Close

កម្ពុជានឹងបន្តដុតដៃដុតជើង បញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មី​​ ៤៩%

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្ពុជានឹងបន្តដុតដៃដុតជើង បញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មី​​ ៤៩% កម្ពុជានឹងបន្តដុតដៃដុតជើង បញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មី​​ ៤៩%

ភ្នំពេញ៖ ក្នុងអំឡុងពេល ៩០ថ្ងៃ ខាងមុខ រាប់ពីថ្ងៃ១០មេសានេះទៅ, រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចបវរធិបតី នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និង បញ្ចុះបញ្ចូល សហរដ្ឋអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី (៤៩%) មកលើកម្ពុជា។ នេះ បើតាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងបែបនេះ បន្ទាប់ពី លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃ១០មេសានេះទៅ ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថ្លែងថា «ជាដំណឹងល្អ ៖ ប្រធានាធិបតី Trump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល ៩០ថ្ងៃ រាប់ពីថ្ងៃ១០ មេសា នេះទៅ ។ មូលហេតុ, បើតាមសំដីលោក Trump, គឺមកពីប៉ុន្មានថ្ងៃចុងក្រោយនេះ, ប្រទេសចំនួនជាង ៧៥ នៅក្នុងលោក បានទាក់ទងអាជ្ញាធរអាមេរិក ដើម្បីសុំចរចា»។

លោកបន្តថា «ដូចបងប្អូនកូនក្មួយដឹងស្រាប់ហើយថា កម្ពុជាយើង ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រទេសមួយ, ក្នុងចំណោមប្រទេសពីរបីផ្សេងទៀត, ដែលបានផ្តួចផ្តើមគំនិតមុនគេឯង ស្នើសុំចរចាជាមួយទីក្រុង Washington»។

លោក សង្កត់ធ្ងន់ថា «សង្គ្រាមពាណិជ្ជកម្មនេះដែលបាននិងកំពុងបន្តប្រព្រឹត្តទៅ មានលក្ខណៈជាសកល។ ប៉ុន្តែ រដ្ឋាភិបាលនីមួយៗ គិតពីប្រយោជន៍របស់ប្រទេសខ្លួន មុនគេ។ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ ហើយយើងធ្វើ ដើម្បីការពារបណ្តារោងចក្រនិងក្រុមហ៊ុននានាក្នុងទឹកដីយើង, ដើម្បីការពារប្រាក់ចំណូលរបស់កម្មករយើង និងដើម្បីការពារជីវភាពនៃប្រជាជនខ្មែរយើង»។

បើតាម តាន់ ហ្សង់ហ្វ្រង់ស័រ ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខ រាប់ពីថ្ងៃ១០មេសានេះទៅ, រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចបវរធិបតី នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និង បញ្ចុះបញ្ចូល សហរដ្ឋអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី(៤៩%)មកលើកម្ពុជា៕

កម្ពុជានឹងបន្តដុតដៃដុតជើង បញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មី៤៩%