Close

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីក្លែងបន្លំតេឡេក្រាម «សម្តេចតេជោ» ក្នុងរូបភាពវិនិយោគទទួលបានផលចំណេញ ៤ម៉ឺនដុល្លារ

ដោយ៖ Chhan Sreyka ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីក្លែងបន្លំតេឡេក្រាម «សម្តេចតេជោ» ក្នុងរូបភាពវិនិយោគទទួលបានផលចំណេញ ៤ម៉ឺនដុល្លារ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីក្លែងបន្លំតេឡេក្រាម «សម្តេចតេជោ» ក្នុងរូបភាពវិនិយោគទទួលបានផលចំណេញ ៤ម៉ឺនដុល្លារ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីក្លែងបន្លំតេឡេក្រាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។

ប្រតិបត្តិការនេះ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី មានទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លា។

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីក្លែងបន្លំតេឡេក្រាម«សម្តេចតេជោ»ក្នុងរូបភាពវិនិយោគទទួលបានផលចំណេញ ៤ម៉ឺនដុល្លារ

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣រូបបន្ថែមទៀត ប្រុស០២រូប ជនជាតិរុស្សី និងស្រី០១រូប ជនជាតិខ្មែរ ដែលជាអ្នកធ្វើសកម្មភាពទទួលប្រាក់បន្តពីជនសង្ស័យខាងលើ និងបន្តប្តូរប្រាក់ជារូបិយប័ណ្ណអេឡិចត្រូនិច។

បច្ចុប្បន្នជនសង្ស័យ០៤រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញផ្សេងៗអោយបានហ្មត់ចត់ជាមុន ចៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ៕


ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីក្លែងបន្លំតេឡេក្រាម«សម្តេចតេជោ»ក្នុងរូបភាពវិនិយោគទទួលបានផលចំណេញ ៤ម៉ឺនដុល្លារ