បណ្ឌិត គិន ភា៖ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ ជាការប្រមាថចំពោះកម្ពុជា
ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការលើកឡើងរបស់ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ស្នើឱ្យឈប់ជជែកជាមួយកម្ពុជា បើសិនជាកម្ពុជាមិនព្រមដកអាវុធធន់ធ្ងន់ចេញពីតំបន់ព្រំដែន ថា ជាការប្រមាថចំពោះកម្ពុជា។
នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ២៥ ខែកក្កដា នេះ លោក បណ្ឌិត គិន ភាពន្យល់ថា រឿងអាវុធនេះ មិនថាធុនធ្ងន់ឬធុនស្រាលទេ មិនអាចដកពីព្រំដែនបានទេ មានតែដាក់ថែម។ គ្មាននរណាទិញអាវុធមកទុកលម្អទីក្រុងទេ គឺគេទិញអាវុធទុកការពារទឹកដី និងព្រំដែនពីការឈ្លានពានរបស់បរទេស»។
លោក បណ្ឌិត គិត ភា បានចោទសួរទៅភាគីថៃវិញថា តើអាវុធទំនើបៗព្រមទាំងយន្តហោះចម្បាំងរបស់ថៃផង តើទុកតាំងពិពណ៌ក្នុងសារមន្ទីរឬទុកយកមកបាញ់ក្បាលខ្មែរ?
លោកបណ្ឌិត បានចាត់ទុកថា«ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃរូបនេះ ជាការប្រមាថចំពោះកម្ពុជាដែលគិតថាយើងជាប្រជាជាតិល្ងង់ខ្លៅដប់គត់មិនដឹងខ្យល់អី និងបង្កប់នូវមហិច្ឆតាបន្តឈ្លានពានតជំនាន់មកលើបូរណភាពទឹកដីខ្មែរយើងតទៅទៀតដោយប្រើកម្លាំងបាយ ច្បាប់ព្រៃ និងផែនទីចោររបស់ខ្លួន»។
នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បាននិយាយកាលពីម្សិលមិញថា ឈប់ជជែកជាមួយកម្ពុជាបន្តទៀត បើជាកម្ពុជាមិនព្រមដកអាវុធធន់ធ្ងន់ចេញពីតំបន់ព្រំដែន និងបើជជែកមិនបានផលដដែល។
លោកថាមិនទាន់មានកិច្ចពិភាក្សាជាផ្លូវការជាមួយរដ្ឋាភិបាលកម្ពុជានៅឡើយទេ ប៉ុន្តែជំហររបស់ប្រទេសថៃនៅតែច្បាស់លាស់លើការរក្សាអធិបតេយ្យភាព ដោយយោធាធ្វើការសម្រេចចិត្តតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ។
លោកថ្លែងថា «ប្រសិនបើកម្ពុជាមិនដកអាវុធធុនធ្ងន់ចេញទេ យើងនៅតែមិនអាចចរចាបាន។ យើងរក្សាជំហររបស់យើងក្នុងការបិទច្រកព្រំដែនរហូតដល់ការគំរាមកំហែងពីកម្ពុជាត្រូវបានលុបបំបាត់»។
ម្សិលមិញនេះដែរ អ្នកនាំពាក្យកងទ័ពថៃឧត្តមសេនីយ៍ឯកWinthai Suvaree បានថ្លែងពន្យាពេលកិច្ចប្រជុំរវាងមេភូមិភាគ(RBC)ដែលគ្រោងធ្វើនៅថ្ងៃទី០១ខែតុលានេះ។
ខណៈដែលថៃកំពុងទាមឱ្យកម្ពុជាផ្ញើរទៅថៃអំពីនីតិវិធីដោះស្រាយបញ្ហានៅភូមិជោគជ័យនិងភូមិព្រៃចាន់(ឱ្យជម្លៀសប្រជាជនកម្ពុជាចេញពីទីតាំងដែលថៃកំពុងទាមទា)ឱ្យបានមុនកិច្ចប្រជុំGBCដែលនឹងគ្រោងធ្វើនៅថ្ងៃទី១០ខែតុលា(កិច្ចប្រជុំកំរិតរដ្ឋមន្ត្រីការពារជាតិឬការបរទេស) ថៃអាចលុបកិច្ចប្រជុំGBCនោះទៀត ប្រសិនបើសំណើររបស់ថៃមិនត្រូវបានធ្វើតាម។ ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃនៅខែតុលាខាងមុខនេះអាចកាន់តែតានតឹងខ្លាំង រហូតអាចផ្ទុះអាវុធម្តងទៀត៕