លោកបណ្ឌិត គិន ភា ហៅទាហានថៃ ជា «ពួកចោរព្រៃ»
ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បាន ហៅទាហានថៃ ជាពួកចោរព្រៃ ខណៈនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ពួកគេបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាឯកតោភាគី។
នៅលើបណ្តាញសង្គមហ្វេស៊បុក លោកបណ្ឌិត គិន ភាព បានសរសេរថា «ពួកចោរព្រៃចូលមកទៀតហើយ!សូមបងប្អូនប្រយ័ត្នឱ្យមែនទែន!»។
លោកបណ្ឌិត គិន ភា បានចាត់ទុកទង្វើរបស់ក្រុមទាហានថៃនេះជាយុទ្ធសាស្ត្រចោរព្រៃ ឈ្នះបានដី, ចាញ់បានខ្មែរខាតពេល, ខាតលុយ, បាត់បង់មុខរបរ, កសិករអត់បានធ្វើស្រែចម្ការ, កូនសិស្សសាលាមិនបានទៅរៀន, ព្រះសង្ឃមិនបានទៅវត្តវ៉ា, មន្ត្រីរាជការមិនបានចូលការិយាល័យ, សម្មភាពសេដ្ឋកិច្ចត្រូវបានផ្អាកឬរអាក់រអួល, ធ្វើឱ្យជាតិខ្មែរបែកបាក់និងមិនទុកចិត្តគ្នា, ហើយជាពិសេស ធ្វើឱ្យប្រជាជនបាត់បង់ជំនឿនិងទំនុកចិត្ដលើរាជរដ្ឋាភិបាល ដោយគិតថារាជរដ្ឋាភិបាលទន់ខ្សោយឬទន់ជ្រាយចំពោះមុខសត្រូវឈ្លាពាន។
ជាមួយគ្នានេះ លោកបណ្ឌិត បានអំពាវនាវដល់បងប្អូនយល់ឱ្យច្បាស់ នេះជាល្បិចនិងមហិច្ឆតាតជំនាន់របស់ចោរឈ្លានពានដែលចង់បាននិងលេបត្របាក់ទឹកដីយើងមករាប់សតវត្សរ៍មកហើយ។ ពូជចោរឈ្លានពាននេះមិនបោះបង់ល្បិចនិងមហិច្ឆតាឈ្លានពានរបស់ពួកគេទេ។
លោកថ្លែងថា «ពួកនេះរួមគ្នាសម្ដែងតួល្អណាស់ ដើម្បីឈ្លានពាននិងលេបត្របាក់ទឹកដីយើង។ សកម្មភាពរបស់ពួកគេ ស្រុះគ្នាតាមតួនាទីរៀងៗខ្លួន ម្ចាស់វាំង រដ្ឋាភិបាល ទាហាន អ្នកនយោបាយគ្រប់បក្ស មហាជន និងម៉ាស៊ីនឃោសនារបស់គេ សុទ្ធតែកំពុងអនុវត្តល្បិចនិងមហិច្ឆតារបស់គេយ៉ាងរស់រវើក»។
លោកបន្ថែមថា «ដូច្នេះ សូមបងប្អូនកុំបែកបាក់សាមគ្គីឱ្យសោះ, ពេលនេះជាងពេលណាៗទាំងអស់ សាមគ្គីភាពមានសារៈសំខាន់ណាស់ គឺសាមគ្គីភាពក្នុងចំណោមតួអង្គទាំងអស់នៃសង្គមយើង រួមមាន ប្រជាពលរដ្ឋ អ្នកនយោបាយគ្រប់និន្នាការ រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួបរួមគ្នាឈរលើស្មារតីជាតិខ្មែរតែមួយ ដើម្បីការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីយើងទាំងអស់គ្នា និងរួមគ្នាអភិវឌ្ឍជាតិយើងឱ្យរឹងមាំ ខ្លាំងពូកែលើគ្រប់វិស័យ»
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យពួកវាមកវាស់បានទេ ពួកទាហានថៃក៏បានដកថយ។
ចំណែកគ្នាវាមួយក្រុមទៀតចង់ទៅបង្គោលព្រំដែនលេខ ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋដែលជាម្ចាស់ដី និងជាអ្នករស់នៅផ្ទាល់បានត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។ សភាពការណ៍ពេលនេះមិនធ្ងន់ធ្ងរនោះទេ តែកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដី៕