ្នាំ ២០២៥ ត្រូវបានដាក់ក្រោមការតាមដានយ៉ាងដិតដល់ ខណៈដែលថ្នាក់ដឹកនាំត្រូវប្រញាប់ប្រញាល់ស្តារមុខមាត់ និងទំនុកចិត្តឡើងវិញមុនពេលពិធីបើកសម្ពោធជាផ្លូវការមកដល់៕