ក្រសួងឧស្សាហកម្ម និង CDRI ចុះ MOU សហការពង្រឹងការស្រាវជ្រាវក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសហការពង្រឹងការស្រាវជ្រាវ បង្កើតភស្ដុតាងវិទ្យាសាស្រ្ត ចែករំលែកព័ត៌មាន និងចំណេះដឹង សំដៅរួមចំណែកដល់យុទ្ធសាស្រ្ត គោលនយោបាយ និងបេសកកម្មរបស់ក្រសួង។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។

អនុស្សរណៈនេះ ក្រសួង និងវិទ្យាស្ថាន CDRI នឹងសហការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍គោលនយោបាយពាក់ព័ន្ធនឹងវិស័យអាទិភាព ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ, ការទាក់ទាញការវិនិយោគពីវិស័យឯកជន, ពិពិធកម្មការនាំចេញដើម្បីបង្កើតការងារ និងបង្កើនផលិតភាព, និងការផ្លាស់ប្ដូរឆ្ពោះទៅការផលិតដែលផ្តល់តម្លៃបន្ថែមខ្ពស់និងផ្អែកលើបច្ចេកវិទ្យា ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម៕
