សម្ដេចតេជោ៖ សហគ្រិនវ័យក្មេងនៅកម្ពុជាកំពុងបង្កើតឱកាសការងារ និងអាជីវកម្មផ្ទាល់របស់ខ្លួនពួកគេកាន់តែច្រើន
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយនៅព្រឹកថ្ងៃទី១៦ មីនា ២០២៣ ឱ្យដឹងថា សហគ្រិនវ័យក្មេងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះបានបង្កើតឱកាសការងារនិងអាជីវកម្មផ្ទាល់របស់ខ្លួនរបស់ពួកគេកាន់តែច្រើន ។
សម្ដេចតេជោមានប្រសាសន៍បន្តថា និស្សិតដែលចេញពីសាកលវិទ្យាល័យនានាក្នុងមួយឆ្នាំៗមិនបានទៅធ្វើការដើម្បីស៊ីប្រាក់ខែទេ តែគេបានទៅបង្កើតអាជីវកម្មបង្កើតជាសហគ្រាស ដើម្បីផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ហើយសហគ្រិនខ្លះគេបានបង្កើតសហគ្រាស ឬអាជីវកម្មតាំងពីមុនគេចូលរៀនម្ល៉េះ ហើយបន្ទាប់មកគេក៏ចូលរៀនបន្ថែមដើម្បីពង្រឹងនូវអាជីវកម្មរបស់ពួកគេបន្ថែមទៀត។
សម្ដេចតេជោបានបន្ថែមថា ការសិក្សារៀនសូត្រវាមិនចេះចប់នោះទេ សហគ្រិន គេមានសហគ្រាស មានអាជីវកម្មហើយ តែគេនៅតែបន្តសិក្សារៀនសូត្រដើម្បីយកបទពិសោធន៍ថ្មីៗ ចំណេះដឹងថ្មីដើម្បីអភិវឌ្ឍន៍អាជីវកម្មឱ្យកាន់តែរីកចម្រើនបន្តបន្ទាប់ទៀត ។
សម្ដេចក៏បានអំពាវនាវឱ្យមន្ត្រីធំៗរាប់ទាំងរដ្ឋមន្ត្រីកុំតាំងខ្លួនឯងជាអ្នកចេះដឹង ត្រូវចេះសួរនាំឬៀនសូត្របន្ត បើក្នុងករណីខ្លះមិនចេះនោះ ។
ឯកឧត្តមវង្សី វិស្សុត រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍កន្លងមកថាសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជាដែលមានន័យថាចំនួនអ្នកបង្កើតអាជីវកម្មបានកើនឡើងជាបន្តបន្ទាប់ ហើយពួកគេក៏ត្រូវការជួយពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បិដឹកនាំអាជីវកម្មរបសពួកគេកាន់តែរឹងមាំនិងរីកចម្រើនដែរ ។
ឯកឧត្តមបន្តថា ការកើនឡើងនៃវិស័យសហគ្រិនភាពនៅកម្ពុជាបានជួយសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ និងជួយផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋកាន់តែច្រើនធ្វើក្នុងស្រុក និងអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ ៕