មនុស្សជាង ១០០០នាក់ ចូលរួមរត់ដើម្បីអបអរសាទរខួប ២ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ
ព្រះវិហារ៖ មនុស្សជាង ១០០០នាក់ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ បានចូលរួមកម្មវិធីរត់សហគមន៍ «ផ្លូវកោះកេរ» ដើម្បីអបអរសាទរខួប២ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុបរិវេណប្រាសាទកោះកេរផ្ទាល់ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ និង លោក គីម រិទ្ធី អភិបាលខេត្ត ក្រុមការងារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ១ពាន់នាក់ បានចូលរួមកម្មវិធីរត់សហគមន៍«ផ្លូវកោះកេរ» ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុបរិវេណប្រាសាទកោះកេរផ្ទាល់ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួប២ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភបលោក ដោយមានការចូលរួមពីបងប្អូនជាង ១០០០ នាក់និង ការរត់មានចំងាយជាង ៩គីឡូមែត្រ ជុំវិញផ្លូវប្រាសាទកោះកេរ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន កោតសរសើរចំពោះអាជ្ញាធរខេត្តដែលបានរៀបចំកម្មវិធីនេះឡើងដែលបង្កជាភាពសប្បាយរីករាយ និង សូមចូលរួមអបអរសាទរចំពោះអ្នកដែលទទួលបានជ័យលាភីក្នុងកម្មវិធី។
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ជាខួប២ឆ្នាំ ដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ «រមណីដ្ឋានប្រាសាទកោះកេរ» ស្ថិតក្នុងខេត្តព្រះវិហារ ជាអតីតរាជធានីលិង្គបុរ ឬឆោកគគ៌្យរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចដាក់បញ្ចូល ប្រាសាទកោះកេរ គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវចូលរួមសហការបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណី ទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និងសត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងសារលិខិតខួប ២ឆ្នាំនៃការចុះ«រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថា ប្រជាជនគ្រប់រូបមានភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយ ថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេររបស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
សូមជម្រាបថា «រមណីដ្ឋានប្រាសាទកោះកេរ» ស្ថិតនៅប្រាសាទកោះកេរ មានទំហីដីជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ខេត្តព្រះវិហារ។ ប្រាសាទកោះកេរ មានលក្ខណៈជាប្រាសាទភ្នំ កម្ពស់ប្រមាណ៣៥ម៉ែត្រ ចែកចេញជា៧ថ្នាក់ បីដូចជាមហាចេតិយ៍ បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ៥៥កាំ។
តាមថ្នាក់ពីមួយទៅមួយ មានកម្ពស់៥ម៉ែត្រ មានផ្ទៃរាបប្រមាណ២ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចម្លាក់គ្រុឌធំៗជាច្រើន កំពុងសម្ដែងរិទ្ធិ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នា មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម៉ែត្រ។ កោះកេរ ជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង ១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ៕