ចាន់ វឌ្ឍនាកា ៖ ខ្ញុំនឹងមិនទិញអាវជម្រើសជាតិពាក់ឡើយ
(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បានអះអាងថា ខ្លួននឹងមិនទិញអាវក្រុមជម្រើសជាតិពាក់ឡើយ ខណ:ខ្លួនមិនសូវជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមការចេញផ្សាយរបស់ក្រុមហ៊ុន Cambodian Premier League ដែលគ្រប់គ្រងទៅលើលីកកំពូលកម្ពុជា, កម្ពុជាលីគ២ និងខេមបូឌាន លីគខាប់ កីឡាករជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា បាននិយាយថា៖« ខ្ញុំនឹងមិនទិញអាវជម្រើសជាតិពាក់ឡើយ តែខ្ញុំនឹងប្រើសមត្ថភាពទៅពាក់វាម្ដងទៀតនៅថ្ងៃណាមួយ»។
មែនទែនទៅការលើកឡើងរបស់ ចាន់ វឌ្ឍនាកា បានធ្វើឡើងបន្ទាប់ពីបង្ហាញខ្លួនឲ្យក្រុមបឹងកេតឡើងវិញ ក្រោយជាសះស្បើយពីរបួសដាច់សសៃពួរជង្គង់ ដែលបានបង្ហាញខ្លួនលើកដំបូងបំផុតនៅក្នុងពានរង្វាន់ខេមបូឌាន លីកខាប់ ២០២៣ ក្នុងជំនួបដែលបឹងកេត យកឈ្នះក្រុម Tiffy Army ក្នុងលទ្ធផល ៤ ទល់នឹង ៣។
មួយរយៈពេលចុងក្រោយនេះ វឌ្ឍនាកា ហាក់មិនសូវបានបង្ហាញខ្លួនជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការធ្លាក់ទម្រង់លេង របួសរាំរៃជាញឹកញាប់។
គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិកម្ពុជា ដំបូងបំផុតក្នុងឆ្នាំ ២០១១ ជាមួយក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ ដែលគិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្រុមគោព្រៃជាង ៧០ប្រកួត៕