Close

គ្រូអគ្គិសនី ប្រាប់មូលហេតុដែលនាំឲ្យក្រុមធ្វើមិនបានល្អនៅ Cambodian League Cup ក្នុងរដូវកាលនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ កីឡា
គ្រូអគ្គិសនី ប្រាប់មូលហេតុដែលនាំឲ្យក្រុមធ្វើមិនបានល្អនៅ Cambodian League Cup ក្នុងរដូវកាលនេះ គ្រូអគ្គិសនី ប្រាប់មូលហេតុដែលនាំឲ្យក្រុមធ្វើមិនបានល្អនៅ Cambodian League Cup ក្នុងរដូវកាលនេះ

ភ្នំពេញ​ : ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ក្រោមការដឹកនាំដោយគ្រូបង្វឹក លោក ទុំ សារ៉ាយ ហាក់ធ្វើមិនបានល្អនោះទេនៅពានរង្វាន់ Cambodian League Cup រដូវកាលទី២ ឆ្នាំ២០២៣ ដោយឈ្នះតែម្ដងគត់ ពីការប្រកួតចំនួន៤។

ក្នុងនាមជាម្ចាស់ជើងឯកកម្ពុជាលីគ២ រដូវកាល២០២២ អគ្គិសនីធ្វើមិនបានល្អនោះទេដោយប្រកួតទីមួយភ្លាត់ចាញ់ កងយោធពលខេមរភូមិន្ទ ៤-០។ ប្រកួតទី២ អគ្គិសនី ហាក់ស្ដារមុខមាត់បានបន្តិច ដោយបានយកឈ្នះក្រុមរួមលីគ កោះកុង អេហ្វស៊ី ក្នុងលទ្ធផល ៣-២។

យ៉ាងណាមិញ នៅប្រកួតទី៣ ត្រូវបានក្រុមព្រៃវែង អេហ្វស៊ី លត់យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៧-០។ អគ្គិសនី បានបន្តចាញ់ ក្នុងប្រកួតទី៤ ក្រោមស្នាដៃ នាគខៀវ បឹងកេត ក្នុងលទ្ធផល ២-១ ហើយអ្វីដែលកាន់តែឈឺចាប់ទៀតនោះ គ្រាប់បាល់ជ័យជំនះរបស់បឹងកេត ស៊ុត​បញ្ជូលទីដោយអតីតកីឡាកររបស់ខ្លួន ណុប ដេវីដ។

ជុំវិញការធ្វើមិនសូវបានល្អនេះ គ្រូបង្វឹកអគ្គិសនី លោក ទុំ សារ៉ាយ បានប្រាប់មកកាន់ ENN News ថា​ ៖ « នៅកម្ពុជាលីគខាប់ឆ្នាំនេះយើងធ្វើមិនសូវបានល្អដោយសារកីឡាករល្អៗមួយចំនួនរបស់យើង បានចាកចេញទៅចូលរួមជាមួយក្រុមថ្មី។ ទីពីរគឺកីឡាកររបស់យើងរបួស ដូច្នេះយើងត្រូវដាក់កីឡាករដែលដំឡើងពីឈុតយុវជន ទើបនាំឲ្យយើងធ្វើមិនសូវបានល្អ។ តែយ៉ាងណាក៏ដោយ យើងនឹងព្យាយាមកែតម្រូវចំណុចខ្វះខាត ដើម្បីឈានទៅមុខបន្តទៀត។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា កំពុងឈរនៅលេខ៦ មាន ៣ពិន្ទុ ខណៈក្រុមកោះកុង អេហ្វស៊ី ឈរនៅបាតតារាង មានតែ១ ពិន្ទុគត់៕