ឯកឧត្ដម ថោង ខុន អំពាវនាវបន្តអនុវត្ត និងផ្សព្វផ្សាយយុទ្ធនាការ “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”

ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហៅកាត់ថា NOCC បានអំពាវនាវដល់យុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ ចូលរួមអនុវត្ត និងផ្សព្វផ្សាយយុទ្ធនាការជាតិ “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ជាមួយនឹងការបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត”។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ ក្នុងពិធីបើកកម្មវិធីអបអរសាទរខួបលើកទី១៣១ទិវាអូឡាំពិកនៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ នាទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្ដម បានសង្កត់ធ្ងន់ថា ចលនាទាំងនេះជាការជំរុញ ដើម្បីទទួលបាន សុខភាពល្អទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅ អភិវឌ្ឍមូលធនមនុស្ស ប្រកបដោយ គុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន្ន និងភាពធន ក៏ដូចជាបង្កើតមូលដ្ឋានអត្តពលិក យុវជន-ថ្នាលប្រកបដោយគុណវុឌ្ឍ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី និងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម បានបន្ថែមទៀតថា ទិវាអូឡាំពិក ឆ្នំា២០២៥ នេះ រៀបចំឡើងក្រោមមូលបទ “ធ្វើចលនាទាំងអស់គ្នា – Let’s Move” ជាមួយយុទ្ធនាការជាតិ “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត”។ ទន្ទឹមនឹងនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” បានយក ឱកាសនៃវេទិកាប្រារព្វពិធីអបអរសាទរខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នំា២០២៥ នៅទូទាំងពិភពលោកនេះ ដើម្បីគាំទ្រដល់បេសកកម្មរបស់អង្គការ WHO ក្នុងការបំផុសស្មារតី “ហាត់ប្រាណ ឬលេងកីឡាយ៉ាងតិច ១ម៉ោង ក្នុង ១ថ្ងៃ” សម្រាប់កុមារ និងយុវជន និង “៤៥នាទី ក្នុង ១ថ្ងៃ” សម្រាប់មនុស្សពេញវ័យ នៅទូទាំងពិភពលោក ឱ្យមានទម្លាប់ហាត់ប្រាណ និងលេងកីឡាជាប្រចាំ ដើម្បីលើកកម្ពស់សុខុមាលភាព។
គួរបញ្ជាក់ថា Olympic Day គឺជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកនៃ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭក គុណតម្លៃកីឡាអូឡាំពិក ខណៈកម្ពុជា ក៏បានរៀបចំជារៀងរាល់ឆ្នាំដែរ ខណៈឆ្នាំនេះ មានការចូលរួមពី សិស្សានុសិស្ស ចំនួន ៤០០នាក់ មកពី វិទ្យាល័យឫស្សីកែវ ២០០នាក់ និងវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ ២០០នាក់ បូករួមទាំងក្រុម កីឡាករ-កីឡាការិនី ជម្រើសជាតិ ១០០នាក់ ទៀតសរុប ៥០០នាក់៕