ក្រសួងការងារគ្រោងរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត ទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺនាថ្ងៃទី១៧ ខែមីនានេះ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនីរោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារនាពេលកន្លងមកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ នឹងរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» នាថ្ងៃ សុក្រ ទី១៧ ខែមីនា នេះ ដោយមានរោងចក្រ សហគ្រាសធំៗចំនួន ៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនីជាង ៥ ពាន់នាក់។
គួរបញ្ជាក់ផងដែរថា ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារបន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់បងប្អូនកម្មករ កម្មការិនីយើងឲ្យឆាប់ទទួលបានការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និងប្រាក់ចំណូលរបស់បងប្អូនកម្មករ កម្មការិនី បន្ថែមពីលើការទទួលបាននូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារក្នុងពេលរីករាលដាលជំងឺកូវីដ។
ព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនេះ នឹងត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ, មន្ទីរការងារខេត្តកំពង់ស្ពឺ និងអជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។
បន្ថែមលើនេះ NEA បាន និងកំពុងរៀបចំបញ្ជូនមជ្ឈមណ្ឌលការងារចល័ត ដើម្បីចុះទៅផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋានដែលបងប្អូនកម្មករ កម្មការិនីកំពុងរស់នៅដើម្បីកៀរគរឲ្យមានការចូលរួមកាន់តែច្រើន និងឆាប់ទទួលបានការងារថ្មីតាមរយៈព្រឹត្តិការណ៍នេះ។
ដូច្នេះ សូមបងប្អូនកម្មករ កម្មការិនី ដែលចង់បានការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ កុំភ្លេចត្រៀមចូលរួមឲ្យបានរួសរាន់ ដើម្បីដាក់ពាក្យស្វែងរកការងារធ្វើជាមួយបណ្តារោងចក្រ សហគ្រាសដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មជាច្រើននាក់។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ សូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ 016 786655។