កាសែត Nikkei ៖ ក្រុមគ្រួសារយោធាកម្ពុជា កំពុងកាន់ទុក្ខ ខណៈជនរងគ្រោះក្នុងជម្លោះជាមួយថៃបានកើនឡើងដល់ជាង ៥០នាក់

ភ្នំពេញ៖ ក្រុមគ្រួសារទាហានកម្ពុជា កំពុងបង្ហាញការសោកសៅយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន ខណៈជម្លោះព្រំដែនដ៏តានតឹងជាមួយប្រទេសថៃបានបង្កឱ្យមានការបាត់បង់ជីវិតយ៉ាងច្រើន ដែលតួលេខជនរងគ្រោះសរុបនៅលើភាគីទាំងសងខាងបានកើនឡើងដល់ជាង ៥០ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Nikkei Asia ។
ជម្លោះព្រំដែននេះ បានចាប់ផ្ដើមដោយមានការផ្ទុះគ្រាប់មីនមួយគ្រាប់ដែលបានបណ្ដាលឲ្យទាហានថៃ ៥ នាក់រងរបួស។ ក្រោយមក ជម្លោះក៏បានរីករាលដាលទៅជាការបាញ់ផ្លោងគ្រាប់កាំភ្លើងធំទ្រង់ទ្រាយធំ ដែលបានបំផ្លិចបំផ្លាញដល់លំនៅឋាន និងបានបង្ខំឱ្យប្រជាជនជាង ១៦៨,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធ។
ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នកបង្កឱ្យមានអំពើហិង្សានេះឡើង។ ជម្លោះនេះ មិនត្រឹមតែបានបណ្ដាលឱ្យទាហានស្លាប់ និងរងរបួសនោះទេ តែក៏បានឆក់យកជីវិតជនស៊ីវិលផងដែរ រួមទាំងកុមារតូចៗ ដែលធ្វើឱ្យគ្រួសាររបស់ពួកគេត្រូវធ្លាក់ចូលក្នុងភាពសោកសៅយ៉ាងខ្លាំង។ នៅប្រទេសថៃ ក៏មានការរៀបចំពិធីបូជាសពទ្រង់ទ្រាយធំសម្រាប់ជនរងគ្រោះផងដែរ។
សហគមន៍អន្តរជាតិបានអំពាវនាវឱ្យភាគីទាំងពីរ បញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ ដើម្បីឈានដល់ដំណោះស្រាយដោយសន្តិវិធី។ ថ្វីបើយ៉ាងនេះក្ដី ស្ថានភាពនៅតាមព្រំដែននៅតែបន្តតានតឹង ហើយការចរចាការទូតកំពុងដំណើរការដើម្បីស្វែងរកច្រកចេញមួយដែលអាចបញ្ចប់ជម្លោះនេះបាន៕