លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រារព្វពិធីក្រុងពាលី សាងសង់អគាររដ្ឋបាល និងរោងជាងនៅឃ្លាំងគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ “ព្រែកប្រា”

ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាត និងឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីសាងសង់អគាររដ្ឋបាល និងរោងជាង នៅឃ្លាំងគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ “ព្រែកប្រា” ។
ពិធីនេះ មានការចូលរួមពីលោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីចំណុះនាយកដ្ឋានទាំងអស់។
លោកឧត្តមសេនីយ៍ទោ សែម គន្ធា មានប្រសាសន៍ថា ដោយគិតគូរពីសុខទុក្ខ និងភាពលំបាកក្នុងការបំពេញការងារប្រចាំការរាល់ថ្ងៃ លើទីតាំងចាស់ដែលមានសភាពទ្រុឌទ្រោមខ្លាំង អគាររដ្ឋបាល និងរោងជាងថ្មីនេះ នឹងលេចចេញរូបរាងថ្មីនាពេលដ៏ឆាប់ខាងមុខនេះ ស្ថិតនៅលើទីតាំងចាស់ដែលមានស្រាប់ ដោយអគារការិយាល័យថ្មីកម្ពស់ ១ជាន់ផ្ទាល់ដី ទំហំ ៧.៥ម គុណ ១៣.៥ម និងរោងជាងថ្មីមួយទៀត ទំហំ ៧ម គុណ ២០ម សម្រាប់ធានានិរន្តរភាពការងារ និងយាមប្រចាំការនៅឃ្លាំងគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខចំពោះមន្ត្រីគ្រប់ៗរូប ដែលមានវត្តមាននាព្រឹកនេះ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ។
លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋាន ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីទទួលខុសត្រូវក្នុងការបំពេញតួនាទីប្រចាំថ្ងៃ និងនៅទីតាំងឃ្លាំងនេះតែម្តង និងសូមឲ្យយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អប្រសើរ ដើម្បីពង្រឹងលើការរក្សាការពារសន្តិសុខ និងសុខសុវត្ថិភាពសង្គម សំខាន់បង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗជាដើម៕