Close

រាជរដ្ឋាភិបាលរៀបចំ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»

ដោយ៖ Chhan Sreyka ​​ | 15 ម៉ោងមុន ព័ត៌មានជាតិ
រាជរដ្ឋាភិបាលរៀបចំ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ» រាជរដ្ឋាភិបាលរៀបចំ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»

ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាល ទី ៧ នៃរដ្ឋសភា បាននឹងកំពុងរៀបចំ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ» ហៅកាត់ថា «ផ.យ.អ.ជ» ក្នុងគោលបំណងបន្តពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍ ជាតិ ២០១៩-២០២៣ ដើម្បីអនុវត្តក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

«ផ.យ.អ.ជ.» នេះ មានឋានានុក្រមទី ៣ បន្ទាប់ពី កម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១, បំប្លែងការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ ដែលមានចែងនៅក្នុង យុទ្ធសាស្តបញ្ចកោណដំណាក់កាលទី ១ ឱ្យក្លាយទៅជាសកម្មភាព ដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅ ។

«ផ.យ.អ.ជ» ដាក់ចេញនូវសកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គុទេសក៍ជាយុទ្ធសាស្ត ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន ។

«ផ.យ.អ.ជ » ផ្ដល់នូវក្របខ័ណ្ឌរួមមួយសម្រាប់ការធ្វើអាទិភាវូបនីយកម្ម និងការកៀរគរធនធនក្នុង ប្រទេស និងក្រៅប្រទេស ដើម្បីធ្វើហិរញ្ញប្បទានដល់ការអនុវត្តសកម្មភាព, កម្មវិធី, និងគម្រោងនានា កំណត់នូវយន្តការតាមដានត្រួតពិនិត្យដោយបន្សំការប្រើប្រាស់ធនធានជាមួយនឹងអាទិភាពជាតិ,វឌ្ឍនភាព ធៀបនឹងសូចនាករ និងចំណុចដៅ ដែលជាមូលដ្ឋានសម្រាប់ការកែតម្រូវអាទិភាព និងការបែងចែកធនធាន ដោយផ្អែកលើភស្តុតាង និងសម្រាប់ការលើកកម្ពស់គណនេយ្យភាព, និងគិតគូរដាក់ បញ្ចូលការចូលរួមរបស់កម្ពុជា ក្នុងការអនុវត្តបណ្តារបៀបវារៈអភិវឌ្ឍសកល ។

រាជរដ្ឋាភិបាលរៀបចំ«សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»

ឆ្លើយតនឹងការរៀបចំ«សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ» ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៥បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ»នេះ ។

នៅក្នុងកិច្ចប្រជុំនោះ អង្គប្រជុំ បានពិនិត្យ និងពិភាក្សា លើសេចក្តីព្រាង «ផ.យ.អ.ជ» ដែលសម្របសម្រួលរៀបចំ ឡើងដោយក្រសួងផែនការ និងបានដាក់ឆ្លងកិច្ចប្រជុំពិភាក្សាជាច្រើនលើកជាមួយក្រសួង-ស្ថាប័នពាក់ ព័ន្ធ, ដៃគូអភិឌ្ឍន៍ និង អង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលធាតុចូល ។

ជាមួយគ្នានេះ អង្គប្រជុំបានវាយ តម្លៃខ្ពស់អំពីសារៈសំខាន់នៃយុទ្ធសាស្ត្រនេះ ព្រមទាំងបានពិភាក្សាស៊ីជម្រៅបន្ថែមទៀតទៅលើខ្លឹមសារ តាមផ្នែកនីមួយៗ, ភាពប្រទាក់ក្រឡា និងសង្គតិភាពជាមួយឯកសារគោលរបស់រាជរដ្ឋាភិបាល, ផ្ទៀងផ្ទាត់តួលេខ និងផ្ដល់យោបល់លើសូចនាករសំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់ធ្វើការកែលម្អសេចក្តី ព្រាងយុទ្ធសាស្ត្រនេះ មុននឹងស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាលនាពេលខាងមុខដ៏ខ្លី ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គ ប្រជុំ ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ផែនការ ក្នុងការរៀបចំ “សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ» និងបានចូល រួមកិច្ចប្រជុំពិភាក្សានាពេលនេះ ដោយបានខិតខំពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុក-ដាក់ និងផ្តល់ ធាតុចូលគ្រប់ផ្នែកទាំងអស់នៃឯកសារឱ្យកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ៕

រាជរដ្ឋាភិបាលរៀបចំ«សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»