កម្ពុជាជំរុញការការពារកម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត
សៀមរាប៖ កម្ពុជានៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធបញ្ញា និងតូរ្យតន្រ្តី» ដោយរំលេចនូវតួនាទីដ៏សំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការការពារសិទ្ធិអ្នកនិពន្ធ និងគាំទ្រស្នាដៃច្នៃប្រឌិតក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ អក្សរសាស្ត្រ និងសិល្បៈ។
ទិវានេះត្រូវបានរៀបចំឡើង ក្រោមសហអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា, និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រួមជាមួយអភិបាលខេត្តសៀមរាប តំណាងដៃគូអភិវឌ្ឍន៍ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកសិល្បៈ និងភាគីពាក់ព័ន្ធជាច្រើន។
ថ្លែងក្នុងពិធីបើកទិវានេះ លោក ហែម វណ្ណឌី បានជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញាក្នុងវិស័យតូរ្យតន្រ្តី ដោយលើកឡើងថា៖ “យើងអំពាវនាវឱ្យអ្នកទាំងអស់គ្នាគោរពកម្មសិទ្ធិបញ្ញា ដោយមិនចម្លង ឬផ្សព្វផ្សាយស្នាដៃតូរ្យតន្ត្រីដោយគ្មានការអនុញ្ញាត, គាំទ្រអ្នកនិពន្ធ និងអ្នកសិល្បៈ តាមរយៈការទិញស្នាដៃដោយស្របច្បាប់, និងយល់ដឹងពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការលើកស្ទួយឧស្សាហកម្មនៃសកម្មភាពផ្នែកវប្បធម៌ និងស្ថាបនាសង្គមដែលគោរពស្នាដៃគ្នាទៅវិញទៅមក។”
ជាមួយគ្នានេះ លោក ហែម វណ្ឌី បានសង្កត់ធ្ងន់លើសក្តានុពលនៃឧស្សាហកម្មតូរ្យតន្ត្រី ជាកម្លាំងចលករសម្រាប់អការភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត (creative economy) របស់កម្ពុជា។
ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ផ្តល់សិទ្ធិផ្ដាច់មុខដល់អ្នកនិពន្ធ អ្នកចម្រៀង និងអ្នកផលិត លើការប្រើប្រាស់ ឬចែកចាយស្នាដៃរបស់ខ្លួន។ ច្បាប់នេះហាមឃាត់ការប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិ និងលើកកម្ពស់បរិយាកាសគាំទ្រការវិនិយោគ និងការច្នៃប្រឌិតបង្កើតផលិតផល បទចម្រៀង និងតូរ្យតន្រ្តីថ្មីៗ ជៀសវាងការលួចក្លែងបន្លំផលិតផល ដែលបានចុះបញ្ជីការពារកម្មសិទិ្ធបញ្ញារួចហើយ។
លោក ហែម វណ្ណឌី បានបន្ថែមថា៖ “កម្ពុជាមានមរតកវប្បធម៌មហាសាលដែលបុព្វបុរសខ្មែរបានបន្សល់ទុក។ ខ្ញុំជឿជាក់ថា កូនខ្មែរជំនាន់ក្រោយ តាមរយៈវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រើប្រាស់មរតកវប្បធម៌ទាំងអស់នោះ ទៅជាទ្រព្យកំណប់ ធ្វើឱ្យកិត្តិនាម និងកិត្តិសព្ទនៃតូរ្យតន្ត្រីយើងល្បីរន្ទឺសុះសាយពេញពិភពលោក។”
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ថា កម្មសិទ្ធិបញ្ញាក៏ជាការងារសំខាន់ដែលក្រសួងយកចិត្តទុកដាក់។ តាមរយៈទាមទារការចុះបញ្ជីកម្មសិទ្ធិបញ្ញាលើប្រភេទពូជដំណាំរបស់កម្ពុជា កសិផលកម្ពុជា មិនត្រឹមតែអាចទទួលបានតម្លៃបន្ថែមខ្ពស់ប៉ុនណោះទេ តែថែមទាំងអាចជួយជំរុញការកែច្នៃលេីផលិតផលកសិកម្មបានផងដែរ។
លោករដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមគាំទ្រដល់កសិផលកម្ពុជា ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ កន្លងមករួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់ជាដេីម។
បើតាមលោករដ្ឋមន្ដ្រី កម្មសិទ្ធិបញ្ញាមិនអាចកើតឡើងដោយឯកឯងនោះទេ។ វាទាមទារការវិនិយោគនិងការស្រាវជ្រាវពិតប្រាកដ ដើម្បីឈានទៅទទួលបានការទទួលស្គាល់ និងការការពារពីការលួចបន្លំ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងជំរុញការការពារកម្មសិទ្ធិបញ្ញានៃផលិតផលកម្ពុជា និងចូលរួមអភិវឌ្ឍ កែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។
ចំណែកលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានបង្ហាញពីការប្តេជ្ញាចិត្តនិងការបន្តខិតខំប្រឹងប្រែងផ្តល់កិច្ចការពារ និងលើកកម្ពស់នូវតម្លៃនៃស្នាដៃទាំងអស់ដែលកើតចេញពីភាពប៉ិនប្រសប់ ការច្នៃប្រឌិត និងគំនិតប្រាជ្ញារបស់សិល្បករ សិល្បការិនី អ្នកនិពន្ធ ម្ចាស់ស្នាដៃ ម្ចាស់ផលិតកម្ម និងម្ចាស់អង្គភាពនានា ពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលជាសមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាផងដែរ។
លោកស្រីបន្តថា បន្ថែមពីនេះ កម្មសិទ្ធិបញ្ញាបានដើរតួយ៉ាងសំខាន់ក្នុងការការពារ ថែរក្សា អភិវឌ្ឍ លើកស្ទួយ និងផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ ប្រពៃណី សិល្បៈគ្រប់ទម្រង់ ជាពិសេសស្នាដៃសិល្បៈដែលជាកេរដំណែលរបស់ដូនតា-បុព្វបុរសខ្មែរ និងស្នាដៃថ្មីៗក្នុងសម័យទំនើប ព្រមទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ដែលពិតជាចាំបាច់ក្នុងការជំរុញការលើកទឹកចិត្ត និងការពារ។