ចិនប្តេជ្ញា «តស៊ូរហូតដល់ទីបញ្ចប់» ប្រឆាំងចំពោះការគំរាមតម្លើងពន្ធរបស់លោក Trump
អាមេរិក៖ ប្រទេសចិន ដែលមានសេដ្ឋកិច្ចខ្លាំង និងធំជាងគេនៅក្នុងតំបន់អាស៊ី បានប្រកាសឆ្លើយតបសងសឹងយ៉ាងខ្លាំងក្លាទៅនឹងការ «គំរាមកំហែង» តម្លើងពន្ធបន្ថែម ៥០ % របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ពីទីក្រុងប៉េកាំង និងបន្ទាប់ពីលោក ត្រាំ បានទាមទារឱ្យទីក្រុងប៉េកាំងដកផែនការរបស់ខ្លួនសម្រាប់ការប្រឆាំងពន្ធរបស់អាមេរិកនៅថ្ងៃអង្គារនេះ។
លោក Trump ប្រកាសដាក់ពន្ធ ៣៤% ទៅលើទំនិញចិន កាលពីថ្ងៃទី២ ខែមេសា ដែលធ្វើឲ្យអត្រាពន្ធលើទំនិញចិនមានអត្រាពន្ធខ្ពស់បំផុត ៥៤%។ ប្រទេសចិនបានប្រកាសសងសឹកអាមេរិកដោយដាក់ពន្ធ ៣៤% ដូចគ្នាលើទំនិញអាមេរិក ខណៈប្រទេសមួយចំនួនចំនួនទាំងនៅតំបន់អាស៊ី និងអឺរ៉ុប ប្រកាសសុំចចារជាមួយ លោក Trump។
ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងមិនទទួលយក «ធម្មជាតិនៃសារអាក្រក់របស់សហរដ្ឋអាមេរិក» ហើយបានប្តេជ្ញាថានឹង «តស៊ូរហូតដល់ទីបញ្ចប់» ។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនានាបាននិយាយថា ការប្រឈមមុខនឹងគ្នារវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក នឹងនាំឱ្យបង្កើនលទ្ធភាពនៃសង្គ្រាមពាណិជ្ជកម្មកាន់តែរីកធំទៅៗ ។
តាមរយៈការប្រកាសយកពន្ធថ្មីបន្ថែមរបស់លោក Donald Trump នេះ អាចនឹងធ្វើឱ្យក្រុមហ៊ុនអាមេរិកមួយចំនួននាំទំនិញពីប្រទេសចិនប្រឈមនឹងពន្ធ ១០៤%។ ជាមួយគ្នានេះ ទីផ្សារអាស៊ីភាគច្រើនបានបើកខ្ពស់ជាងកាលពីថ្ងៃអង្គារ បើទោះបីជាតៃវ៉ាន់បានធ្លាក់ចុះ ៤% បន្ថែមទៀតក៏ដោយ។
ទីផ្សារភាគហ៊ុនធំបំផុតរបស់អឺរ៉ុប រួមទាំងទីផ្សារភាគហុនរបស់ ក្រុមហ៊ុន FTSE 100 របស់ទីក្រុងឡុងដ៍ ទាំងអស់បានធ្លាក់ចុះជិត ៤% កាលពីថ្ងៃចន្ទ បន្ទាប់ពីលោក Donald Trump កាលពីថ្ងៃ២ មេសា ប្រកាសដំឡើងពន្ធជាសកលទៅដល់ប្រទេសប្រមាណ៦០ ជុំវិញពិភពលោក ដែលលោកត្រាំ ហៅថា “ទិវារំដោះ” ក្នុងនោះក៏មានកម្ពុជាផងដែរ ត្រូវបានកំណត់ពន្ធនាំចូល៤៩% ។
ទំហំពាណិជ្ជកម្មចិន និងអាមេរិកមានទំហំជាង ៥៨២ ពាន់លានដុល្លារនៅឆ្នាំ២០២៤។ ចិននាំចូលទៅអាមេរិកក្នុងទឹកប្រាក់ជិត ៤៣៩ពាន់លាន ខណៈដែលអាមេរិកនាំទៅចិនក្នុងទឹកប្រាក់ជាង ១៤៣ពាន់លាន៕