Close

វិស័យឯកជនបើកកិច្ចប្រជុំវាយតម្លៃ លើផលប៉ះពាល់ពីស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ”

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ
វិស័យឯកជនបើកកិច្ចប្រជុំវាយតម្លៃ លើផលប៉ះពាល់ពីស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ” វិស័យឯកជនបើកកិច្ចប្រជុំវាយតម្លៃ លើផលប៉ះពាល់ពីស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ”

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំ សហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ និងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាគម និងសភាពាណិជ្ជកម្ម-ធុរកិច្ច វិនិយោគ ជាតិ-អន្តរជាតិ ដែលមានភាពជាតំណាងរបស់ខ្លួននៅកម្ពុជា សម្រាប់ កិច្ចប្រជុំផ្នែកឯកជន ស្តីពី “ការវាយតម្លៃ និងការផ្តល់ជាអនុសាសន៍ លើផលប៉ះពាល់ ក្នុងរយៈពេល ខ្លី មធ្យម និងវែង ពី ស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ”។

វិស័យឯកជនបើកកិច្ចប្រជុំវាយតម្លៃ លើផលប៉ះពាល់ពីស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ”

កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ដោយ មានការចូលរួមមកពីគ្រប់ភាគីពាក់ព័ន្ធ សមាគមជាតិ អន្តរជាតិ សភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា សហប្រធានក្រុមការងារទាំងអស់ និងធុរជនធំជាច្រើនរូប ដើម្បីពិភាក្សាលើបញ្ហាសំខាន់ ដើម្បីធ្វើការវាយតម្លៃពីបញ្ហាប្រឈម សំណើ និងសំណូមពរផ្សេងៗ ព្រមទាំងស្វែងរកចម្លើយជាយុទ្ធសាស្ត្រដែលសមស្រប និងបង្កើនកិច្ចសហការណ៍ផ្តល់ជាដំណោះស្រាយលើផលប៉ះពាល់កំពុងជួបប្រទះក្នុងកាលៈទេសៈនេះ។

អង្គប្រជុំបានលើកឡើងនូវបញ្ហា យោបល់សំខាន់ៗ រួមមាន៖ ១. វិបត្តិព្រំដែនកម្ពុជា-ថៃកំពុងបង្កការរាំងស្ទះដល់ពាណិជ្ជកម្ម ការធ្វើទេសចរណ៍ និងចរន្តពលកម្ម, ២. វិស័យមីក្រូហិរញ្ញវត្ថុ: ស្ថាប័នឥណទានខ្នាតតូច បានសម្គាល់ហានិភ័យប្រព័ន្ធ ប្រសិនបើពលករកម្ពុជានៅថៃ ត្រឡប់មកវិញហើយជួបការលំបាកក្នុងការសងបំណុល, ៣. ការរាំងស្ទះលំហូរពាណិជ្ជកម្ម បង្កឲ្យតម្លៃដើមបង្កើតរោងចក្រខ្ពស់ឡើងនៅក្បែរព្រំដែន ខណៈដែលការស្វែងរកអ្នកផ្គត់ផ្គង់ជំនួសនៅតែពិបាក, ៤.វិស័យទេសចរណ៍ គឺចរន្តទេសចរធ្លាក់ចុះយ៉ាងខ្លាំងនៅសៀមរាប និងភ្នំពេញ ដោយការស្វែងរកអន្តរជាតិចំពោះកម្ពុជាក៏បានធ្លាក់ចុះ ២០% ផងដែរ, ៥. ខ្សែសង្វាក់ផ្គត់ផ្គង់កំពុងមានការបត់បែន ដែលធ្វើឲ្យក្រុមហ៊ុនផលិតអាហារកម្ពុជាកំពុងបង្កើនផលិតកម្ម ជាពិសេសសំរាប់សម្រាប់ទីផ្សារម៉ាឡេស៊ី និងវៀតណាម ដើម្បីក្លាយជាដៃគូផ្គត់ផ្គង់។ ប្រទេសកាណាដាក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មក្នុងទីផ្សារកម្ពុជា, ៦. វិស័យកសិកម្ម: បញ្ហាជីកសិកម្ម និងការផ្លាស់ប្តូរដោយរហ័សនៃប្រភពផ្គត់ផ្គង់អាចគំរាមកំហែងសន្តិសុខអាហារ និងបានពិភាក្សាលើវិស័យផ្សេងៗជាច្រើនទៀត ផងដែរ។

ទាក់ទិននឹងបញ្ហានេះ កាលពីពេលថ្មីៗនេះ នាយកដ្ឋានពាណិជ្ជកម្មនៃប្រទេសថៃ (DFT) បានព្រមានថា ប្រសិនបើច្រកព្រំប្រទល់ថៃ-កម្ពុជា បន្តបិទរហូតដល់ចុងឆ្នាំនេះ ថៃមុខជានឹងត្រូវខាតបង់ជាង ៦០ពាន់លានបាត ឬស្មើនឹង១.៨៤ពាន់លានដុល្លារអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន។

វិស័យឯកជនបើកកិច្ចប្រជុំវាយតម្លៃ លើផលប៉ះពាល់ពីស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ”

អគ្គនាយិកា DFT លោកស្រី Arada Fuangtong បាននិយាយថា ប្រសិនបើព្រំប្រទល់បន្តបិទចាប់ខែមិថុនា រហូតដល់ខែធ្នូ ការខាតបង់ប្រាក់ចំណូលពីការនាំចេញទំនិញរបស់ថៃ ត្រូវបានប៉ាន់ប្រមាណថា អាចមានទំហំលើស៦០ពាន់លានបាត។ តួលេខនេះ គឺផ្អែកលើការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនសរុប កាលពីឆ្នាំ២០២៤ ដែលមានទំហំ១៧៥ពាន់លានបាត ឬស្មើនឹង៥.៣៨ពាន់លានដុល្លារអាមេរិក រវាងថៃនិងកម្ពុជា ដោយក្នុងនោះការនាំចេញមានទំហំប្រមាណ ១៤២ពាន់លានបាត (៤.៣៦ពាន់លានដុល្លារអាមេរិក) ឬស្មើនឹងជាមធ្យម ១១.៨ពាន់លានបាត (៣៦២លានដុល្លារអាមេរិក) ក្នុងមួយខែៗ។

លោកស្រី Arada បានបន្ថែមថា អំឡុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញសរុបរបស់ថៃទៅកាន់កម្ពុជា មានទំហំ១៤៦ពាន់លានបាត (៤.៤៩ពាន់លានដុល្លារអាមេរិក) ដែលជាកំណើន ៨.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការនាំចេញតាមព្រំដែន មានទំហំ៦៣.១ពាន់លានបាត (១.៩៤ពាន់លានដុល្លារអាមេរិក) ដែលជាកំណើន៩ភាគរយ។ បើតាមលោកស្រី Arada ប្រសិនបើច្រកព្រំដែនជាមួយកម្ពុជាបន្តបិទរាប់ខែទៀត ប្រទេសថៃប្រហែលជានឹងត្រូវបង្កើនការនាំចូលពីប្រទេសជិតខាងដទៃទៀត ប៉ុន្តែការនាំចូលពីប្រទេសដទៃទាំងនោះ នឹងទាមទារថ្លៃដឹកជញ្ជូនខ្ពស់ ហើយរយៈពេលដឹកជញ្ជូនយូរជាងមុន។

ជាចុងក្រោយ លោកស្រី Arada Fuangtong បានបញ្ជាក់ថា ជារួមការបិទព្រំដែនជាមួយកម្ពុជា នឹងជះផលប៉ះពាល់អវិជ្ជមាន ចំពោះគោលដៅនៃការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនសរុប របស់ប្រទេសថៃ នៅក្នុងឆ្នាំ២០២៥នេះ។ ពីដំបូងឡើយ គោលដៅពាណិជ្ជកម្មឆ្លងព្រំដែន ត្រូវបានកំណត់ថា នឹងទទួលបានកំណើនខ្ទង់ ៣ភាគរយ ជាមួយទំហំពាណិជ្ជកម្មសរុប ១.៨៧ទ្រីលានបាត (៥៧.៥ពាន់លានដុល្លារអាមេរិក)។ ប៉ុន្តែ ដោយសារតែការបិទព្រំដែន កំណើនពាណិជ្ជកម្មនាពេលនេះ ត្រូវរំពឹងថា នឹងទទួលបានត្រឹម១-២ភាគរយប៉ុណ្ណោះ ធៀបនឹងឆ្នាំមុន ដែលមានទំហំ ១.៨២ទ្រីលានបាត (៥៦ពាន់លានដុល្លារអាមេរិក)៕

វិស័យឯកជនបើកកិច្ចប្រជុំវាយតម្លៃ លើផលប៉ះពាល់ពីស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ”