Close

ដំណឹងល្អ! ផ្លូវឡើងភ្នំខ្នងផ្សារ ត្រៀមបើកទំព័រថ្មីនៃទេសចរណ៍បៃតងដ៏អស្ចារ្យនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 20 ម៉ោងមុន ព័ត៌មានជាតិ
ដំណឹងល្អ! ផ្លូវឡើងភ្នំខ្នងផ្សារ ត្រៀមបើកទំព័រថ្មីនៃទេសចរណ៍បៃតងដ៏អស្ចារ្យនៅកម្ពុជា ដំណឹងល្អ! ផ្លូវឡើងភ្នំខ្នងផ្សារ ត្រៀមបើកទំព័រថ្មីនៃទេសចរណ៍បៃតងដ៏អស្ចារ្យនៅកម្ពុជា

ខេត្តកំពង់ស្ពឺ៖ ការដ្ឋានសាងសង់ផ្លូវឡើងទៅកាន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារ កំពុងតែសម្រេចបានវឌ្ឍនភាពដ៏គាប់ប្រសើរ ដែលត្រៀមនឹងបើកទំព័រថ្មីមួយសម្រាប់វិស័យទេសចរណ៍បៃតងរបស់កម្ពុជា។ ផ្លូវដ៏មានសក្ដានុពលនេះ ដែលស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺជាប់នឹងខេត្តកោះកុង ពេលនេះបានបញ្ចប់ការចាក់ដី និងកិនពង្រាបបានយ៉ាងស្អាតបាតរួចរាល់ហើយ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃនេះថា ទោះបីជាស្ថិតក្នុងរដូវវស្សាក្ដី ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារនៅតែបន្តដំណើរការឥតឈប់ឈរ។ នេះជាដំណឹងល្អសម្រាប់ភ្ញៀវទេសចរ ដែលនៅតែបន្តទៅកម្សាន្តនៅទីនោះបានប្រសើរជាងមុន។ ជាក់ស្តែង ផ្លូវចាប់ពីវត្តតាំងបំពង់ រហូតដល់ជើងភ្នំខ្នងផ្សារ ប្រវែងជាង ៧ គីឡូម៉ែត្រ ត្រូវបានចាក់ពង្រាបរួចរាល់ ដែលធ្វើឲ្យការធ្វើដំណើរមានភាពងាយស្រួលគួរឲ្យកត់សម្គាល់។

ដំណឹងល្អ! ផ្លូវឡើងភ្នំខ្នងផ្សារត្រៀមបើកទំព័រថ្មីនៃទេសចរណ៍បៃតងដ៏អស្ចារ្យនៅកម្ពុជា

ឯកឧត្តមបានបន្ថែមថា ក្រសួងបរិស្ថាន កំពុងសហការយ៉ាងសកម្មជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍គោលដៅលំហែបៃតងនៅតំបន់ខ្នងផ្សារ រួមមានភ្នំខ្នងសំពៅ និងភ្នំខ្នងផ្សារផ្ទាល់។ ដំណើរការទាំងនេះ ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់តាមបទដ្ឋានបច្ចេកទេសបរិស្ថាន ដើម្បីធានាបាននូវការការពារ និងអភិរក្សធនធានធម្មជាតិ ទេសភាពដ៏ស្រស់ត្រកាល ព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។

ការដ្ឋានសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យគោលដៅលំហែបៃតងនៅតំបន់ខ្នងផ្សារនេះ ត្រូវបានបើកសម្ពោធជាផ្លូវការនៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ដំណឹងល្អ! ផ្លូវឡើងភ្នំខ្នងផ្សារត្រៀមបើកទំព័រថ្មីនៃទេសចរណ៍បៃតងដ៏អស្ចារ្យនៅកម្ពុជា

រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍បានឈានដល់ការបញ្ចប់ការចាក់ដី និងពង្រាបផ្លូវក្រាលក្រួសក្រហម (កាលថ្មម៉ិច) ប្រវែង ៧,២ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ។ លើសពីនេះ ការសាងសង់ក្លោងទ្វារឡើងភ្នំសម្រេចបាន ២៥% បន្ទប់ទឹកស្អាតសម្រេចបាន ២០% រួមជាមួយស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍ និងបន្ទប់សង្គ្រោះបឋមសម្រេចបាន ៣៥%។ ការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ និងការបើកការសាងសង់ផ្លូវថ្មើរជើងឡើងតំបន់ភ្នំខ្នងផ្សារ ចាប់ពីជើងភ្នំដល់ដំណាក់ដានព្រះ មុនទៅដល់ភ្នំខ្នងផ្សារ រួមជាមួយកន្លែងចតយានយន្ត ក៏បានរៀបចំសម្រេចបានមួយចំនួនផងដែរ។

ក្នុងគម្រោងនេះ ក្រសួងបរិស្ថានក៏មានបំណងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដោយមានដាំដើមឈើព្រៃ និងឈើហូបផ្លែ ដើម្បីផ្តល់ម្លប់ និងជាចំណីអាហារសម្រាប់ទេសចរ។ ក្រៅពីនេះ ក្រសួងនឹងផ្តល់ជូនទេសចរនូវទឹកស្អាតដែលចម្រោះចេញពីប្រភពធម្មជាតិលើភ្នំ ព្រមទាំងដាក់ស្លាកព័ត៌មានបង្ហាញពីចម្ងាយផ្លូវ និងសារៈប្រយោជន៍នៃការឡើងភ្នំចំពោះសុខភាពនៅតាមកន្លែងសម្រាកនីមួយៗផងដែរ។

ដំណឹងល្អ! ផ្លូវឡើងភ្នំខ្នងផ្សារត្រៀមបើកទំព័រថ្មីនៃទេសចរណ៍បៃតងដ៏អស្ចារ្យនៅកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមបែបបៃតងនេះ គឺជាការឆ្លើយតបទៅនឹងការផ្តួចផ្តើម និងចង្អុលបង្ហាញផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការចាប់ផ្តើមអនុវត្តគម្រោងនេះ គឺដើម្បី «បង្កើតអនាគតថ្មីសម្រាប់តំបន់នេះ»។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងត្រូវផ្តល់ជូនសហគមន៍មូលដ្ឋានធ្វើការគ្រប់គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ឲ្យទៅជាសហគ្រិន។ នេះជាការផ្លាស់ប្តូរដ៏សំខាន់ពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងបង្កើនចំណូលជីវភាពគ្រួសារបន្ថែមទៀតពីគោលដៅលំហែបៃតងតាមសហគមន៍។

ការបង្កើតគោលដៅលំហែបៃតងនេះ អនុវត្តតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សំដៅការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានធម្មជាតិបានយូរអង្វែង ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ៕

ដំណឹងល្អ! ផ្លូវឡើងភ្នំខ្នងផ្សារត្រៀមបើកទំព័រថ្មីនៃទេសចរណ៍បៃតងដ៏អស្ចារ្យនៅកម្ពុជា
ដំណឹងល្អ! ផ្លូវឡើងភ្នំខ្នងផ្សារត្រៀមបើកទំព័រថ្មីនៃទេសចរណ៍បៃតងដ៏អស្ចារ្យនៅកម្ពុជា