កម្ពុជារៀបចំវេទិកា ASEAN NEXT ឆ្នាំ២០២៥ ដើម្បីជំរុញការចាប់យកបច្ចេកវិទ្យាសម្រាប់តំបន់
ភ្នំពេញ៖ ប្រទេសកម្ពុជាបាននៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ បានធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកា ASEAN NEXT ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ច និងទំនើបកម្មវិស័យកម្មន្តសាលនៅទូទាំងតំបន់។
វេទិកាឆ្នាំ២០២៥ នេះ បានប្រមូលផ្តុំអ្នកដឹកនាំ អ្នកជំនាញ និងតំណាងឧស្សាហកម្ម ពីបណ្តាប្រទេសក្នុងតំបន់មកជួបជុំគ្នា ក្រោមប្រធានបទ៖ “តួនាទីនៃបច្ចេកវិទ្យា និងនវានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ភាពជោគជ័យនៃវិស័យកម្មន្តសាល ”។
វេទិការយៈពេលពីរថ្ងៃនេះមានគោលដៅតម្រង់ទិសគោលនយោបាយនវានុវត្តន៍ក្នុងតំបន់ ពង្រឹងភាពជាដៃគូឆ្លងព្រំដែន និងពន្លឿនបរិវត្តកម្មអាស៊ាន ឆ្ពោះទៅកាន់វិស័យកម្មន្តសាលទំនើប ផ្អែកលើបច្ចេកវិទ្យា និងផ្តល់តម្លៃបន្ថែមខ្ពស់។
ថ្លែងក្នុងពិធីបើកវេទិកា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ភាពប្រកួតប្រជែងនៃវិស័យកម្មន្តសាលក្នុងសតវត្សរ៍ទី២១ មិនផ្អែកលើកម្លាំងពលកម្មដែលមានតម្លៃទាបនោះទេ ប៉ុន្តែត្រូវផ្អែកលើចំណេះដឹង ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប ហើយហេដ្ឋារចនាសម្ព័ន្ធទន់ ជាក្របខ័ណ្ឌដ៏មានឥទ្ធិពលនៃបច្ចេកវិទ្យា នវានុវត្តន៍ និងមូលធនមនុស្ស។”

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានរំលេចនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម រួមទាំងការសិក្សាសមិទ្ធិលទ្ធភាពបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការរៀបចំបង្កើតមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា ដើម្បីពង្រឹងក្របខ័ណ្ឌនវានុវត្តន៍សម្រាប់កម្ពុជា និងតំបន់ទាំងមូល។
លោក ហែម វណ្ណឌី បានបន្ថែមថា៖ “សម្រាប់កម្ពុជា យើងមិនអាចត្រឹមតែឈរមើលការផ្លាស់ប្តូរជាសាកលទាំងនេះទេ។ យើងកំពុងចូលរួមយ៉ាងសកម្ម ដោយកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំមួយសម្រាប់អនាគត។ ASEAN NEXT គឺជាវេទិកាសម្រាប់ប្រែក្លាយគោលដៅយុទ្ធសាស្ត្ររបស់យើង ឱ្យទៅជាលទ្ធផលជាក់ស្តែង។”
ទាក់ទិននឹងបញ្ហានេះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ពីការគាំទ្រអាទិភាពនៃវេទិកា ASEAN NEXT ឆ្នាំ២០២៥ ដោយភ្ជាប់កម្មវត្ថុនៃវេទិកានេះទៅនឹងផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ២០២៦-២០៣៥ ថាជា “ត្រីវិស័យរួមសម្រាប់តំបន់”។
លោក បានសង្កត់ធ្ងន់ថា ភស្តុភារទំនើប ថាមពល ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់វិស័យកម្មន្តសាល។ លោកបានជំរុញឱ្យប្រទេសសមាជិកអាស៊ានពង្រីកការចាប់យកបច្ចេកវិទ្យា និងបង្កើនកម្លាំងពលកម្មជំនាញ ខណៈដែលបច្ចុប្បន្ន សហគ្រាសធុនតូចក្នុងតំបន់ប្រមាណតែ ១៦,៨% ប៉ុណ្ណោះ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញដល់បុគ្គលិក។
នៅក្នុងវេទិកានេះ លោកបណ្ឌិត Song Jianyuan នាយករងនៃមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា ចិន-អាស៊ាន បានលើកឡើងពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ការពង្រីកកម្មវិធីទ្វេភាគីរវាងចិន និងបណ្តាប្រទេសអាស៊ានចំនួន៩ និងការពង្រីកបណ្តាញនវានុវត្តន៍ ដែលបច្ចុប្បន្នមានជាង ២.៩០០ ស្ថាប័នចូលរួម។

លោកបណ្ឌិត Jianyuan បានលើកឡើងថា៖ “វេទិកា ASEAN NEXT ផ្តោតលើតម្រូវការជាក់ស្តែងរបស់ប្រទេសអាស៊ានសម្រាប់ការធ្វើទំនើបកម្មឧស្សាហកម្ម និងបរិវត្តកម្មឌីជីថល។ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រទាំងនេះនឹងជំរុញសាមគ្គីភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាពសម្រាប់តំបន់។”
តំណាងប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការអនុវត្តផែនទីបង្ហាញផ្លូវសហប្រតិបត្តិការ ដោយផ្តោតលើការចាប់យកបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត IoT និងបច្ចេកវិទ្យារ៉ូបូត, ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ, សុខដុមនីយកម្មគោលនយោបាយ, និងកិច្ចសហការផ្អែកលើថ្នាលបច្ចេកវិទ្យា តាមរយៈយន្តការដូចជា គណៈកម្មាធិការអាស៊ាន COSTI មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា ចិន-អាស៊ាន ច្រករបៀងនវានុវត្តន៍ មេគង្គ-ឡាងឆាង និងក្របខ័ណ្ឌផែនការសកម្មភាព APASTI ជាដើម៕
